សហរដ្ឋអាមេរិកគ្រោងនឹងបញ្ចប់ការប្រកាសអាសន្នជំងឺកូវីដ-១៩ នៅខែឧសភាខាងមុខ

វ៉ាស៊ីនតោន៖ រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ក្នុងថ្ងៃចន្ទសប្តាហ៍នេះ បានបញ្ជាក់ថា ខ្លួននឹងបិទបញ្ចប់ការប្រកាសអាសន្នជំងឺកូវីដ១៩ នៅថ្ងៃទី១១ ខែឧសភាខាងមុខ ពោលជិតបីឆ្នាំបន្ទាប់ពីសហរដ្ឋអាមេរិកបានដាក់វិធានការដ៏ខ្លាំងក្លា ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសឆ្លងដ៏កាចសាហាវមួយនេះ។

ការិយាល័យគ្រប់គ្រង និងថវិការបស់សេតវិមាន (OMB) បានប្រកាសបញ្ចប់គ្រាអាសន្ននៅត្រឹមថ្ងៃទី១១ ខែឧសភា ដោយគោលនយោបាយរដ្ឋបាល បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា ការបញ្ចប់នេះ នឹងស្របតាមការប្តេជ្ញាចិត្តពីមុនរបស់រដ្ឋបាល ក្នុងការផ្តល់ការជូនដំណឹងយ៉ាងហោចណាស់៦០ថ្ងៃមុនពេលបញ្ចប់។

ការិយាល័យគ្រប់គ្រង និងថវិការបស់សេតវិមាន (OMB) បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយទៀតថា លោក ចូ បៃដិន នឹងបោះឆ្នោតវេតូលើសេចក្តីព្រៀងដែលបានស្នើឡើងនៅក្នុងសភាអាមេរិក ដែលនឹងលុបចោលការតម្រូវឱ្យចាក់សាំងបង្ការជំងឺកូវីដ១៩សម្រាប់អ្នកផ្តល់សេវាថែទាំសុខភាពមួយចំនួន។

គួរបញ្ជាក់ថា គ្រាអាសន្នជាតិនៃជំងឺកូវីដ-១៩ និងគ្រាអាសន្នផ្នែកសុខភាពសាធារណៈ (PHE) ត្រូវបានដាក់ឱ្យដំណើរការក្នុងឆ្នាំ ២០២០ ដោយរដ្ឋបាលរបស់អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ហើយនៅពេលដែលលោក ចូ បៃដិន ឡើងកាន់តំណែងបន្ត វិធានការខាងលើត្រូវបានពង្រីកម្តងហើយម្តងទៀត ដោយសារតែការផ្ទុះឡើងនៃករណីឆ្លងថ្មីៗកើនឡើងជាបន្តបន្ទាប់៕ ប្រភព៖ រ៉យទ័រ ប្រែសម្រួលដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner