ភ្នាក់ងារជំរុញពាណិជ្ជកូរ៉េ៖ នឹងជំរុញវិនិយោគិនកូរ៉េឱ្យ មករកស៊ីលើវិស័យ រថយន្ត នៅកម្ពុជា

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ភ្នាក់ងារជំរុញពាណិជ្ជកូរ៉េអះអាងថា នឹងជំរុញវិនិយោគិន កូរ៉េមក រកស៊ីលើវិស័យរថយន្តនៅកម្ពុជា។ លោក YU Jeoung Yeol ប្រធាន ទីភ្នាក់ងារជំរុញពាណិជ្ជកូរ៉េ ហៅកាត់ថា KOTRA បានឱ្យដឹងថា លោក កំពុង កៀរគរអ្នកវិនិយោគបន្ថែមទៀត ជាពិសេស លើវិស័យគ្រឿងបន្លាស់ យានយន្ត ឬរថយន្ត ដើម្បីជំរុញពាណិជ្ជកម្មនិងសេដ្ឋកិច្ច និងបង្កើនការ ប្រើប្រាស់កិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរឱ្យបានជាអតិបរមា។

នៅក្នុងជំនួបជាមួយរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជានៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូងកាលពីពេលថ្មីៗនេះ លោក YU Jeoung Yeol ប្រធានKOTRA KOTRA មានជំនឿយ៉ាងមុតមាំតាមរយៈកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីរវាងកម្ពុជានិងកូរ៉េ ព្រមទាំងជំរុញការធ្វើពាណិជ្ជកម្ម រវាង ប្រទេសទាំងពីរបន្ថែមទៀត។

លោកបានបញ្ជាក់ថាទៀតថា៖« បច្ចុប្បន្នក្រុមហ៊ុនកូរ៉េជាង ២០០ ក្រុមហ៊ុន កំពុងវិនិយោគនៅកម្ពុជា ហើយភ្នាក់ងារជំរុញពាណិជ្ជកូរ៉េកំពុងកៀរគរអ្នក វិនិយោគបន្ថែមទៀតជាពិសេស លើវិស័យខាងលើ និងវិស័យ គ្រឿងបន្លាស់ យានយន្ត ឬរថយន្ត និងវត្ថុធ្វើពីឈើ»។

នៅក្នុងវេទិកាធុរកិច្ចនិងវិនិយោគកម្ពុជា-កូរ៉េ នៅក្នុងទីក្រុងសេអ៊ូលនោះដែរ ឯកឧត្តម សុខ ចិន្តាសោភា អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បានលើកទឹកចិត្ត ជាពិសេសដល់វិនិយោគិនកូរ៉េក្នុងវិស័យយានយន្ត និងអេឡិចត្រូនិក ពិចារណាធ្វើការវិនិយោគនៅកម្ពុជា ជាផ្នែកមួយនៃ ខ្សែ ច្រវាក់ផ្គត់ផ្គង់តំបន់ ដោយសារវិនិយោគិនកូរ៉េមានឧត្តមភាពក្នុងវិស័យនេះ។

ឯកឧត្តមបានបញ្ជាក់ថា៖« ការវិនិយោគរបស់កូរ៉េនៅកម្ពុជា នាពេលកន្លង មក ដែលមិនត្រឹមតែបាននាំមកនូវទុនវិនិយោគ និងបច្ចេកវិទ្យាទំនើប ប៉ុណ្ណោះ ទេ ថែមទាំងបាននាំមកនូវស្មារតីមោះមុតជម្នះគ្រប់ឧបសគ្គ ផង ដែរ»។បច្ចុប្បន្នកម្ពុជា មានបរិយាកាសអំណោយផល ដែលអាចបង្កលក្ខណៈ ងាយស្រួលដល់វិនិយោគិនកូរ៉េ ឱ្យធ្វើការបណ្តាក់ទុននៅកម្ពុជា ដោយចាប់ យក នូវឧត្តមភាព ដែលកម្ពុជាទទួលបានពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរី នានា ។ជាពិសេស កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ដែលបានចូល ជាធរមានកាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ និងការលើកទឹកចិត្តវិនិយោគ ក្រោម ក្របខ័ណ្ឌនៃច្បាប់ ស្តីពីវិនិយោគថ្មី ដែលបានចូលជាធរមាន នៅថ្ងៃ ទី១៥ ខែតុលា ឆ្នាំ២០២១។

លោក តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានប្រាប់ ឱ្យ ដឹង ដែរថា កូរ៉េជាប្រទេសដែលមានភាពជឿនលឿនលើបច្ចេកវិទ្យាយានយន្ត និងអេឡិចត្រូនិក តាំងពីដំបូងគេ ដែលមានទាំងផ្នែករថយន្ត ទូរសព្ទដៃ និងគ្រឿងអេឡិចត្រូនិចមួយចំនួនទៀត។

លោកបានបន្ថែមថា ការទាក់ទាញវិនិយោគិនកូរ៉េ ឱ្យមកវិនិយោគលើផ្នែក គ្រឿងបន្លាស់យានយន្ត ឬរថយន្តនេះ គឺចំពេលដែលរាជរដ្ឋាភិបាល កំពុង រៀបចំឱ្យមានផែនទីបង្ហាញផ្លូវ ការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិក ស្រាប់ ដែលរំពឹងថា នឹងធ្វើការអភិវឌ្ឍសមត្ថភាពមួយកម្រិតទៀតលើ វិស័យនេះ។

លោកបានបញ្ជាក់ដូច្នេះថា៖« កូរ៉េ ជាប្រទេសខ្លាំងដែរ លើវិស័យយាន យន្ត និងអេឡិចត្រូនិកនេះ ដោយយើងឃើញហើយថា កម្ពុជាបាននាំចូលរថយន្ត និងទូរសព្ទដៃទំនើបច្រើនពីកូរ៉េមក។

កាលពីមុនកូរ៉េដើរលឿនណាស់លើផ្នែកបច្ចេកវិទ្យានេះ តែក្រោយមក ចិនតាមទាន់ និងដើរមុនបន្តិចវិញ ។តែយ៉ាងណាកូរ៉េនៅតែខ្លាំងលើ បច្ចេកវិទ្យាទាំងនេះ»។

រាជរដ្ឋាភិបាលកម្ពុជា ទើបតែបានអនុម័តផែនទីបង្ហាញផ្លូវការអភិវឌ្ឍ វិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ ២០២២ កន្លងទៅ ដោយតាមរយៈផែនទីបង្ហាញផ្លូវនេះ រាជរដ្ឋាភិបាល បានដាក់ គោលដៅបង្កើនទំហំនាំចេញក្នុងវិស័យយានយន្តឱ្យបានប្រមាណ ៥០០ លានដុល្លារអាមេរិក នៅឆ្នាំ២០២៧ និងបង្កើតការងារថ្មីក្នុងវិស័យ នេះឱ្យបាន មួយម៉ឺនកន្លែងបន្ថែមទៀត។បច្ចុប្បន្នជប៉ុន គឺជាប្រភពទុន វិនិយោគ សំខាន់ ក្នុងវិស័យយានយន្តនៅកម្ពុជា ដោយមានក្រុមហ៊ុន ដំឡើង រថយន្តមួយចំនួន ប្រាំពីរកំពុងធ្វើប្រតិបត្តិការនៅកម្ពុជា ខណៈដែល ទីផ្សារនាំ ចេញសំខាន់ៗ រួមមានប្រទេសថៃ និងប្រទេសជប៉ុន។

តាមរយៈផែនទីបង្ហាញផ្លូវនេះបានឱ្យដឹងផងដែរថា សម្រាប់វិស័យយានយន្ត ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ កម្ពុជានឹងផ្តោតសំខាន់លើកាលានុវត្តភាព ដែលមានស្រាប់ ដើម្បីពង្រីកការផលិតគ្រឿងបង្គុំយានយន្តសាមញ្ញ បែប អតិពលកម្ម សម្រាប់នាំចេញ ឧទាហរណ៍ដូចជា ខ្សែបង្គុំអគ្គិសនី កៅអី និងគ្រឿងបង្គុំអេឡិចត្រូនិក និងអគ្គិសនីសាមញ្ញ ព្រមជាមួយការបង្កើនការ តភ្ជាប់បែបប្រតិគមន៍ សម្រាប់ការដំឡើងទោចក្រយានយន្ត។ ៕
ដោយ៖វណ្ណ សុជាតា

ads banner