សមត្ថកិច្ចរកឃើញយានយន្ដបើកបរល្មើសច្បាប់ជាង១៤ម៉ឺនគ្រឿងនិងប្រមូលប្រាក់ពិន័យបានបីលានដុល្លារ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖សមត្ថកិច្ចបានរកឃើញយានយន្ដបើកបរល្មើសច្បាប់ ជាង១៤០.០០០គ្រឿងនិងប្រមូលប្រាក់ពិន័យបានប្រមាណ១២.៤៥៤.៥១៥.០០០រៀលឬប្រហាក់ប្រហែលជាងបីលានដុល្លារអាមេរិកកាលពីឆ្នាំកន្លងទៅ ។នេះបើតាមការបញ្ជាក់របស់លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក(គ.ស.ច.គ)។

ក្នុងពិធីបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំ ឆ្នាំ២០២២ និងលើកទិសដៅ ការងារ ឆ្នាំ២០២៣ កាលពី ព្រឹក ថ្ងៃទី៣០ខែមករា លោកជំទាវ មឹន មាណវី បានថ្លែងថា ប្រតិបត្តិការត្រួតពិនិត្យ អនុវត្តច្បាប់ចរាចរណ៍ ផ្លូវគោកតាម ប្រចាំឆ្នាំ២០២២ ទទួលបានលទ្ធផលដូចជា បានត្រួតពិនិត្យ យានយន្ត សរុបចំនួន ១.១២១.១៣៦គ្រឿង ក្នុងនោះម៉ូតូចំនួន ៧៤ភាគរយ, បានរកឃើញយានយន្ដល្មើស និងពិន័យចំនួន ១៤២.៨១៧គ្រឿង(១៤៣.០៥១ករណី)។

លោកជំទាវថ្លែងថា៖«ការពិន័យចំពោះបទល្មើសចរាចរណ៍ឆ្នាំ២០២២បានទឹកប្រាក់ចំនួន១២.៤៥៤.៥១៥.០០០រៀល »។

លោកជំទាវ មឹន មាណវី បានបញ្ជាក់ដែរថា ក្នុងដំណើរការ សាក ល្បង ធ្វើការពិន័យ និងដកពិន្ទុបណ្ណបើកបរ ដោយ ឧបករណ៍ បច្ចេកទេស គិតចាប់ពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ សរុប ៨.៥១៣នាក់ (ស្រី ៤៨៩នាក់) ក្នុងនោះ រថយន្តធុនស្រាលចំនួន ៧.៤៧៧គ្រឿង ល្មើស ៧.៥៧៩ករណី ដកពិន្ទុ១០.១៦២ពិន្ទុ។

ចំពោះរថយន្តធុនធ្ងន់ត្រូវពិន័យមានចំនួន១.០៣៦គ្រឿង ,ល្មើស ១.១៤៦ករណី ,ដកពិន្ទុ៦៦៥ពិន្ទុ។ ខណៈការត្រួត ពិនិត្យអ្នកជិះ ម៉ូតូ ល្មើស សរុប ១១៥,៨០១គ្រឿង (១១៥៨០១ករណី) ក្នុងនោះ មិនពាក់ មួកសុវត្ថិភាព បានធ្វើការឃាត់បង្ខំឱ្យរកមួកមកពាក់ និង ពិន័យចំនួន ៩៤ភាគរយ នៃចំនួនករណីល្មើសសរុបរបស់ អ្នកជិះ ម៉ូតូ។
លោក គីម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំ នៅកម្ពុជា ថ្លែងថា ទិន្នន័យនៃការអនុវត្តច្បាប់ ចរណ៍ផ្លូវគោក របស់សមត្ថកិច្ចខាងលើនេះ មានការកើនឡើង បើធៀបទៅនឹងឆ្នាំ ២០២១ ដោយសារតែក្នុងឆ្នាំ នេះ ស្ថិតនៅក្នុងបរិបទ នៃការរីក រាលដាលនៃជំងឺកូវីដ ១៩ នៅទូទាំងពិភពលោក និងនៅកម្ពុជា ដែលធ្វើឱ្យតំបន់មួយចំនួនមានការរិតត្បតក្នុងការធ្វើដំណើរ។

លោកបន្តថា រដ្ឋាភិបាលក៏គួរតែមានវិធានការបន្ថែមទៀត ដើម្បី ទប់ស្កាត់ ការគ្រោះថ្នាក់ចរាចរណ៍ ហើយសម្រាប់ឆ្នាំ ២០២៣ នេះ បើរដ្ឋាភិបាល អនុវត្តរឹតបន្តឹងច្បាប់ និងការត្រួត ពិនិត្យយានយន្ត នឹងចូលរួមទាញអ្នកស្លាប់ឱ្យកាន់តែតិចថែមទៀត ឬទាបជាង ១៧០៩ នាក់ (តូលេខឆ្នាំ២០២២) ។

ក្នុងការពង្រឹងការអនុវត្តច្បាប់នេះ លោក គឹម បញ្ញា ស្នើដល់ រាជរដ្ឋាភិបាល ផ្តល់នូវការបណ្តុះបណ្តាល ជំនាញក្នុងការបើកបរ ម៉ូតូ ព្រោះភាគច្រើននៃការគ្រោះថ្នាក់ចរាចរណ៍ គឺជាអ្នកបើកបរម៉ូតូ ជាពិសេស ប្រឈមទៅនឹងបើកបរវ័យក្មេង ដូចជាសិស្ស និង និស្សិត និងកម្មករជាដើមដែលពួកគាត់នៅខ្វះបទពិសោធ និង ចំណេះដឹងក្នុងការបើកបរឱ្យបានទូលំលាយ។

លោកបន្ថែមថា ក្នុងន័យនេះ អង្គការរបស់លោក ក៏បានដំណើការ បណ្តុះបណ្តាលគ្រូបង្គោល នៅតាម បណ្តាលរោងចក្រមួយចំនួន និងសាលារៀនមួយចំនួនផងដែរ ដើម្បីឱ្យពួកគាត់បណ្តុះបណ្តាល បន្ត ដើម្បី ឱ្យសិស្សនិស្សិត និងកម្មករ ឱ្យមានចំណេះដឹងក្នុងការ បើកបរ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ៕
ដោយ៖យុទ្ធ វីរៈ

ads banner