ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកអំណោយឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ត្រូវបានឧបត្ថម្ភជូនប្រជាជនក្រីក្រ ២៥គ្រួសារ នៅឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ

ខេត្តកំពង់ធំ ៖ នៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បាននាំយកអំណោយស្បៀងអាហារ គ្រឿងឧបភោគបរិភោគ របស់ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ពេជ ចន្ទមុន្នី ទៅឧបត្ថម្ភជូនប្រជាពលរដ្ឋក្រីក្រ ដែលមានជីវភាពលំបាកខ្វះខាតចំនួន ២៥គ្រួសារ ដែលបានអញ្ជើញមកពីភូមិបេង និងភូមិចន្លុះ ស្ថិតនៅក្នុងឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ដែលលោកទាំងទ្វេតែងតែព្រួយបារម្ភពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាជនយើងនៅគ្រប់ទីកន្លែងនិងគ្រប់ពេលវេលា ពិសេសបងប្អូនប្រជាពលរដ្ឋយើងដែលមានជីវភាពលំបាកខ្វះខាតដោយសាររងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ផង និងរងផលប៉ះពាល់ដោយសារជំងឺរាតត្បាតកូវីដ-១៩កន្លងមកផងដែរ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បញ្ជាក់ថា អំណោយដែលបានឧបត្ថម្ភជូននៅពេលនេះគឺជាអំណោយរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែតនិងលោកជំទាវ ពេជ ចន្ទមុន្នី ដែលបានឧបត្ថម្ភតាមរយៈបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដោយក្នុងមួយគ្រួសារទទួលបានអង្ករ មីជាតិ ត្រីខកំប៉ុង និងទឹកស៊ីអ៊ីវផងដែរ ៕ ដោយ ប៊ុន រដ្ឋា

ads banner