រដ្ឋមន្ត្រីសាធារណការ ស្នើដល់អាជ្ញាធរដែនដីឱ្យជួយ ត្រួត ពិនិត្យ យានដ្ឋានជួសជុលរថយន្តខុសច្បាប់

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ជាថ្មីម្តងទៀត រដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូន ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួង សាធារណការនិងដឹកជញ្ជូន បានស្នើដល់អាជ្ញាធរដែនដី ត្រូវ ធ្វើការចុះត្រួតពិនិត្យយានដ្ឋានជួសជុលរថយន្ដខុសច្បាប់ ដើម្បី ធ្វើយ៉ាងណាឱ្យយានដ្ឋាន ទាំងនោះមានច្បាប់ត្រឹមត្រូវ និងមាន ស្ដង់ដារ។

ការស្នើរបស់ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានធ្វើឡើងនៅ ក្នុងពិធីបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំ ឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ នៅព្រឹក ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣នេះ។

ឯកឧត្តមរដ្ឋមន្ដ្រីបានបញ្ជាក់ថា ៖«យានដ្ឋានកែច្នៃរថយន្ដខុស ច្បាប់ ទាំងអស់នោះជាដើមចមដែលនាំឱ្យមាន គ្រោះថ្នាក់ ចរាចរណ៍ និងបង្កលក្ខណៈឱ្យរថយន្ដដឹកលើសចំណុះធ្វើឱ្យខូចខាតផ្លូវជាដើម»។

ឯកឧត្តមបន្តថា បច្ចុប្បន្នមានរថយន្ដហួសសុពលភាព ត្រួតពិនិត្យ លក្ខណៈបច្ចេកទេស (ឆៀក) ចំនួន ១៧ម៉ឺនគ្រឿង។ ដូច្នេះ លោក ក៏បានអំពាវនាវដល់ម្ចាស់រថយន្ដ ត្រូវយករថយន្តរបស់ខ្លួន មកធ្វើការត្រួតពិនិត្យ(ឆៀក )ឱ្យបានត្រឹមត្រូវ ដើម្បីជៀសវាងការ ផាកពិន័យ។
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ថ្លែងថា អាជ្ញាធរ ខេត្តនឹងបន្ត ការងារ គ្រប់គ្រងយានដ្ឋានជួសជុល កែច្នៃដំឡើង យានយន្ត ជំរុញឱ្យមកចុះ បញ្ជីនៅមន្ទីរសាធារណការ និងដឹក ជញ្ជូនខេត្តឱ្យបានត្រឹមត្រូវតាមច្បាប់។អាជ្ញាធរខេត្តនឹងបន្តការងារ ត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស និងមានវិធាន ការម៉ឺងម៉ាត់ចំពោះ រថយន្តដែលល្មើសធ្វើការកែច្នៃខុស លក្ខណៈ បច្ចេកទេស។

ទន្ទឹមនេះដែរសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថ្លែងថា ស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ ផ្លូវគោកក្នុងឆ្នាំ២០២២បានតម្រូវឱ្យស្ថាប័នពាក់ព័ន្ថធ្វើការត្រួតពិនិត្យឡើងវិញនូវចំណុចវិជ្ជមាននិងអវិជ្ជមាន ដើម្បីដកពិសោធន៍ និងដោះស្រាយបញ្ហាប្រឈមឱ្យបានទាន់ពេលវេលា សំដៅកែលម្អ និងបង្កើន ប្រសិទ្ធផល ការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុង ឆ្នាំ២០២៣។
សម្ដេចក្រឡាហោម ស ខេង ដែលជាប្រធានគណៈកម្មាធិការ សុវត្ថិភាពចរាចរណ៍ផ្លូវគោក បានស្នើដល់ថ្នាក់ដឹកនាំគ្រប់ លំដាប់ថ្នាក់ ត្រូវបន្តជំរុញអនុវត្តឱ្យបានសម្រេចនូវទិសដៅ ដែលបានដាក់ចេញ និងប្ដេជ្ញាចិត្តដោះស្រាយបញ្ហាប្រឈមនានា សំដៅរួមគ្នាទប់ស្កាត់គ្រោះថ្នាក់ ចរារចរណ៍នៅ ប្រទេសកម្ពុជា៕
ដោយ៖យុទ្ធ វីរៈ

ads banner