ការបណ្ដុះបណ្ដាលមន្រ្តីនគរបាលជាតិ ធ្វើឱ្យកងកម្លាំងមានចំណេះដឹង ជំនាញវិជ្ជាជីវៈពិតប្រាកដ ក្នុងការបម្រើវិស័យសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ប្រកបដោយគុណភាព ប្រសិទ្ធភាព

ខេត្តបាត់ដំបង ៖ នាយឧត្តមសេនីយ៍សាស្រ្តាចារ្យ ឯក មនោសែន អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា និងជា ប្រធាននាយកដ្ឋានបណ្ដុះបណ្ដាល បានថ្លែងនៅក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៦ នាសាលានគរបាលជាតិភូមិភាគ៥ នៃខេត្តបាត់ដំបង ដែលមានសិក្ខាកាមចំនួន១៨៧នាក់ កាលពីរសៀល ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ ថា៖ បណ្ឌិត្យសភានគរបាលកម្ពុជាបានបំពេញនូវភារកិច្ចស្នូលរបស់ខ្លួនប្រកបដោយស្មារតីនិងការទទួលខុសត្រូវខ្ពស់ លើការងារបណ្ដុះបណ្ដាលជូនដល់មន្រ្តីនគរបាលជាតិ ដែលទាំងនេះ គឺជាការងារអាទិភាពចាំបាច់ និងត្រូវបន្តធ្វើជាប់ជាប្រចាំ ក្នុងគោលបំណងសំដៅ ធ្វើឱ្យកងកម្លាំងនគរបាលជាតិមានចំណេះដឹងជំនាញវិជ្ជាជីវៈពិតប្រាកដ និងត្រូវមានអាកប្បកិរិយាល្អដើម្បីលើកកម្ពស់សមត្ថភាពក្នុងការបម្រើនូវវិស័យសន្តិសុខសណ្តាប់ធ្នាប់សារធរណៈនិងសុវត្ថិភាពសង្គមប្រកបដោយប្រសិទ្ធភាព ស្របតាមតម្រូវការនៃអង្គភាពនីមួយៗរបស់ខ្លួន។

នាយឧត្តមសេនីយ៍សាស្រ្តាចារ្យ បន្តថា៖ ការបណ្ដុះបណ្ដាលមន្រ្តីនគរបាលជាតិ គឺធ្វើឡើងក្នុងគោលបំណងធ្វើឱ្យកងកម្លាំងនគរបាលជាតិមានចំណេះដឹង ជំនាញវិជ្ជាជីវៈដ៏ពិតប្រាកដនិងត្រូវមានអាកប្បកិរិយាល្អ ដើម្បីបម្រើការងារនៅក្នុងវិស័យសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ប្រកបដោយប្រសិទ្ធភាព ស្របតាមតម្រូវការនៃអង្គភាពប្រើប្រាស់កងកម្លាំង ផែនការអភិវឌ្ឍន៍នូវធនធានមនុស្សរបស់ក្រសួងមហាផ្ទៃនិងឆ្លើយតបគោលនយោបាយរបស់រាជរដ្ឋាភិបាល។

នាយឧត្តមសេនីយ៍ ឯក មនោសែន បានថ្លែងដោយសង្កត់ធ្ងន់បន្ថែមថា៖ ប្អូនៗជាសិស្សនគរបាល ដែលទទួលបាន នូវជ័យលាភីថ្ងៃនេះគឺនិងបានក្លាយជាមន្រ្តីនគរបាលបន្តវេន និងជាធនធានមនុស្សថ្មីដែលមានគុណភាពនិងប្រកបដោយសមត្ថភាពសមស្របដែលរាជរដ្ឋាភិបាលនិងក្រសួងមហាផ្ទៃបានធ្វើការជ្រើសរើសយកមកបម្រើជាតិ និងប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។

នាយឧត្តមសេនីយ៍ ឯក មនោសែន ក៏បានថ្លែងកោតសរសើរផ្ដាំផ្ញើដល់លោកឧត្តមសេនីយទោ ប៉ិ វ៉ាន់ នាយកសាលានគរបាលជាតិភូមិភាគ៥ ឱ្យខិតខំបន្តអនុវត្តន៍ទៅតាមផែនការនិងស្ដង់ដារគុណភាពដែលបានកំណត់ ដើម្បីសម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀត ហើយក៏បានណែនាំដល់សិស្សនគរបាលជ័យលាភីទាំងអស់ ក្រោយពីត្រឡប់ទៅកាន់អង្គភាពខ្លួនវិញ ត្រូវយកចំណេះដឹងនិងជំនាញទាំងនេះ ទៅប្រើប្រាស់ឱ្យមានប្រយោជន៍ដល់អង្គភាពនិងសង្គមជាតិ ៕.អ៊ុក សំអាន បប

ads banner