អ៊ីស្រាអែលជាប់ការសង្ស័យនៅពីក្រោយការវាយប្រហារចុងក្រោយ លើ រោងចក្រយោធាអ៊ីរ៉ង់
អាមេរិក៖មន្ត្រីសហរដ្ឋអាមេរិកបានអះអាងកាលពីថ្ងៃអាទិត្យថា អ៊ីស្រាអែលហាក់ដូចជានៅពីក្រោយការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក(ដ្រូន)លើរោងចក្រយោធាក្នុងប្រទេសអ៊ីរ៉ង់។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌ មាន រ៉យទ័រ។
ចំណែកឯអ៊ីរ៉ង់វិញ ក៏និយាយបញ្ជាក់ក្នុងថ្ងៃជាមួយគ្នាដែរថា ខ្លួន បាន ស្ទាក់ចាប់ដ្រូន ដែលវាយប្រហារលើរោងចក្រយោធា គោល ដៅ នៅជិតក្រុង Isfahan ប៉ុន្តែមិនបង្កឱ្យមានជនរងគ្រោះ។
កាសែត The Wall Street Journal បានស្រង់សម្ដីមន្រ្តីអាមេរិក ម្នាក់ដែលថ្លែងជាអនាមិកថា អ៊ីស្រាអែលជាអ្នកនៅពីក្រោយខ្នងនៃ ការវាយប្រហារនេះ។ ទោះជាយ៉ាងណាក៏ដោយ ភាគីអ៊ីស្រាអែល មិនបានបកស្រាយបំភ្លឺ ឬប្រតិកម្មយ៉ាងណាទេ ទៅលើការអះអាង នេះ។
មន្ត្រីអាមេរិកម្នាក់ទៀត បានថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ដូចគ្នា ប្រាប់រ៉យទ័រថា អ៊ីស្រាអែលទំនងជាមានការជាប់ពាក់ព័ន្ធ ខណៈមន្ត្រីផ្សេងទៀត បានបដិសេធមិនធ្វើអត្ថាធិប្បាយលើសពី ការគូសបញ្ជាក់ថា អាមេរិកគ្មានតួនាទីអ្វីក្នុងការវាយប្រហារ។
ចំណែកឯរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Hossein Amir-Abdollahian វិញ បានហៅការវាយប្រហារថ្មីថ្មោង ថាជាការវាយ ប្រហារដែល «កំសាក» និងមានមានបំណងបង្កើតភាព «អសន្តិសុខ» នៅក្នុងប្រទេសអ៊ីរ៉ង់។ បន្ថែមពីលើនេះ ទូរទស្សន៍ រដ្ឋអ៊ីរ៉ង់ក៏ចុះផ្សាយដោយស្រង់សម្ដីមន្រ្តីអ៊ីរ៉ង់ផ្សេងទៀត ដែល អះអាងថា អ៊ីស្រាអែលជាអ្នកនៅពីក្រោយខ្នងនៃសកម្មភាពនេះ។
គួររំឭកថា អ៊ីរ៉ង់គឺជាគោលដៅនៃការវាយប្រហាររបស់អ៊ីស្រាអែល ខណៈប្រទេសទាំងពីរធ្វើ «សង្រ្គាមស្រមោល» នឹងគ្នាស្របពេល ដែលការស្ដារឡើងវិញកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់បន្តជាប់គាំង ក្រោយអាមេរិកក្រោមការដឹកនាំរបស់អតីតប្រធានាធិបតី ដូណាល់ ត្រាំ ដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះនៅឆ្នាំ ២០១៨។
កន្លងមក អ៊ីស្រាអែលជាប់ការចោទប្រកាន់លើការវាយប្រហារ ជាបន្តបន្ទាប់លើប្រទេសអ៊ីរ៉ង់ រួមទាំងការវាយប្រហារកាលពី ខែមេសា ឆ្នាំ ២០២១ លើរោងចក្រនុយក្លេអ៊ែរក្រោមដី Natanz និងការសម្លាប់អ្នកវិទ្យាសាស្រ្តនុយក្លេអ៊ែរនុយក្លេអ៊ែរកំពូលនៅឆ្នាំ ២០២០។
ចំពោះការវាយប្រហារលើរោងចក្រយោធាកាលពីថ្ងៃអាទិត្យ ក្រសួង ការពារជាតិអ៊ីរ៉ង់បានពិពណ៌នាថា ដ្រូនបីគ្រឿងបាន ធ្វើប្រតិបត្តិការ ប៉ុន្តែពីរគ្រឿងត្រូវបានបាញ់ទម្លាក់ដោយជោគជ័យ ខណៈ១គ្រឿងទៀតបានវាយលុកលើអគាររោងចក្រមួយខ្នង ដែល ធ្វើឱ្យខូតខាតដំបូល ប៉ុន្តែមិនបង្កឱ្យមានជនរងគ្រោះនោះទេ។
រោងចក្រយោធា Isfahan ស្ថិតនៅចម្ងាយ ៣៥០ គីឡូម៉ែត្រនា ភាគ ខាងត្បូងនៃរដ្ឋធានីតេអេរ៉ង់។ រោងចក្រនេះជាមូលដ្ឋានទ័ពអាកាសដ៏ធំ ដែលដាក់យន្តហោះ ចម្បាំង ធុន F-14 ផលិតដោយសហរដ្ឋអាមេរិក និងជាមជ្ឈមណ្ឌល ស្រាវជ្រាវ និងផលិតឥន្ធនៈនុយក្លេអ៊ែររបស់អ៊ីរ៉ង់។
ពេលសួរថាតើការវាយប្រហាររោងចក្រនឹងធ្វើឱ្យប៉ះពាល់ដល់កម្មវិធីនុយក្លេអ៊ែរដែរឬយ៉ាងណា លោក Amir-Abdollahian ឆ្លើយ ថា វាមិនអាចប៉ះពាល់ដល់ឆន្ទៈ និងចេតនារបស់អ្នកវិទ្យាសាស្ត្រ នុយក្លេអ៊ែររបស់អ៊ីរ៉ង់ ដើម្បីសម្រេចបាន «ថាមពលនុយក្លេអ៊ែរ ប្រកបដោយសន្តិវិធីនោះទេ»៕
ដោយ៖ហួន ឌីណា