សម្ដេចក្រឡាហោម ស ខេង ៖ចំនួនគ្រោះថ្នាក់ចរាចរណ៍នឹង កាត់ បន្ថយបន្ទាប់ពីច្បាប់ចរាចរណ៍ផ្លូវគោកថ្មីចូលជាធរមាន
ភ្នំពេញ៖សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ បង្ហាញនូវជំនឿមុតមាំថា ចំនួនគ្រោះថ្នាក់ ចរាចរណ៍ នឹងកាត់បន្ថយ បន្ទាប់ពីច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ចូល ជាធរមាន។សម្ដេចមានប្រសាសន៍ប្រាប់ប្រព័ន្ធផ្សព្វផ្សាយបែបនេះ នៅក្រោយកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣។
សម្ដេចក្រឡាហោម ស ខេង មានជំនឿចិត្តខ្ពស់ថា នៅពេលច្បាប់ ចរាចរណ៍ផ្លូវគោកថ្មីចូលជាធរមាន នោះចំនួនគ្រោះថ្នាក់ចរាចរណ៍ នៅកម្ពុជានឹងមានការកាត់បន្ថយ។
សម្ដេចក្រឡាហោមគូសបញ្ជាក់ពីដំណើរច្បាប់ដូច្នេះថា៖«ច្បាប់ថ្មីនេះបានឆ្លងគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោករួចរាល់ហើយ យើងកំពុងបញ្ជូនទៅក្រុមអក្សរសាស្ដ្រដើម្បីជួយមើល អក្ខរាវិរុទ្ធឱ្យបានច្បាស់លាស់។ ខ្ញុំសង្ឃឹមថានឹងជួយកាត់បន្ថយ គ្រោះ ថ្នាក់ចរាចរណ៍ ព្រោះដោយសារច្បាប់ចាស់មានចំណុច មួយ ចំនួនអត់ស្រប ។ដូច្នេះខ្ញុំគិតថាអាចជួយបានច្រើន[ជួយកាត់ បន្ថយ គ្រោះថ្នាក់ចរាចរណ៍»។
សម្ដេចក្រឡាហោម ស ខេង ប្រាប់អ្នកកាសែតថា មូលហេតុដែល នាំ ឱ្យកម្ពុជាតាក់តែងច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនេះ ជាជាងការធ្វើ វិសោធនកម្មច្បាប់ចាស់ ដោយសារច្បាប់ថ្មីមានការកែប្រែលក្ខន្តិកៈ ច្រើនស្ទើតែទាំងស្រុង ខណៈពេលច្បាប់ចរាចរណ៍ចាស់មាន ចំណុចមួយចំនួនដែលមិនសមស្របជាមួយស្ថានភាពសង្គមជាក់ស្តែងដែលសង្គមកម្ពុជាបានវិវត្តន៍នាពេលបច្ចុប្បន្ន។តួយ៉ាង លក្ខខណ្ឌ ក្នុងការប្រើប្រាស់ផ្លូវល្បឿនលឿនជាដើម។
សម្ដេចក្រឡាហោម ស ខេង បន្ថែមថា ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី នេះនឹងចូលធរមានក្នុងពេលឆាប់ៗខាងមុខនេះ បន្ទាប់ពីក្រុម ប្រឹក្សា ជាតិភាសាខ្មែរ បានពិនិត្យនិងកែសម្រួលរួចរាល់។រូប សម្ដេចនឹងធ្វើលិខិតសំណើរដាក់ទៅសម្ដេចតេជោនាយករដ្ឋមន្ត្រីហ៊ុន សែន ដើម្បីឆ្លងកាត់គណៈរដ្ឋមន្ត្រីដើម្បីអនុម័ត។
គួរបញ្ជាក់ថា សេចក្ដីព្រាងច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនេះ បាន តាក់តែងឡើងដោយកែសម្រួលខ្លឹមសារមាត្រាច្បាប់ចាស់ ចំនួន៤៨មាត្រា និងបន្ថែមមាត្រាថ្មីៗមួយចំនួនទៀត ដើម្បីឱ្យ ស្របតាមការអភិវឌ្ឍរបស់កម្ពុជា ជាពិសេសលើការអភិវឌ្ឍ ផ្លូវថ្នល់ រួមដូចជា ការពង្រីកផ្លូវ ការកសាងផ្លូវល្បឿនលឿន និងចង់បង្កើន ប្រសិទ្ធភាព កាត់បន្ថយអ្នកស្លាប់និងរបួសដោយគ្រោះ ថ្នាក់ ចរាចរណ៍ ព្រមទាំងទប់ស្កាត់ការបើកបរមានសារធាតុញៀន ជាដើម។ ច្បាប់ចរាចរណ៍ថ្មីនេះ មាន១២ជំពូក ៩០មាត្រា។
ជុំវិញបញ្ហានេះ លោកគង់ រតនៈ អ្នកជំនាញ និងអ្នកពិគ្រោះ យោបល់លើ បញ្ហាចរាចរណ៍ផ្លូវគោក យល់ស្របលើទស្សនៈ របស់សម្ដេចក្រឡាហោម ស ខេង ដោយលោកសង្កត់ធ្ងន់ថា ទស្សនៈនេះត្រឹមត្រូវដោយទាមទារនូវលក្ខខណ្ឌ ។ លោកថា ទោះបីមានច្បាប់ចរចរណ៍ល្អយ៉ាងណាក្តី បើសិនការអនុវត្តច្បាប់ នោះមិនបានត្រឹមត្រូវ និងបានទៀងទាត់នោះទេ នោះនឹងគ្មាន ប្រសិទ្ធ ភាពនោះឡើយ។
លោកគង់ រតនៈ ថ្លែងថា៖« សម្រាប់ខ្ញុំ យើងមានច្បាប់ចរាចរណ៍ ល្អហើយ ជាច្បាប់ស្របជាមួយនឹងទិដ្ឋភាពនៃការអភិវឌ្ឍ សង្គម ជាក់ស្តែង ការវិវត្តនៃស្ថានភាពផ្លូវថ្នល់ជាក់ស្តែង ក៏ប៉ុន្តែវាទាមទារ ឱ្យយើងគោរព ធ្វើម៉េចឱ្យប្រជាពលរដ្ឋ អ្នកប្រើប្រាស់ផ្លូវថ្នល់ហ្នឹង គោរពច្បាប់ ហើយអ្នកអនុវត្តច្បាប់ក៏ធ្វើដោយតម្លាភាព និង ត្រឹមត្រូវ នោះទើបមានលទ្ធផលដូចប្រសាសន៍សម្តេចស ខេង រំពឹង ទុក ។ បើសិនគ្រាន់តែច្បាប់ ហើយមិនរឹតបន្តឹងការអនុវត្តច្បាប់ទេ នោះនឹងមិនមានលទ្ធផលទេ សម្រាប់ខ្ញុំ» ។
លោកគង់ រតនៈ បញ្ជាក់ថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍ជាបញ្ហា អន្តរវិស័យដែលមានការចូលរួមពីកត្តាបី គឺ ទី១ មនុស្ស, ទី២ បរិស្ថានផ្លូវថ្នល់ និងទី៣ យានយន្ត។ លោកថា ក្នុងចំណោម បញ្ហាបីធំៗ នេះ កត្តាមនុស្ស ជាបញ្ហាចម្បងបំផុត ពោលគឺ ឥរិយាបថ អ្នកបើកបរដែលមិនគោរពច្បាប់ចរាចរណ៍ ការទទួល ទានគ្រឿងស្រវឹង មិនមានការយោគយល់អធ្យាស្រ័យដល់គ្នា ដែលជាហេតុនៃកំណើនគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា។
គួរបញ្ជាក់ថា ច្បាប់ចរាចរណ៍ផ្លូវគោកថ្មីមានខ្លឹមសារកែ សម្រួល ដើម្បីឱ្យសមស្របតាមស្ថានភាពសង្គមជាក់ស្តែង ទាំងការផាក ពិន័យ តម្រូវឱ្យអ្នកបើកបរធ្វើតេស្តរកសារធាតុញៀន ជាពិសេស លើការអភិវឌ្ឍផ្លូវថ្នល់ ដូចជាការពង្រីកផ្លូវ ការកសាងផ្លូវល្បឿន លឿន និងចង់បង្កើនប្រសិទ្ធភាព កាត់បន្ថយអ្នកស្លាប់ និងរបួស ដោយគ្រោះថ្នាក់ចរាចរណ៍ បើតាមការបញ្ជាក់ពីក្រសួង សាធារណការ និងដឹកជញ្ជូន កាលពីដើមឆ្នាំ២០២៣៕
ដោយ៖ សំបាន ច័ន្ទដារ៉ា