ធនាគារ SMBC ចង់ផ្តល់ហិរញ្ញប្បទានលើគម្រោងធំៗ ចំនួនពីរ នៅកម្ពុជា ក្នុងតម្លៃជាង ៤២លានដុល្លារ
ភ្នំពេញ៖ ប្រតិភូសាជីវកម្មធនាគារ ស៊ូមីតូម៉ូ ម៉ីតស៊ុយ (Sumitomo Mitsui Banking Corporation (SMBC) លើផ្នែកហិរញ្ញវត្ថុ សម្រាប់ គម្រោងអភិវឌ្ឍន៍ បានបង្ហាញបំណងចង់ផ្តល់ហិរញ្ញប្បទាន លើគម្រោងធំៗចំនួនពីរនៅកម្ពុជា ខណៈគម្រោងនេះមានតម្លៃ រហូតជាង ៤២លានដុល្លារអាមេរិក។ នេះបើយោងតាមលទ្ធផល នៃជំនួបពិភាក្សាការងាររវាងប្រភិភូធនាគារ SMBC ជាមួយរដ្ឋមន្រ្តី ក្រសួងសាធារណការ និងដឹកជញ្ជូន កាលរសៀលថ្ងៃទី៣០ ខែមករា។
នាឱកាសនោះឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ការអភិវឌ្ឍលើ វិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ចូន និងភស្តុភារកម្ម គឺនៅតែជា យុទ្ធសាស្រ្តចម្បងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ សេដ្ឋកិច្ចជាតិ ដែលរដ្ឋាភិបាលបានយកចិត្តទុកដាក់ជាខ្លាំង។
ជាក់ស្តែងការអភិវឌ្ឍវិស័យកំពង់ផែ រួមមាន ការអភិវឌ្ឍកំពង់ផែ ក្រុងព្រះសីហនុ និងកំពង់ផែពហុបំណងខេត្តកំពត។ ឯកឧត្តម បន្ថែមថា រាជរដ្ឋាភិបាលក៏មានគម្រោងនឹងកែប្រែ មុខ មាត់ខេត្ត ព្រះសីហនុទាំងមូល ឱ្យក្លាយទៅជាប៉ូលសេដ្ឋកិច្ចពិសេស ដោយរួមបញ្ចូលទាំងវិស័យដឹកជញ្ជូន កំពង់ផែ ភស្តុភារកម្ម រោងចក្រ ថាមពល ទេសចរណ៍ បដិសណ្ឋារកិច្ច នឹងប្រមូលផ្តុំនៅទីនោះថែម ទៀត។
ទាក់ទងនឹងវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនតាមផ្លូវទឹកវិញឯកឧត្តម ស៊ុន ចាន់ថុល ក៏បានលើកឡីងពីគម្រោងការជីកព្រែកតភ្ជាប់ ទន្លេបាសាក់ ទៅកាន់កំពង់ផែសមុទ្រនៃខេត្តកំពត ដើម្បីសម្រួល ដល់ការដឹកជញ្ជូនទំនិញតាមផ្លូវទឹក ឱ្យកាន់តែមានភាពងាយស្រួល ចំណេញពេលវេលា និងកាត់បន្ថយការចំណាយ។
ឯកឧត្តមរដ្ឋមន្ត្រីរូប បានសង្កត់ធ្ងន់ថា ៖ «គម្រោងនេះត្រូវបាន សិក្សាលម្អិតរួចរាល់ទាំងផ្នែកបច្ចេកទេស និងផ្លូវច្បាប់ ដែល មិនមានអ្វីជាការប៉ះពាល់ឡើយ បើសិនជាយើងរកបានដៃគូអភិវឌ្ឍន៍ ហើយធ្វើឱ្យលេចចេញជារូបរាង នោះវានឹងក្លាយជាគម្រោង ប្រវត្តិសាស្ត្រ ដែលនឹងផ្លាស់ប្តូរមុខមាត់កម្ពុជាទាំងមូល ក្នុងវិស័យ នាវាចរណ៍នេះផងដែរ»។
ជាការឆ្លើយតប លោក Rajeev Kannan នាយកប្រតិបត្តិ SMBC ប្រចាំតំបន់អាស៊ីប៉ាស៊ីស្វិក ប្រតិភូ SMBC បានសម្តែងនូវចំណាប់ អារម្មណ៍ខ្ពស់លើគម្រោងអភិវឌ្ឍន៍នានារបស់ក្រសួង និងបានកោត សរសើរចំពោះការរីកចម្រើនក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងដឹក ជញ្ជូន របស់កម្ពុជា។
ជាងនេះទៀត ប្រតិភូនៃធនាគារ SMBCរូបនេះ បានបញ្ជាក់ដែរថា SMBC កំពុងសម្លឹងមើលឱកាសក្នុងការសហការជាមួយ រាជរដ្ឋា ភិបាល ពិសេសស្វែងរកឱកាសក្នុងការវិនិយោគ ចំពោះបណ្ដា គម្រោងថ្មីៗរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ជាពិសេសគឺ នៅក្នុងវិស័យភស្តុភារកម្ម និងវិស័យកំពង់ផែ។
លោក Rajeev Kannan បានបញ្ជាក់ថា ៖ «គម្រោងធំៗចំនួនពីរ ដែល SMBC ផ្ដោតការចាប់អារម្មណ៍ជាខ្លាំងក្នុងការផ្តល់ហិរញ្ញប្បទាន គឺគម្រោងកំពង់ផែទេសចរណ៍ខេត្តកំពត និងគម្រោងការអភិវឌ្ឍ ផែនការមេភស្តុភារកម្ម ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលក្នុងផែនការ មេនេះមានគម្រោងជាង ៣៣២គម្រោង ជាមួយនឹងទឹកប្រាក់ជាង ៤២លានដុល្លារអាមេរិក»។
ទាក់ទងទៅនឹងវិស័យហិរញ្ញវត្ថុសម្រាប់គម្រោងអភិវឌ្ឍន៍នាពេលកន្លងមក ធនាគារ SMBC គឺមានបទពិសោធន៍ជាច្រើន និងរយៈពេលជា យូរឆ្នាំ ទាំងក្នុង និងក្រៅតំបន់ ខណៈក្នុងប្រទេសកម្ពុជាផងដែរ ធនាគារ SMBC ក៏កំពុងសហការជាមួយធនាគារអេស៊ីលីដា អនុវត្តនូវគម្រោងក្នុងការលើកម្ពស់គោលដៅអភិវឌ្ឍប្រកបដោយចីរភាព ដែលស្របគ្នាជាមួយការជំរុញលើកទឹកចិត្ត ការប្រើប្រាស់យាន យន្តដើរដោយថាមពលអគ្គិសនីរបស់រាជរដ្ឋាភិបាលកម្ពុជា។ នេះបើ តាមការបញ្ជាក់បន្ថែមពី លោក Rajeev Kannan នាយកប្រតិបត្តិ SMBC ប្រចាំតំបន់អាស៊ីប៉ាស៊ីស្វិក។
សូមរម្លឹកដែរថា បើតាមឯកឧត្តម ស៊ុន ចាន់ថុល ធ្លាប់បានលើក ឡើងឱ្យដឹងថា កម្ពុជានឹងត្រូវការថវិកាប្រមាណ ៤៨ប៊ីលានដុល្លារ អាមេរិក ដើម្បីអនុវត្តគម្រោងប្រព័ន្ធដឹកជញ្ជូនចំនួន៣៣០គម្រោង ក្នុងរយៈពេល១០ឆ្នាំខាងមុខ ខណៈថវិកាទាំងនេះនឹងផ្តោតខ្លាំង សម្រាប់ ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងបង្កើនប្រសិទ្ធភាព នៃការដឹកជញ្ជូន ភស្តុភារកម្ម និងអភិវឌ្ឍន៍ខ្សែសង្វាក់ផ្គត់ផ្គង់ ជាដើម៕
ដោយ៖សែម ពិសី