ការមិនបំបៅកូនដោយទឹកដោះម្តាយ នាំឱ្យកម្ពុជាខាតបង់ប្រាក់ ប្រមាណជា ង ១៣៧លានដុល្លាររៀងរាល់ឆ្នាំ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ប្រទេសកម្ពុជា មានការខាតបង់ទឹកប្រាក់ប្រមាណ១៣៧.៧លាន ដុល្លារអាមេរិកជារៀងរាល់ឆ្នាំ ដោយសារតែការមិនបំបៅកូនដោយទឹក ដោះ ម្តាយ ពេញលេញ។ ការខាតបង់នេះ គឺរាប់បញ្ចូលទាំងបន្ទុកចំណាយបន្ថែម ទៅ លើប្រព័ន្ធសុខាភិបាល អត្រាមរណៈ និងការខាតបង់ពីការខូចខាតផ្នែក សតិបញ្ញារបស់កុមារផងដែរ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន រួមរបស់ក្រសួងសុខាភិបាល អង្គការហេឡែន ខេលល័រ និងអង្គការពាក់ព័ន្ធ មួយចំនួនទៀត។

សេចក្តីប្រកាសព័ត៌មានរួមដែលទទួលបានកាលពីថ្ងៃទី២៩ ខែមករា ទាក់ ទងនឹងសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការលើកកម្ពស់ ការចិញ្ចឹម ទារកនិងកុមារ និងការលំហែមាតុភាពសម្រាប់ស្រ្តីធ្វើការនៅប្រទេស កម្ពុជាបានឱ្យដឹងថា នៅទូទាំងពិភពលោក ការកើនឡើងអត្រាបំបៅកូន ដោយទឹកដោះម្តាយឱ្យបានពេញលេញនឹងអាចជួយការពារមិនឱ្យមានការស្លាប់របស់កុមារអាយុក្រោម៥ឆ្នាំបានចំនួន៨២៣.០០០នាក់ជារៀងរាល់ឆ្នាំ និងរារាំងមិនឱ្យមានការស្លាប់របស់ម្តាយបានចំនួន២០.០០០នាក់ដោយសារជំងឺមហារីកដោះ។

ការស្លាប់ដែលអាចបង្ការបានទាំងនេះរួមជាមួយនឹងការខាតបង់ផ្នែកសតិបញ្ញារបស់កុមារ និងបន្ទុកចំណាយទៅលើប្រព័ន្ធសុខាភិបាលរួមគ្នាគឺនាំ ឱ្យមានការខាតបង់សេដ្ឋកិច្ចប្រមាណ៣៤០ពាន់លានដុល្លារក្នុងមួយឆ្នាំៗ។

សេចក្តីប្រកាសព័ត៌មានរួមនេះបានបញ្ជាក់ថា ៖ «ផ្អែកតាមទិន្នន័យនេះយើង ត្រូវរួមគ្នាដើម្បីបង្កើនថវិកានិងការអនុវត្តគោលនយោបាយ កម្មវិធី និង អន្តរាគមន៍ចាំបាច់នានាដើម្បីសម្រេចគោលដៅនៃការបង្កើនអត្រាការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់ក្នុងរយៈពេលប្រាំមួយខែដំបូងនៃអាយុរបស់ទារកនិងកុមារ ឱ្យបាន»។

នៅក្នុងប្រទេសកម្ពុជា ជីវិតរបស់កុមារជិត ២ ០០០ នាក់ អាចត្រូវបាន សង្គ្រោះជារៀងរាល់ឆ្នាំតាមរយៈការបង្កើនការអនុវត្តការចិញ្ចឹមទារក និងកុមារឱ្យបានល្អប្រសើរ។ ការបំបៅកូនដោយទឹកដោះម្តាយមិនបានពេញលេញ បណ្តាលឱ្យកុមារ ប្រមាណកន្លះលាននាក់មានជំងឺរាគរូស និងរលាកសួត។ លើសពីនេះទៀត កុមារប្រមាណ៥០០០នាក់ មានបញ្ហាធាត់ជ្រុលជារៀងរាល់ឆ្នាំ។

សេចក្តីប្រកាសព័ត៌មានរួម បានលើកឡើងថា ៖ «ប្រទេសកម្ពុជា មាន ការខាតបង់ទឹកប្រាក់ប្រមាណ១៣៧.៧លានដុល្លារជារៀងរាល់ឆ្នាំ ដោយ សារតែការមិនបំបៅកូនដោយទឹកដោះម្តាយពេញលេញដែលការខាតបង់នេះគឺរាប់បញ្ចូលទាំងបន្ទុកចំណាយបន្ថែមទៅលើប្រព័ន្ធសុខាភិបាល អាត្រាមរណៈ និងការខាតបង់ពីការខូចខាតផ្នែកសតិបញ្ញា របស់កុមារផង ដែរ»។

ទាក់ទងននឹងចំណុចនេះដែរ រាជរដ្ឋាភិបាលកម្ពុជា ធ្លាប់បានប្តេជ្ញាចិត្ត សម្រេចឱ្យបានការបង្កើនអត្រាការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់ឱ្យបានដល់៨៥ភាគរយត្រឹមឆ្នាំ២០៣០។ ប្រទេសកម្ពុជាធ្លាប់ទទួលបានជោគជ័យយ៉ាងធំធេងក្នុងការបង្កើនអត្រាការបំបៅកូនដោយទឹកដោះម្តាយ។

យោងតាមការអង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជា (CDHS) អត្រានៃការ បំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់សម្រាប់កុមារអាយុពី ០ដល់ ៥ខែ បានធ្លាក់ចុះយ៉ាងខ្លាំងពីអត្រា ៧៤ភាគរយ ក្នុងឆ្នាំ ២០១០ ដល់ ៦៥ ភាគរយ ក្នុងឆ្នាំ ២០១៤ និងមក ៥១ភាគរយ ក្នុងឆ្នាំ ២០២១-២០២២ ។ ការធ្លាក់ចុះនៃការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់ និងការបន្ត បំបៅ កូនដោយទឹកដោះម្តាយ គឺមានការរួមចំណែកមួយផ្នែកពីការកើនទ្បើង នៃការប្រើប្រាស់ផលិតផលជំនួសទឹកដោះម្តាយនិងការបោះបង់ការបំបៅកូនដោយទឹកដោះម្តាយនៅពេលស្រ្តីជាម្តាយបានត្រលប់ចូលធ្វើការវិញបន្ទាប់ពីការលំហែមាតុភាព។

រដ្ឋមន្ត្រីក្រសួងកិច្ចការនារី លោកជំទាវ អ៊ឹង កន្ថាផាវី ធ្លាប់បានធ្វើការ អំពាវនាវ ដល់ក្រសួងស្ថាប័នពាក់ព័ន្ធរួមទាំងវិស័យឯកជន និងអង្គការសង្គមស៊ីវិល គួរបង្កើតបន្ទប់មួយសម្រាប់មន្ត្រី និងបុគ្គលិកអង្គុយបំបៅទារក ខណៈការ បង្កើតបន្ទប់បំបៅដោះកូននេះ បាននិងកំពុងអនុវត្តនៅ ២៨ កន្លែង។
លោកជំទាវលើកឡើងដូចនេះ កាលពីចុងឆ្នាំ២០២២ ក្នុងពេលសម្ពោធដាក់ ឱ្យប្រើប្រាស់ជាផ្លូវការ «បន្ទប់បំបៅដោះកូន» នៅទីស្តីការក្រសួងកិច្ចការនារី។

លោកជំទាវថា ៖ «ការបំបៅដោះកូនដោយទឹកដោះម្តាយពិតជាបាន រួម ចំណែកកាត់បន្ថយអត្រាមរណៈភាពរបស់មាតា ទារក និងកុមារ និងជួយ ឱ្យកុមារមានសុខភាពល្អ មានប្រាជ្ញាឆ្លាតវាងវៃ និងដើម្បីធ្វើឱ្យមានភាព ប្រសើរ ឡើង នូវស្ថានភាពអាហារូបត្ថម្ភស្រ្តី និងកុមារ ស្របតាមការប្តេជ្ញា ចិត្តរបស់កម្ពុជាក្នុងការបង្កើនអត្រាការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់សម្រាប់ទារកអាយុពីសូន្យ ដល់៦ខែ ឱ្យបានដល់៨៥ភាគរយ នៅឆ្នាំ ២០៣០»។

សូមបញ្ជាក់ផងដែរថា សិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការលើក កម្ពស់ ការចិញ្ចឹមទារកនិងកុមារ និងការលំហែមាតុភាពសម្រាប់ស្រ្តីធ្វើការ នៅ ប្រទេសកម្ពុជា នឹងការបំបៅកូនដោយទឹកដោះម្តាយនិងការលំហែមាតុភាព នឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី៣១ ខែមករានេះ ដែលមានការចូលរួមពី ក្រសួងសុខាភិបាល និងអង្គការពាក់ព័ន្ធសំខាន់ៗមួយចំនួនផងដែរ។
សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណងចែករំលែកលទ្ធផលសំខាន់ៗ ពីការសិក្សាស្រាវជ្រាវការលើកកម្ពស់មាតុភាព និងការស្រាវជ្រាវ ផ្សេងៗ មួយចំនួនទៀត, ពិភាក្សាអំពីឧបសគ្គរបស់ម្តាយធ្វើការក្នុងការអនុវត្ត ការ បំបៅកូនដោយទឹកដោះម្តាយបានល្អប្រសើរ រួមនឹងពិភាក្សា និង ឯកភាព លើជំហានបន្ទាប់និងដំណោះស្រាយផ្សេងៗដើម្បីគាំទ្រម្តាយដែលធ្វើការអាចបំបៅកូនដោយទឹកដោះម្តាយ ព្រមទាំងពិភាក្សាថាតើយើងអាចមានលទ្ធភាព បង្កើនរយៈពេលលំហែមាតុភាពដែរឬទេ?៕
ដោយ៖នាង សុគន្ធា

ads banner