ការឈូសឆាយផ្លូវថ្មីតភ្ជាប់ពីផ្លូវជាតិលេខ៤ ឆ្ពោះទៅរមណីយដ្ឋាន ភ្នំបូកគោសម្រេចជាង៤០គីឡូម៉ែត្រ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖គិតមកដល់ពេលនេះ គម្រោងស្ថាបនាផ្លូវថ្មី តភ្ជាប់ពីផ្លូវជាតិលេខ៤ ឆ្ពោះទៅកាន់រមណីយដ្ឋានភ្នំបូកគោ សម្រេចឈូសឆាយសម្រេច បាន ប្រមាណជាង ៤០គីឡូម៉ែត្រហើយ នៃប្រវែងសរុប ៦១គីឡូម៉ែត្រ។នេះបើតាមការឱ្យដឹងពីក្រសួងសារធារណការ និងដឹកជញ្ជូន នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣។

ប្រភពក្រសួងសារធារណការបានឱ្យដឹងថា កាលពីថ្ងៃទី២៩ ខែមករា អ្នកឧកញ៉ា សុខ គង់ ប្រធានក្រុមហ៊ុនសុខាអចលនទ្រព្យ Sokha Real Estate បានអញ្ជើញចុះត្រួតពិនិត្យ ការស្ថាបនាផ្លូវមួយខ្សែតភ្ជាប់ឧទ្យាន ជាតិ ព្រះមុនីវង្សបូកគោ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ៤ ដែលមានប្រវែង សរុប៦១គីឡូម៉ែត្រ រហូតមកដល់ពេលនេះឈូសឆាយសម្រេច បាន ប្រមាណជាង ៤០គីឡូម៉ែត្រហើយ។

ក្រសួងបន្តថា៖«គិតទៅនៅសល់ត្រឹមតែ១៦ គីឡូម៉ែត្រទៀតប៉ុណ្ណោះ ផ្លូវនេះនឹងបញ្ចប់ការឈូសឆាយ ហើយក្នុងពេលឆាប់ៗខាងមុខនេះ យើងនឹងមានផ្លូវថ្មីមួយខ្សែទៀត មកកាន់ភ្នំបូកគោ ដែលកាន់តែផ្តល់ភាព ងាយស្រួលដល់ប្រជាពលរដ្ឋទាំងអស់ធ្វើដំណើរមកកាន់ទីនេះ»។
អ្នកឧកញ៉ា សុខ គង់ ធ្លាប់បានឱ្យដឹងថា៖« ផ្លូវថ្មីមួយខ្សែនេះ តភ្ជាប់ពីផ្លូវជាតិ លេខ៤ ត្រង់គីឡូម៉ែត្រលេខ១៥៨+២០០ ឆ្ពោះទៅភ្នំបូកគោ ឆ្លងកាត់តាម ដីសម្បទានសេដ្ឋកិច្ចចម្ការដូងប្រេងរបស់អ្នកឧកញ៉ា ម៉ុង ឬទ្ធី យ៉ាងយូរ ប្រហែល ជាខែបួនទៀត យើងអាចភ្ជាប់គ្នាបានហើយ ចំពោះផ្លូវមួយ ខ្សែនោះ។ វាមិនទាន់ជាផ្លូវកៅស៊ូល្អអ្វីនោះទេ គ្រាន់តែអាចធ្វើដំណើរបាន»។
ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយ កម្ម និងសំណង់ ធ្លាប់បានបញ្ជាក់ថា ការអនុវត្តគម្រោងសាងសង់ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្មីសន្លាងមួយនេះ គឺអនុវត្តតាមប្រសាសន៍របស់ប្រមុខ រដ្ឋាភិបាលកម្ពុជា សម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ ២០២១។
គួរបញ្ជាក់ដែរថា គម្រោងស្ថាបនាផ្លូវថ្មី ដែលតភ្ជាប់ឧទ្យានជាតិព្រះមុនីវង្ស បូកគោ មកផ្លូវជាតិលេខ៤ នេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា សម្រេចនិង យល់ព្រម កាលពីដើមឆ្នាំ២០២២ ដោយឱ្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សហការជាមួយអ្នកជំនួញជើងចាស់ពីររូបគឺ អ្នកឧកញ៉ាបណ្ឌិត សុខ គង់ និងអ្នកឧកញ៉ាបណ្ឌិត ម៉ុង ឬទ្ធី បើកការឈូស ឆាយធ្វើផ្លូវថ្មីនេះឡើង ដើម្បីមានភាពងាយស្រួលសម្រាប់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរ ចំណេញពេលវេលា ជួយលើកកម្ពស់សេដ្ឋកិច្ច គាំទ្រ ដល់ការវិនិយោគ និងទាក់ទាញផ្នែកទេសចរណ៍។
ការស្ថាបនាផ្លូវមួយខ្សែតភ្ជាប់ឧទ្យានជាតិព្រះមុនីវង្សបូកគោ ឆ្ពោះទៅកាន់ផ្លូវ ជាតិលេខ៤ ដែលភាគច្រើនស្ថិតក្នុងភូមិសាស្ត្រខេត្តព្រះសីហនុនេះ គឺមួយ ផ្នែកធំត្រូវឆ្លងកាត់ចំការដូងប្រេងរបស់អ្នកឧកញ៉ា ម៉ុង ឬទ្ធី ប៉ុន្តែអ្នកឧកញ៉ា សុខ គង់ ជាអ្នកទទួលរាប់រងរាល់ការចំណាយស្ថាបនាផ្លូវ ហើយអ្នកឧកញ៉ា ម៉ុង ឬទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុងឬទ្ធីគ្រុប ទទួលខុសត្រូវលើការឈូស ឆាយដើមដូងប្រេង ដើម្បីបើកផ្លូវ ខណៈដែលឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា និងឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ជាអ្នកជួយសម្រប សម្រួល។

បើតាមភ្នាក់ងារអចលនទ្រព្យនៅខេត្តព្រះសីហនុ និងកំពត បានបង្ហាញ ក្តីរំពឹងទុកដែរថា តាមរយៈគម្រោងសាងសង់ផ្លូវថ្មីខាងលើនេះ នឹងជំរុញ សក្ដានុពលអភិវឌ្ឍន៍ខេត្តទាំងពីរនេះកាន់តែខ្លាំងបន្ថែមទៀត ខណៈតម្រូវ ការដីធ្លី គម្រោងសាងសង់ថ្មីៗដូចជា រីសត សណ្ឋាគារ រមណីយដ្ឋាន ផ្ទះសំណាក់ លំនៅឋានលម្ហែ កំណើនទេសចរ នៅតំបន់នោះ នឹងកាន់តែ រីកដុះដាល់ជាងមុនផងដែរ៕
ដោយ៖ សែម ពិសី

ads banner