ប្រធានណាតូ ជំរុញឱ្យកូរ៉េខាងត្បូងបង្កើនការគាំទ្រផ្នែក យោធា សម្រាប់ អ៊ុយក្រែន

ណាតូ៖ អគ្គលេខាធិការអង្គការណាតូ លោក ជេន ស្តូលេនប៊ឺគ កាលពីថ្ងៃចន្ទ ទី៣០ ខែមករា បានជំរុញឱ្យប្រទេសកូរ៉េខាងត្បូង បង្កើន ការគាំទ្រផ្នែកយោធាដល់អ៊ុយក្រែន ដោយលើកឡើងពី ប្រទេសផ្សេងទៀតដែលធ្វើការផ្លាស់ប្តូរគោលនយោបាយមិនផ្តល់អាវុធដល់ប្រទេសមានជម្លោះរបស់ខ្លួន ក្រោយរុស្ស៊ីចូលឈ្លាន ពាន អ៊ុយក្រែន។ នេះបើតាមការស្រង់សម្ដីរបស់ទីភ្នាក់ងារ សារព័ត៌មាន រ៉យទ័រ។

លោក ស្តូលេនប៊ឺគ ថ្លែងបែបនេះក្នុងអំឡុងពេលដំណើរទស្សនកិច្ច ទៅក្រុងសេអ៊ូលនៃប្រទេសកូរ៉េខាងត្បូង ដែលធ្វើឡើងក្នុង គោល បំណង ពង្រឹងទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក ក្នុងការប្រឈមមុខនឹងសង្រ្គាមនៅអ៊ុយក្រែន និងការកើនឡើងនៃ ការប្រកួតប្រជែងជាមួយប្រទេសចិន។

ថ្លែងក្នុងវិទ្យាស្ថាន Chey Institute for Advanced Studies នៅទីក្រុងសេអ៊ូល លោក ស្តូលេនប៊ឺគ បានថ្លែងអំណរគុណដល់ កូរ៉េខាងត្បូងសម្រាប់ជំនួយធុនស្រាលដល់អ៊ុយក្រែន ប៉ុន្តែបាន ជំរុញឱ្យប្រទេសនេះបន្ថែមជំនួយតាមតម្រូវការ រួមមានទាំងគ្រឿង ផ្ទុះ ដែលត្រូវការជាបន្ទាន់។ លោកថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំជំរុញឱ្យ សាធារណរដ្ឋកូរ៉េ បន្តនិងឈានជើងលើបញ្ហាជាក់លាក់ ចំពោះ ការគាំទ្រផ្នែកយោធា។ ចុងបញ្ចប់ វាគឺជាការសម្រេចចិត្តរបស់ អ្នក ។ប៉ុន្តែខ្ញុំនឹងនិយាយថា សម្ព័ន្ធមិត្តណាតូមួយចំនួនដែលមានគោល នយោបាយមិននាំចេញអាវុធទៅកាន់ប្រទេសដែលមានជម្លោះ បាន ផ្លាស់ប្តូរគោលនយោបាយនោះឥឡូវនេះ»។

ក្នុងកិច្ចប្រជុំជាមួយមន្ត្រីជាន់ខ្ពស់កូរ៉េខាងត្បូងផ្សេងៗគ្នា លោក ស្តូលេនប៊ឺគ បានអះអាងថា ព្រឹត្តិការណ៍នៅអឺរ៉ុប និងអាមេរិក ខាងជើង មានទំនាក់ទំនងជាមួយតំបន់ផ្សេងទៀត ហើយថា សម្ព័ន្ធភាពចង់ជួយគ្រប់គ្រងការគំរាមកំហែងជាសកលដោយការបង្កើនភាពជាដៃគូនៅអាស៊ី។

គួរបញ្ជាក់ថា កូរ៉េខាងត្បូងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង សំខាន់ៗដែលផ្តល់រថក្រោះ យន្តហោះ និងសព្វាវុធរាប់រយ គ្រឿង ដល់ប្រទេសប៉ូឡូញ ដែលជាសមាជិកណាតូ ចាប់តាំងពីសង្គ្រាម នៅអ៊ុយក្រែនបានផ្ទុះឡើង។ ប៉ុន្តែប្រធានាធិបតីកូរ៉េខាងត្បូង លោក យន ស៊កយល បានថ្លែងថា ច្បាប់របស់ប្រទេសដែល ប្រឆាំង នឹងការផ្តល់អាវុធដល់ប្រទេសដែលមានជម្លោះ ធ្វើឱ្យការ ផ្តល់អាវុធដល់អ៊ុយក្រែនមានការលំបាក។

ប៉ុន្តែលោក ស្តូលេនប៊ឺគ បានលើកឧទាហរណ៍ដល់ប្រទេស មួយ ចំនួនទៀត ដែលមានបញ្ហាដូចគ្នានេះ ដូចជា អាល្លឺម៉ង់ ស៊ុយអែត និងន័រវែស ជាដើម ប៉ុន្តែប្រទេសទាំងនេះបានធ្វើការផ្លាស់ប្ដូរ សម្រប ខ្លួនទៅនឹងបរិបទ។ លោកបន្តថា វាមានសារៈសំខាន់ខ្លាំងណាស់ បើរុស្ស៊ីមិនឈ្នះសង្គ្រាម ព្រោះវាមិនត្រឹមតែសម្រាប់ប្រជាជន អ៊ុយក្រែន ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជៀសវាងការផ្ញើសារខុសទៅ កាន់ មេដឹកនាំផ្តាច់ការ រួមទាំងចិន ថាពួកគេអាចយកអ្វីដែលពួកគេចង់ បាន ដោយកម្លាំងយោធា។

អគ្គលេខាធិការអង្គការណាតូដដែលបន្តថា ទោះបីចិនមិនមែន ជា សត្រូវរបស់ណាតូក៏ដោយ ប្រទេសនេះបានក្លាយជាឧបសគ្គ ដ៏ធំ ក្នុងរបៀបវារៈរបស់អង្គការណាតូ ដោយលោកលើកឡើងពីការ កើន ឡើងនៃសមត្ថភាពយោធារបស់ទីក្រុងប៉េកាំង និង អាកប្បកិរិយា បង្ខិតបង្ខំនៅក្នុងតំបន់។
ទោះយ៉ាងណាក៏ដោយ ការផ្ដល់អាវុធទៅអ៊ុយក្រែនតែង រងការ រិះគន់ពីរុស្ស៊ី ក៏ដូចជាសម្ព័ន្ធរួមមានចិន និងកូរ៉េខាងជើង។ ជុំវិញដំណើរទស្សនកិច្ចរបស់លោក ស្តូលេនប៊ឺគ ទៅបណ្ដា ប្រទេសសម្ព័ន្ធមិត្តរបស់លោកខាងលិចរួមមានកូរ៉េខាងជើង ហើយបន្ទាប់មកជប៉ុន នាពេលនេះ ក៏រងការរិះគន់ផងដែរ។
ក្នុងសេចក្តីថ្លែងការណ៍ដែលធ្វើឡើងដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងកាលពីថ្ងៃចន្ទក្រុងព្យុងយ៉ាងបានហៅដំណើរទស្សនកិច្ចរបស់លោក ស្តូលេនប៊ឺគ ថាជា «ការប្រមើលមើលការប្រឈម មុខ ដាក់គ្នា និងសង្រ្គាម ខណៈដែលវានាំមកនូវភាពអួរអាប់នៃ «សង្រ្គាមត្រជាក់ថ្មី» ទៅកាន់តំបន់អាស៊ីប៉ាស៊ីហ្វិក»។
គួររំឭកថា កូរ៉េខាងត្បូងបានបើកបេសកកម្មការទូតលើក ដំបូង របស់ខ្លួនទៅកាន់អង្គការណាតូកាលពីឆ្នាំមុន ដោយប្តេជ្ញាថានឹង ពង្រឹងកិច្ចសហប្រតិបត្តិការលើការមិនរីកសាយភាយនៃអាវុធនុយក្លេអ៊ែរ ការការពារតាមអ៊ិនធឺណិត ការប្រឆាំងភេរវកម្ម ការឆ្លើយតប នឹងគ្រោះមហន្តរាយ និងផ្នែកសន្តិសុខផ្សេងទៀត៕
ដោយ៖ហួន ឌីណា

ads banner