សេចក្តីព្រាងច្បាប់សុវត្ថិភាពចរាចរណ៍ផ្លូវគោកថ្មីត្រៀមដាក់ឆ្លងគណរដ្ឋមន្ត្រី (Video Inside)

សេចក្តីព្រាងច្បាប់ថ្មីស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក កំពុងរង់ចាំការកែសម្រូលអក្ខរាវិរុទ្ធ នៃក្រុមអក្សរសាស្ត្រជាតិនៅមុនការដាក់ឆ្លងគណរដ្ឋមន្ត្រី ដើម្បីបញ្ជូនរកការអនុម័តពីរដ្ឋសភា។

គ្រោះថ្នាក់ចរាចរណ៍ បានធ្វើឱ្យមានមនុស្សស្លាប់ និងរបួសជារៀងរាល់ថ្ងៃដោយគិតជាមធ្យម មានមនុស្ស៥នាក់ បានស្លាប់ និងជាង១០នាក់រងរបួស។ ប៉ុន្តែរាជរដ្ឋាភិបាលកំពុងរកមធ្យោបាយ ដើម្បីជួយកាត់បន្ថយទំហំ នៃតួលេខគ្រោះថ្នាក់តាមដងផ្លូវនោះជាបន្ថែមទៀត។

រាជរដ្ឋាភិបាល បានរៀបចំសាឡើងវិញ នូវការតាក់តែងច្បាប់ ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដើម្បីស្របតាមភាពជឿនលឿន នៃការអភិវឌ្ឍន៍បច្ចុប្បន្ន។ សម្តេចក្រឡាហោម ស ខេង ដែលជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានធ្វើបច្ចុប្បន្នភាពនូវសេចក្តីព្រាងច្បាប់ថ្មីនោះ និងបានប្រាប់បណ្តាញសារព័ត៌មានក្នុងឱកាសដែលបានដឹកនាំកិច្ចប្រជុំបូកសរុប លទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ នាព្រឹក ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣។

គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសក្នុងឆ្នាំ២០២២ មានមនុស្សស្លាប់ចំនួន១ពាន់ ៧០៩ នាកបើធៀបនឹងឆ្នាំ២០២១ គឺបានកើនឡើងដល់១៤ភាគរយ…ចំណែកអ្នករងរបួសមានជាង ៤ពាន់នាក់។ សម្តេចក្រឡាហោម ស ខេង បានថ្លែងរំពឹងថាច្បាប់ថ្មីដែលកំពុងតាក់តែងនេះ នឹងជួយកាត់បន្ថយគ្រោះថ្នាក់ជីវិតមនុស្សស្លាប់ និងរបួសឱ្យកាន់តែមានតួលេខទាបទៅៗ ជាលំដាប់។

សេចក្ដីព្រាងច្បាប់ថ្មីនេះ បានតាក់តែងឡើងដោយកែសម្រួលខ្លឹមសារមាត្រាច្បាប់ចាស់ចំនួន ៤៨មាត្រា និងបន្ថែមមាត្រាថ្មីៗមួយចំនួនទៀត ដើម្បីឱ្យស្របតាមការអភិវឌ្ឍរបស់កម្ពុជា ជាពិសេសលើការអភិវឌ្ឍ ផ្លូវថ្នល់ រួមដូចជាការពង្រីកផ្លូវ និងការកសាងផ្លូវល្បឿនលឿនជាដើម។

សម្ដេចក្រឡាហោមបានថ្លែងថា ច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកថ្មី នឹងក្លាយជាយន្តការថ្មីមួយទៀត ដើម្បីបង្ខំឱ្យពលរដ្ឋខ្លាចច្បាប់ ដើម្បីធានាសុវត្ថិភាព ដូចជាយន្តការដកបណ្ណបើកបរក្នុងករណីស្រវឹង ឬមានសាធាតុញៀនជាដើម។

ករណីគ្រោះថ្នាក់តាមដងផ្លូវកន្លងមក ត្រូវគេបន្ទោសថាដោយសារតែការអនុវត្តច្បាប់ធូររលុង ជាពិសេសភាពមិនប្រក្រតីរបស់មន្ត្រីនគរបាលចរាចរណ៍ដែលចូលចិត្តប្រើប្រាស់ការសម្រួល ជាជាងការអនុវត្តច្បាប់ពិតប្រាកដ ដែលកត្តានោះ បានធ្វើឱ្យអ្នកដែលមានប្រាក់មានលទ្ធភាព បង់សម្រួល តែងរួចខ្លួនពីការផាកពិន័យរបស់ច្បាប់ និងមានករណីខ្លះទៀត ដែលធ្វើឱ្យអ្នក ធ្វើដំណើរខ្លះមិនសូវចូលចិត្តនឹងការអនុវត្តបែបនោះឡើយ។

សម្ដេចក្រឡាហោម ស ខេង បានថ្លែងលើកទឹកចិត្តឱ្យពលរដ្ឋហ៊ានរាយការណ៍ អំពីករណីអនុវត្តច្បាប់មិនប្រក្រតីរបស់សមត្ថកិច្ច ដើម្បីលើកកម្ពស់ការអនុវត្តច្បាប់ឱ្យបានល្អប្រសើរ។

មន្ត្រីរាជរដ្ឋាភិបាលបានថ្លែងថា ក្នុងមួយឆ្នាំៗ គ្រោះថ្នាក់ដោយសារចរាចរណ៍ បានបង្ខាតថវិកាជាតិប្រមាណ៤៥០លានដុល្លារ។

ads banner