ក្រសួងទេសចរណ៍ ស្នើគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធយកចិត្តទុក ដាក់ចំពោះស្ត្រីដែលបម្រើការក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ
ភ្នំពេញ៖ដើម្បីចូលរួមអនុវត្តនូវអនុសាសន៍ណែនាំរបស់សម្ដេច តេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានស្នើគ្រប់ក្រសួង-ស្ថាប័ន ពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ចំពោះស្ត្រីដែលបម្រើការក្នុងវិស័យ សេដ្ឋកិច្ចក្រៅប្រព័ន្ធនោះ ក្រសួងទេសចរណ៍បានដាក់ចេញវិធាន ការ ពង្រឹងការគ្រប់គ្រងអាជីវកម្ម និងបុគ្គលិកបម្រើការតាម អាជីវកម្ម កម្សាន្តមនុស្សពេញវ័យ។
នាថ្ងៃទី៣០ ខែមករា លោកជំទាវ ហ៊ុន ដានី រដ្ឋលេខាធិការ ក្រសួង ទេសចរណ៍ បានដឹកនាំកិច្ចប្រជុំពាក់ព័ន្ធនឹងការ គ្រប់គ្រង អាជីវកម្ម និងបុគ្គលិកបម្រើការសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅតាមអាជីវកម្មក្លឹបកម្សាន្ត ខារ៉ាអូខេ រង្គសាល-ឌីស្កូតែក បៀរហ្គាឌិន និងម៉ាស្សា-ស្ប៉ា ដែលសុទ្ធតែជាកន្លែងកម្សាន្តមនុស្សពេញវ័យ។គោលបំណងនៃ កិច្ចប្រជុំនេះ គឺដើម្បីចូលរួមអនុវត្តនូវអនុសាសន៍ណែនាំរបស់ ប្រមុខ រាជរដ្ឋាភិបាលកម្ពុជា ដែលបានស្នើគ្រប់ក្រសួង-ស្ថាប័ន ពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ចំពោះស្ត្រីដែលបម្រើការក្នុង វិស័យ សេដ្ឋកិច្ចក្រៅប្រព័ន្ធ ពិសេសវិស័យសេវាកម្សាន្តដើម្បីបញ្ចៀស ពីការរើសអើង សំដៅលើកកម្ពស់ស្ថានភាពការងារ និងមុខរបរ។
លោកជំទាវ ហ៊ុន ដានី បានថ្លែងនាកិច្ចប្រជុំនោះថា ៖ «ផ្តើមពី តួនាទី ដ៏មានសារៈសំខាន់របស់ស្រ្តី ក្រសួងទេសចរណ៍បានចាត់ ទុកស្ត្រីគឺជាកម្លាំងចលករដ៏មានសក្តានុពលនិងជាភាគីពាក់ព័ន្ឋមិនអាចខ្វះបាន ដែលបានចូលរួមចំណែកយ៉ាងសកម្មនៅក្នុង ការ លើក ស្ទួយកម្រិតជីវភាពគ្រួសារ សហគមន៍ និងសង្គម-សេដ្ឋកិច្ច»។
លោកជំទាវបានបន្តថា កិច្ចខិតខំប្រឹងប្រែងកន្លងមករបស់ក្រសួង ទេសចរណ៍ក្នុងការអនុវត្តសកម្មភាពនានា ជាពិសេសជំរុញ ការ លើក កម្ពស់សិទ្ធិ តួនាទី តម្លៃស្ត្រី និងបង្កើនភាពអង់អាចដល់ស្ត្រី ដែលប្រកបមុខរបរក្នុងឧស្សាហកម្មទេសចរណ៍ ជាកត្តារួមចំណែក យ៉ាងសំខាន់ដល់ការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាព និងបរិយាបន្ន។
ក្រសួងទេសចរណ៍ បានលើកឡើងថា ស្ត្រីដែលបម្រើការក្នុងវិស័យ ទេសចរណ៍ មានការគាំពារដោយច្បាប់ស្តីពីទេសចរណ៍ ដោយ ស្ត្រីទាំងនោះត្រូវបានយកចិត្តទុកដាក់ឱ្យទទួលបានការចូលរួម និងទទួលបានអត្ថប្រយោជន៍ប្រកបដោយសមធម៌ពីការអភិវឌ្ឍវិស័យទេសចរណ៍។ច្បាប់នេះដែរ មិនត្រឹមតែបង្កើតឡើងដើម្បីធានា ការគ្រប់គ្រងនិងអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយប្រសិទ្ធភាពប៉ុណ្ណោះទេ ថែមទាំងបានរួមចំណែកថែរក្សាការពារធនធាន ធម្មជាតិ វប្បធម៌ ទំនៀមទម្លាប់ ដើម្បីទាញយកផលប្រយោជន៍ និងបែងចែកផលប្រយោជន៍ពីទេសចរណ៍ប្រកបដោយសមធម៌ ជាពិសេសចូលរួមទប់ស្កាត់ផលប៉ះពាល់អវិជ្ជមានមកលើស្ត្រីនិងកុមារ ដោយធានាឱ្យស្ត្រី និងកុមារមានសុវត្ថិភាព សេចក្តីថ្លៃថ្នូរ ចៀស ផុតពីការរើសអើង ការរំលោភបំពាន ការកេងប្រវ័ញ្ច ការ ជួញដូរជាដើម។
ដើម្បីពង្រឹងការគ្រប់គ្រងអាជីវកម្ម និងបុគ្គលិកបម្រើការនៅតាម សេវា កម្សាន្តទេសចរណ៍ លោកជំទាវ ហ៊ុន ដានី ក៏បានស្នើដល់ អភិបាលរាជធានី-ខេត្តផ្តល់កិច្ចសហការជាមួយក្រសួងទេសចរណ៍ និងមន្ទីរទេសចរណ៍ក្នុងការគ្រប់គ្រងអាជីវកម្មសេវាកម្សាន្តឱ្យមានប្រសិទ្ធភាព រាប់ទាំងសកម្មភាព ការផ្តល់អាជ្ញាបណ្ណ ទាំងសម្បទា និងការរៀបចំ។
យោងតាមក្រសួងទេសចរណ៍ បានឱ្យដឹងថា អាជីវកម្មក្លឹបកម្សាន្ត ខារ៉ាអូខេ រង្គសាល-ឌីស្កូតែក និងបៀរហ្កាឌិន សរុបមានចំនួន ៩២៨ អាជីវកម្ម ក្នុងនោះអាជីវកម្មខារ៉ាអូខេមានចំនួន៧៥៩ អាជីវកម្ម, រង្គសាល-ឌីស្កូតែកមានចំនួន៦៩អាជីវកម្ម, អាជីវកម្ម បៀរហ្កាឌិនមានចំនួន១០០អាជីវកម្ម។
ក្រសួងបន្តថា ដោយឡែកអាជីវកម្មម៉ាស្សា-ស្ប៉ា សរុបមាន ចំនួន ៤១៩អាជីវកម្ម ដែលស្មើនឹង៣,២២២គ្រែ។ ចំនួនបុគ្គលិក បម្រើការក្នុងអាជីវកម្មក្លឹបកម្សាន្ត ខារ៉ាអូខេ រង្គសាល-ឌីស្កូតែក និងបៀរហ្កាឌិនសរុបមានចំនួន២៤,១២៥នាក់ (ស្រី១៤,៦៤១ នាក់)។
ឆ្លៀតឱកាសនោះដែរ មន្រ្តីជាន់ខ្ពស់នៃក្រសួងទេសចរណ៍រូបនេះ ក៏បានណែនាំដល់នាយកដ្ឋានសេវាកម្សាន្ត ត្រូវសហការជាមួយ នាយកដ្ឋានបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ ផ្ដល់ការបណ្ដុះ បណ្ដាល តាមគ្រប់រូបភាពដល់បុគ្គលិកដែលប់ម្រើការសេដ្ឋកិច្ច ក្រៅប្រព័ន្ធផ្នែកសេវាកម្សាន្ត ម៉ាស្សា-ស្ប៉ា ដើម្បីឱ្យពួកគាត់មាន ជំនាញច្បាស់លាស់ ងាយស្រួលក្នុងការប្រកបមុខរបរ បង្កើនប្រាក់ ចំណូល សំដៅលើកកម្ពស់កម្រិតជីវភាពរស់នៅឱ្យកាន់តែ ប្រសើរ ឡើង។
លោកជំទាវបន្តថា ៖ «មន្ទីរទេសចរណ៍រាជធានី-ខេត្ត ត្រូវ សហការជាមួយអាជ្ញាធរពាក់ព័ន្ធ និងម្ចាស់អាជីវកម្ម ខិតខំ ចងក្រងក្រុមនារីក្នុងវិស័យទេសចរណ៍បន្ថែមទៀត ដើម្បីងាយ ស្រួលក្នុងការគ្រប់គ្រង ការចុះអប់រំណែនាំ ការបណ្ដុះបណ្តាល និងការជួយអន្តរាគមន៍ នៅពេលពួកគាត់ជួបប្រទះនូវបញ្ហា ប្រឈម»។
មន្ទីរទេសចរណ៍រាជធានី-ខេត្តក៏ត្រូវសហការជាមួយអាជ្ញាធរ ពាក់ព័ន្ធ និងម្ចាស់អាជីវកម្ម ដើម្បីធ្វើបច្ចុប្បន្នភាពទិន្នន័យបុគ្គលិក បម្រើការសេដ្ឋកិច្ចក្រៅប្រព័ន្ធផ្នែកសេវាកម្សាន្តម៉ាស្សា-ស្ប៉ាឱ្យ បានច្បាស់លាស់ និងមានប្រសិទ្ធភាព ហើយក៏ត្រូវសកម្មចុះជួប ផ្ទាល់ ដល់មូលដ្ឋានអាជីវកម្ម ដើម្បីពង្រឹងអនាម័យ ភាពស្អាត សេវាបដិសណ្ឋារកិច្ច និងអប់រំណែនាំឱ្យពួកគាត់ស្គាល់ពីសិទ្ធិ និងតួនាទីដ៏មានសារៈសំខាន់របស់ពួកគាត់ក្នុងវិស័យទេសចរណ៍។
សូមរំឮកផងដែរថា សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន ណែនាំដល់ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ការពារផ្លូវ ច្បាប់ចំពោះស្ត្រីបម្រើសេវាកម្សាន្តនៅទូទាំងប្រទេស ដើម្បីការពារ សិទ្ធិស្រី្តដែលបម្រើការងារក្នុងវិស័យនេះ ខណៈដែលស្ត្រីមួយ ចំនួនតែងរងការបៀតបៀន។
ទាក់ទងនឹងករណីនេះដែរ ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា បានថ្លែងក្នុងសន្និសីទសារព័ត៌មាន របស់គណបក្សប្រជាជនកម្ពុជាស្តីពីលទ្ធផលនៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសកាលពីថ្ងៃទី២៩ ខែមករា ថា គណបក្ស ប្រជាជនកម្ពុជានឹងផ្តល់ការការពារ និងអាចផ្តល់នូវបណ្ណក្រីក្រ និងបណ្ណប.ស.ស ដើម្បីជួយសម្រួលដល់អ្នកដែលជួបការលំបាក និងទទួលរងនូវហានិភ័យនានាផងដែរ។
ឯកឧត្តមបានឱ្យដឹងថា ៖ «រាជរដ្ឋាភិបាលមានគោលនយោបាយ យកចិត្តទុកដាក់ចំពោះស្រ្តីដែលប្រកបរបរតាមកន្លែងកម្សាន្តនានា ដោយផ្តល់បណ្ណប.ស.ស និងក្រុមមេធាវីដើម្បីការពារសិទ្ធិសេរីភាព ដល់បងប្អូននៅពេលមានការបំពារបំពានដោយប្រការណាមួយ»។
លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃ សេដ្ឋកិច្ច ក្រៅប្រព័ន្ធ បានប្រាប់ដោយលោកគាំទ្រដល់គោលនយោបាយ នេះដែលជួយការពារដល់សិទ្ធិដល់ស្ត្រីបម្រើការងារនៅផ្នែកសេវាកម្សាន្ត។ ប៉ុន្តែលោកថារដ្ឋគួរតែជំរុញឱ្យអនុវត្តច្បាប់តែម្ដង។
លោក វន់ ពៅថា នោះគឺច្បាប់ស្ដីពីការងារដោយផ្តល់សិទ្ធិឱ្យ គាត់ មាន ឱកាសក្នុងការចូលរួមចងក្រងបង្កើតទៅជាសហជីព និងអាច បង្កើតជាឯកសារគតិយុត្តពិសេសមួយដើម្បីគាំពារគាត់ដែលនេះវាជាចំណុចល្អបន្ថែមទៅនឹងអ្វីដែលជាការលើកឡើងរបស់ប្រមុខរាជរដ្ឋាភិបាល៕
ដោយ៖នាង សុគន្ធា