គោលនយោបាយរបស់គណបក្សប្រជាជននឹងដាក់អ្នកជំនាញកសិកម្មទៅធ្វើការដោយផ្ទាល់នៅគ្រប់ឃុំទូទាំងប្រទេស

អត្ថបទដោយ៖
CPA

នំពេញ៖អ្នកចូលរួមមហាសន្និបាតវិសាមញ្ញ ឯកឧត្តម យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់ឱ្យដឹងថា នៅក្នុងមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី២៨-២៩ ខែមករា ឆ្នាំ២០២៣សម្ដេចអគ្គមហាសេនា បតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចកកម្ពុជានិងជា ប្រធាន គណបក្សប្រជាជនកម្ពុជា បានសម្រេចនូវគោលនយោបាយរៀបចំ ឱ្យមានអ្នកជំនាញកសិកម្មធ្វើការបម្រើកសិករផ្ទាល់នៅគ្រប់ឃុំទូទាំងប្រទេស ចាប់ពីអាណត្តិទី៧តទៅ។

ឯកឧត្តម យ៉ង សាំងកុមារ បានបន្ថែមថា ក្នុងនាមលោកជាអ្នកជំនាញ កសិកម្ម និងបានចាប់ផ្តើមធ្វើការជាមួយក្រសួងកសិកម្មផ្ទាល់ លោក បានត្រៀមខ្លួនជាស្រេចដើម្បីចូលរួមអនុវត្តគោលនយោបាយនេះឱ្យបានជោគជ័យដើម្បីផលប្រយោជន៍កសិករ កសិកម្ម និងការអភិវឌ្ឍសង្គមជាតិ ទាំងមូល ។

ឯកឧត្តមបានបញ្ជាក់ថា៖« កន្លងមករឿងការងារកសិកម្ម មានត្រឹមតែថ្នាក់ ខេត្ត ថ្នាក់ស្រុកតែប៉ុណ្ណោះ មិនផ្ទាល់នៅតាមឃុំនោះទេ។ ដូចនេះការ សម្រេច ចិត្តរបស់សម្តេចតេជោដែលជាប្រធានគណបក្សប្រជាជនកម្ពុជា សម្រាប់ អាណត្តិថ្មីខាងមុខហ្នឹង នឹងរៀបចំឱ្យមានមន្ត្រីជំនាញកសិកម្មនៅគ្រប់ឃុំ ជាមន្រ្តីដែលរើសថ្មី ជាពិសេសរើសចេញពីនិស្សិតដែលទើបបញ្ចប់ការ សិក្សា ផ្នែកកសិកម្ម ឱ្យចុះទៅធ្វើការងារផ្ទាល់ជាមួយកសិករ ដើម្បីអាចផ្លាស់ប្តូរ ជីវភាព កសិករ»។

លោកបានបន្តថា ការខ្វះខាតអ្នកជំនាញកសិកម្ម នៅតាមថ្នាក់មូលដ្ឋាននេះ គឺជាបញ្ហាប្រឈមមួយក្នុងចំណោមបញ្ហាប្រឈមជាច្រើនសម្រាប់វិស័យកសិកម្ម ដោយសារប្រទេសកម្ពុជា ជាប្រទេសកសិកម្ម ដែលតម្រូវឱ្យមានអ្នក ជំនាញ យ៉ាងហោចណាស់ម្នាក់នៅតាមឃុំនីមួយៗ ដើម្បីជួយដល់កសិករ ដោយ ផ្ទាល់។

ឯកឧត្តមបានបញ្ជាក់បន្ថែមថា៖« យើងនឹងបែងចែកធនធានមនុស្សរបស់ ក្រសួង ទៅតាមទីតាំងដែលសម្បូរផលិតផលកសិកម្មផ្សេងៗគ្នា ដោយ អ្នកជំនាញខាងស្រូវ យើងនឹងដាក់ទៅខាងឃុំដែលសម្បូរស្រូវ ។អ្នក ជំនាញខាងដំឡូងមី ដាក់ទៅឃុំដែលសម្បូរដំឡូងមី ឬអ្នកជំនាញបន្លែទៅ តាមបន្លែ ដើម្បីជួយលើការងារបច្ចេកទេស ការងារសម្របសម្រួលចង ក្រងជាសហគមន៍ និងការងារទីផ្សារជាដើម»។

លោកបានស្នើដល់និស្សិតទាំងគួរចាប់ផ្តើមគិតរៀនជំនាញកសិកម្មឱ្យបានច្រើន ដែលគោលនយោបាយនេះ នឺងធ្វើឱ្យទីផ្សារការងាររបស់ និស្សិត កសិកម្ម កាន់តែសម្បូរបែប ហើយនេះក៏ជាការរួមចំណែកមួយផ្នែក របស់និស្សិត ក្នុងការអភិវឌ្ឍប្រទេសជាតិ។

លោក សុង សារ៉ន អគ្គនាយក និងស្ថាបនិក ក្រុមហ៊ុន អេមរុ រ៉ាយ បាន ប្រាប់ថា វិស័យឯកជន គាំទ្រយ៉ាងខ្លាំងចំពោះគោលនយោបាយដ៏ ត្រឹមត្រូវនេះ ព្រោះជាគោលនយោបាយមួយដ៏ល្អប្រើសម្រាប់វិស័យ កសិកម្មសព្វថ្ងៃនេះ ដែលតម្រូវឱ្យអ្នកមានជំនាញកសិកម្មគាំទ្រដល់ សហគមន៍ កសិករ ដើម្បីឱ្យក្លាយទៅជាកសិកម្មមួយទំនើប ដែល មានសមត្ថភាព ក្នុងការផលិត និងរកទីផ្សារ។

លោកបានឱ្យដឹងទៀតថា សម្រាប់ក្រុមហ៊ុនលោកផ្ទាល់ គឺបានធ្វើហើយ ដោយលោកបានបញ្ជូនអ្នកជំនាញរបស់ក្រុមហ៊ុនលោកប្រមាណជាង៤០០នាក់ ដើម្បីចុះទៅធ្វើការជាមួយសហគមន៍កសិកម្ម និងកសិករដោយផ្ទាល់ ដែលបានទទួលជោគជ័យគួរឱ្យកត់សម្គាល់។ដូច្នេះ នៅពេលរាជរដ្ឋាភិបាល សម្រេចដាក់ចេញនូវគោលនយោបាយនេះទៀត កាន់ជំរុញឱ្យវិស័យឯកជន មានភាពងាយស្រួល និងកាត់បន្ថយចំណាយលើផ្នែកធនធានមនុស្ស មួយ កម្រិតដែរ។

លោកបានបញ្ជាក់ថា៖« ជាការពិតណាស់ កង្វះខាតអ្នកជំនាញកសិកម្ម គឺជាបញ្ហាដែលប្រឈមក្នុងពេលកន្លងមក ក៏ដូចជាងក្នុងពេលបច្ចុប្បន្ននេះ ។ប៉ុន្តែនៅពេលរាជរដ្ឋាភិបាល ចាប់ផ្តើមដោះស្រាយពេលនេះ គឺចំពេលល្អ និងចំណុច ដែលយើងត្រូវដោះ។ដូចនេះយើងសាទរចំពោះការដាក់ ចេញ នូវគោលនយោបាយនេះ»។

បើតាម ឯកឧត្តម យ៉ង សាំងកុមារ បច្ចុប្បន្នក្រសួងកសិកម្ម បានចាប់ផ្តើម អនុវត្តគោលនយោបាយនេះជាបណ្តើរហើយ ដោយចាប់ផ្តើមដំបូង ចំនួន ១០ឃុំ នៅក្នុងខេត្តកំពង់ចាម ខណៈដែលគោលនយោបាយនេះ នឹង ត្រូវអនុវត្តជាជំហានៗ នៅគ្រប់ឃុំទាំងអស់ទូទាំងប្រទេសកម្ពុជា នៅក្នុង រាជរដ្ឋាភិបាលអាណត្តិក្រោយ៕
ដោយ៖វណ្ណ សុជាតា

ads banner