អាជ្ញាធរជំនាញប្រកាសគម្រោងធ្វើបច្ចុប្បន្នភាពដីស្រែអំបិល ដើម្បីធានា និរន្តភាពការផ្គត់ផ្គង់អំបិលនៅកម្ពុជា
ភ្នំពេញ៖អាជ្ញាធរជំនាញបានប្រកាសគម្រោងធ្វើបច្ចុប្បន្នភាព ដី ស្រែអំបិល ដើម្បីធានានិរន្តភាពការផ្គត់ផ្គង់អំបិលនៅកម្ពុជា។នេះបើតាមការបង្ហើបឱ្យដឹងពីមន្ត្រីជាន់ខ្ពស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍។
ប្រភពដដែលបន្តថា ក្រសួងស្ថាប័នពាក់ព័ន្ធបានជួបប្រជុំគ្នាពី ពេល កន្លងទៅដើម្បីពិភាក្សាលើសំណើសុំថវិកា សម្រាប់ចំណាយក្នុង ការធ្វើប្រតិបត្តិការវាស់វែងកំណត់ផែនទីដីស្រែអំបិលនៅខេត្តកំពត និងកែបឡើងវិញ ដើម្បីកំណត់ឱ្យដឹងពីដីយុទ្ធសាស្ត្រសម្រាប់ ផលិត អំបិល ដើម្បីធានានិរន្តភាពការផ្គត់ផ្គង់អំបិល និងកាត់បន្ថយ ការនាំចូលពីក្រៅប្រទេស។
ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានឱ្យដឹង ទៀត ថា កម្ពុជាមានតម្រូវការប្រើប្រាស់អំបិលចន្លោះពី ៩ទៅ១០ ម៉ឺន តោនក្នុងមួយឆ្នាំ ខណៈកាលពីឆ្នាំ២០២២ កម្ពុជាផលិតអំបិល បានជាង៣២.០០០តោនតែប៉ុណ្ណោះ ដែលបង្ខំឱ្យកម្ពុជាត្រូវនាំ ចូលអំបិល ពីប្រទេសឥណ្ឌាចំនួន១៦.០០០តោន ដើម្បីបម្រុង ទុក និងបំពេញតម្រូវការប្រើប្រាស់ក្នុងស្រុក។
ឯកឧត្តមបានបញ្ជាក់ថា៖«កត្តាដែលធ្វើឱ្យទិន្នផលការផលិតអំបិលនៅកម្ពុជាមានការធ្លាក់ចុះ គឺដោយសារបញ្ហាអាកាសធាតុ
កង្វះ កម្លាំងពលកម្មនិងដើមទុនជាដើម។មានប្រជាពលរដ្ឋមួយ ចំនួនបានកែប្រែដីស្រែអំបិលដែលជាកម្មសិទ្ធិរបស់ខ្លួនទៅតំបន់ទេសចរណ៍និងអភិវឌ្ឍន៍លំនៅឋានជាដើម ក្រោយតម្លៃដីនៅទីនោះ មានការកើនឡើង គួបផ្សំការផលិតអំបិលទទួល បានទិន្នផលធ្លាក់ ចុះ»។
បើតាមឯកឧត្តម ហេង សុខគង់ មកទល់ពេលនេះ មានប្រជា កសិករនៅខេត្តកែបចំនួន៥០គ្រួសារស្មើនឹង១៤ក្រុមបានបោះបង់ការផលិតអំបិលតែជាចំនួនតិចតួចប៉ុណ្ណោះ បើធៀបនឹងចំនួនអ្នក ផលិត អំបិលទាំងនៅខេត្តកំពត និងខេត្តកែប ដែលមានរហូត ១៩៦ ក្រុម។
ចំពោះការធ្វើបច្ចុប្បន្នភាពស្រែអំបិលនៅខេត្តកំពត និងកែបនេះដែរ បើតាមការគូសបញ្ជាក់របស់លោក ហួន សុរង្សី ប្រធាននាយកដ្ឋាន កិច្ចការសិប្បកម្ម នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ គោលបំណងនៃការកំណត់ផែនទីដីស្រែអំបិល ឡើង វិញនេះ គឺដើម្បីបែងចែកដីស្រែអំបិលឱ្យបានច្បាស់លាស់ ដើម្បី ធានានិរន្តរភាពការផ្គត់ផ្គង់អំបិលនៅកម្ពុជា និងកាត់បន្ថយ ឬ ឈប់ នាំចូលអំបិលពីក្រៅប្រទេស។
លោកបានបញ្ជាក់ថា៖«ការធ្វើបែបនេះក៏ដើម្បីបង្កភាពងាយស្រួលដល់ការគ្រប់គ្រង និងការកែប្រែដីរបស់ប្រជាពលរដ្ឋ ដែលមាន បំណងចង់កែប្រែដីកម្មសិទ្ធិរបស់ខ្លួនទៅធ្វើអ្វីផ្សេងដែលអាចផ្តល់ប្រយោជន៍ច្រើនជាងការផលិតអំបិល។ ម្យ៉ាងវិញទៀតផែនទីកំណត់ដីស្រែអំបិលកាលពីមុនមិនបានបែងចែកប្រភេទដីស្រែអំបិលនោះទេ តែក្រោយមកនៅអំឡុងឆ្នាំ ២០២១ ទីស្តីការគណៈរដ្ឋមន្ត្រីចេញ ស.ជ.ណ ឱ្យមានការកំណត់ បែងចែកប្រភេទដីស្រែអំបិលឱ្យបានច្បាស់លាស់»។
បច្ចុប្បន្នកម្ពុជាមានផ្ទៃដីផលិតសរុបចំនួន៤.៥៧៧ហិកតា ដែល អាចផលិតអំបិលបានជាងប្រាំបួន ម៉ឺនតោនក្នុងមួយឆ្នាំ ប្រសិន បើផលិត ពេញ សមត្ថភាព និងអាកាសអំណោយផល។ទោះជាយ៉ាងណា ស្រែអំបិលនៅកម្ពុជាចាប់ផ្ដើមមិនសូវមាន អ្នកចង់ធ្វើដោយសារតែបរិមាណនាំចូលអំបិលពីបរទេសថោកជាងអំបិលក្នុងស្រុក ខណៈដីស្រែអំបិលមួយចំនួនត្រូវលក់ជាដើម៕
ដោយ៖វណ្ណ សុជាតា