កម្មវិធីដកពិន្ទុបណ្ណបើកបររកឃើញល្មើសច្បាប់ជាង ៨ពាន់ករណី និងដកពិន្ទុជាង ១០ម៉ឺនពិន្ទុ ក្នុងរយៈពេល ៤ខែមកនេះ

អត្ថបទដោយ៖
ជឹម ភារ៉ា

ភ្នំពេញ៖ ដំណើរការសាកល្បងពិន័យ និងដកពិន្ទុបណ្ណបើកបរ ក្នុងរយៈពេល៤ខែ នៃឆ្នាំ២០២២ កន្លងមកនេះ បានរកឃើញមានល្មើសច្បាប់ចរាចរណ៍ចំនួនជាង ៨ពាន់៧រយករណី និងបានដកពិន្ទុ សរុបជាង ១០ម៉ឺនពិន្ទុ។

តាមការបញ្ជាក់ពី លោកស្រី មឹន មាណាវី រដ្ឋលេខា ធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ គណៈកម្មាធិការ ជាតិ សុវត្ថិភាព ចរាចរណ៍ផ្លូវគោក បានថ្លែងក្នុងពិធីបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០២២ និងលើកទិស ដៅ ការងារឆ្នាំ២០២៣ នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣នេះថា៖ ក្នុងរយៈពេលនៃដំណើរការសាកល្បងធ្វើការពិន័យ និង ដកពិន្ទុបណ្ណបើកបរដោយឧបករណ៍បច្ចេកទេសរយៈពេលបួនខែកន្លងមក គិតចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ សមត្ថកិច្ចបានរកឃើញមានអ្នកល្មើសច្បាប់ចរាចរណ៍ចំនួន ៨.៥១៣នាក់ ក្នុងនោះមានអ្នកបើកបររថយន្តធុនស្រាលមានចំនួន ៧.៤៧៧គ្រឿង រកឃើញល្មើស ៧.៥៧៩ករណី និងដកពិន្ទុសរុប ១០.១៦២ពិន្ទុ។ មានអ្នកបើកបររថយន្តធុនធ្ងន់ចំនួន ១.០៣៦គ្រឿង រកឃើញល្មើស ១.១៤៦ករណី និងដកពិន្ទុ ៦៦៥ពិន្ទុ។

លោកស្រី រដ្ឋលេខាធិការ រូបនេះ បានថ្លែងបន្ថែមថា ចំពោះការត្រួតពិនិត្យអ្នកជិះម៉ូតូល្មើសមានសរុប ១១៥.៨០១គ្រឿង ក្នុងនោះ មានមិនពាក់មួកសុវត្ថិភាព បានធ្វើការឃាត់បង្ខំឲ្យរកមួកមកពាក់ និង ពិន័យចំនួន ៩៤ភាគរយ នៃករណីល្មើសសរុបរបស់អ្នកជិះម៉ូតូទាំង ១១៥.៨០១ករណី។

គួរជម្រាបថា កម្មវិធីដកពិន្ទុបណ្ណបើកបរ និងការបង់ប្រាក់ពិន័យអន្តរការណ៍ទូទាំងប្រទេស ចំពោះអំពើល្មើស ច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក បានចាប់ផ្តើមអនុវត្តសាកល្បងចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ ដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងដំណើរការអនុវត្តពេញលេញកាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣។ ចំពោះ ការដាកឱ្យដំណើរការកម្មវិធីនេះ ធ្វើឡើងក្នុងគោលបំណងបង្កើនប្រសិទ្ធភាពនៃការរឹតបន្តឹងការ អនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បានជាអតិបរមា ក៏ ដូចជាការបង្កលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋក្នុងការបង់ប្រាក់ ពិន័យអំពើល្មើស ច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក និងធានាតម្លាភាពក្នុងការពិន័យអន្តរការណ៍ចំពោះអំពើល្មើស ច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកផងដែរ៕ដោយ ៖ ប៊ុនធី និងភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner