លោក ម៉ាក្រុង៖ បារាំងនឹងមិនបដិសេធការបញ្ជូនយន្តហោះចម្បាំងទៅឱ្យអ៊ុយក្រែនឡើយ

ឡាអេ៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង នៅថ្ងៃចន្ទសប្តាហ៍នេះ បាននិយាយថា គាត់នឹងមិនបដិសេធការបញ្ជូនយន្តហោះចម្បាំងទៅឱ្យអ៊ុយក្រែននោះទេ ប៉ុន្តែបានព្រមានប្រឆាំងនឹងហានិភ័យនៃការកើនឡើងនៅក្នុងជម្លោះរុស្ស៊ី និងអ៊ុយក្រែន។

“គ្មានអ្វីត្រូវបានដកចេញជាគោលការណ៍ទេ” ដែលនេះជាសម្តីរបស់លោក ម៉ាក្រុង ធ្វើឡើងបន្ទាប់ពីកិច្ចពិភាក្សាជាមួយនាយករដ្ឋមន្ត្រីហូឡង់ លោក ម៉ាក រូត នៅពេលត្រូវបានសាកសួរអំពីលទ្ធភាពនៃការបញ្ជូនយន្តហោះចម្បាំងដល់ទីក្រុងកៀវ ខណៈដែលអ៊ុយក្រែនកំពុងតស៊ូប្រយុទ្ធនឹងការឈ្លានពានរបស់រុស្ស៊ី។

ប៉ុន្តែលោក ម៉ាក្រុង បានដាក់ចេញនូវ “លក្ខណៈវិនិច្ឆ័យ” ជាបន្តបន្ទាប់ មុននឹងធ្វើការសម្រេចចិត្តណាមួយ ក្នុងគ្រាដែលអ៊ុយក្រែនកំពុងបង្កើនការអំពាវនាវសុំជំនួយសព្វាអាវុធទំនើបៗបន្ថែមទៀតពីលោកខាងលិច ត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីសម្ព័ន្ធមិត្តរបស់ខ្លួនបានសន្យាថា នឹងផ្តល់រថក្រោះប្រយុទ្ធរាប់រយគ្រឿង។

លោក ម៉ាក្រុង ក៏បានអះអាងដែរថា ការចែកចាយសព្វាវុធណាមួយ មិនត្រូវធ្វើឱ្យចុះខ្សោយដល់សមត្ថភាពរបស់កងកម្លាំងប្រដាប់អាវុធបារាំងឡើយ និងថា ប្រជាជនអ៊ុយក្រែនមិនបានធ្វើសំណើបែបនេះទេនៅពេលនេះ សម្រាប់យន្តហោះចម្បាំង។

ទោះបីជាយ៉ាងណា នាពេលថ្មីៗនេះ អ្នកនយោបាយហូឡង់បានបណ្តែតគំនិតក្នុងការបញ្ជូនយន្តហោះចម្បាំង F-16 ទៅឱ្យអ៊ុយក្រែន ប៉ុន្តែលោក រូត បានបន្ទរការលើកឡើងយ៉ាងប្រុងប្រយ័ត្នរបស់លោក ម៉ាក្រុង ដោយនិយាយថា វាគ្មានបម្រាមទេ ប៉ុន្តែវានឹងជាជំហានដ៏ធំមួយ។

មេដឹកនាំបារាំង និងហូឡង់បានធ្វើអត្ថាធិប្បាយរបស់ពួកគេបែបនេះ មួយថ្ងៃបន្ទាប់ពីអធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូលស៍ បាននិយាយថា ប្រទេសរបស់គាត់នឹងមិនបញ្ជូនយន្តហោះចម្បាំងទៅឱ្យអ៊ុយក្រែនឡើយ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner