អាជ្ញាធរខេត្តបាត់ដំបងបើកយុទ្ធនាការបំផុសគំនិតអប់រំការយល់ដឹងពីបរិស្ថានស្អាត

អត្ថបទដោយ៖
CPA

បាត់ដំបង៖អាជ្ញាធរខេត្តបាត់ដំបងបានបើកយុទ្ធនាការបំផុស គំនិត អប់រំការយល់ដឹងពីបរិស្ថានស្អាតកាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ ២០២៣ ក្រោមវត្តមានលោក ឆាយ ម៉ាទីណាល់ អភិបាលរងខេត្ត បាត់ដំបង ដោយមានការចូលរួមពីក្រុមហ៊ុនទេសចរណ៍នានា អង្គការ ដៃគូអភិវឌ្ឍន៍ជាមួយរាជរដ្ឋាភិបាលកម្ពុជា សហភាព សហព័ន្ធ យុវជនកម្ពុជា(ស.ស.យ.ក) ខេត្ត មន្ទីរនានាជុំវិញខេត្ត សហគមន៍ទេសចរណ៍នានាមន្ទីរបរិស្ថានខេត្តមន្រ្តីសាលាក្រុងបាត់ដំបងនិងសិស្សានុសិស្សចូលរួមប្រមាណជាង១.០០០នាក់។

រដ្ឋបាលខេត្តប្រកាសថា យុទ្ធនាការនេះគឺមានគោលបំណងក្នុងការ ផ្សព្វផ្សាយការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ប្រយុទ្ធប្រឆាំងនឹង ការ បំពុលប្លាស្ទិកនៅកម្ពុជា បំផុសឆន្ទៈក្នុងការប្រមូលផ្តុំអ្នក ពាក់ព័ន្ធ ទាំងអស់ គាំទ្រលើកកម្ពស់ការយល់ដឹងអំពី ផលប៉ះពាល់ ពីបរិស្ថាន ប្រកបដោយស្មារតីភ្ញាក់រលឹកចេះបែងចែកសំរាម និង ចូលរួមសកម្មភាពសង្គមដើម្បីលើកកម្ពស់កម្ពុជា ក្នុងគោលដៅ ទេសចរណ៍ ប្រកបដោយនិរន្តភាព។

លោក ឆាយ ម៉ាទីណាល់ បញ្ជាក់ថា៖ «ដូច្នេះសម្រាប់ យុទ្ធនាការ នេះ យើងបានប្រាប់ឱ្យប្រជាពលរដ្ឋនៅមូលដ្ឋាន គាត់នឹងយល់ ច្បាស់ ពីតម្លៃនៃការសម្អាតអនាម័យបរិស្ថាន គាត់ចូលរួមសម្អាត បរិស្ថាន និងចេះញែកសម្រាម។ មួយវិញទៀត វាក៏មានផល ប្រយោជន៍ សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនា ក្នុងក្រុងបាត់ដំបងយើងខ្ញុំនេះ»។

លោកបន្ថែមថា ៖«ជាលទ្ធផលការរៀបចំយុទ្ធនាការរយៈពេលមួយ ថ្ងៃម្សិលមិញនេះ ក្រុមការងារដែលបានបែងចែកគ្នានោះ បានរើស សំរាមប្លាស្ទិកបានប្រមាណ៣៥០គីឡូក្រាម ដែលប្រមូលទុក ជូន ក្រុមហ៊ុនទទួលកែច្នៃសំរាមប្លាស្ទីក និងសំរាមកាកសំណល់ ទូទៅ ប្រមូលបានប្រមាណ ៨២០គីឡូក្រាម ដើម្បីយកទៅទុកដាក់ឱ្យ បានត្រឹមត្រូវ»។
សូមបញ្ជាក់ថា យុទ្ធនាការ«មួយជំហានគ្មានប្លាស្ទិក (ONE STEP NO PLASTIC)»នេះ ត្រូវបានចាប់ផ្ដើមឡើងកាលពីចុងខែកក្កដា ឆ្នាំ២០២២ ក្រោមការផ្ដួចផ្ដើមពី All Dreams Cambodia និងក្រុមនិស្សិត Tos Yerngក្នុងគោលបំណងកាត់បន្ថយសំណល់ ប្លាស្ទិកនៅតាមខេត្តគោលដៅទេសចរណ៍ក្នុងប្រទេសកម្ពុជា៕
ដោយ៖ជា សុខនី

ads banner