ម្ចាស់អាជីវកម្ម និងអ្នកជំនាញទេសចរណ៍ សាទរការលើកពន្ធ របស់ រាជរដ្ឋា ភិបាលចំពោះខេត្តសៀមរាប និងស្នើសុំការលើកលែងដល់ ខេត្តទេសចរណ៍ផ្សេងទៀត
ភ្នំពេញ៖ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបន្តលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទដល់សណ្ឋាគារ, ផ្ទះសំណាក់, និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ នៅខេត្តសៀមរាប សម្រាប់រយៈពេល បីខែ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣មក សមាគមទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍នៅខេត្តសៀមរាប បានសាទរយ៉ាងខ្លាំងចំពោះការអនុគ្រោះនេះ។
យោងតាម សេចក្ដីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជាអំពីវិធានការបន្ថែម សម្រាប់បន្តគ្រប់គ្រងផលប៉ះពាល់ និងគាំទ្រការងើបឡើងវិញ នៃវិស័យទេសចរណ៍នៅកម្ពុជា បានលើកឡើងថា សកម្មភាពអាជីវកម្មក្នុង គោលដៅទេសចរណ៍ជាច្រើនរួមទាំងរាជធានីភ្នំពេញ, ខេត្តក្នុងតំបន់ឆ្នេរ និងខេត្តមួយចំនួនទៀត មានកំណើនគួរឱ្យកត់សម្គាល់ ដោយសារការកើនឡើងយ៉ាងគំហុកនៃភ្ញៀវទេសចរជាតិ, ធុរជន និងវិនិយោគិន។
ទោះជាយ៉ាងនេះក្តី កំណើននៃភ្ញៀវទេសចរអន្តរជាតិអាចនឹងនៅបន្តមានភាពយឺតយ៉ាវក្នុងរយៈពេលខ្លីទៅ មធ្យមខាងមុខ ដោយសារភាពមិនប្រាកដប្រជានៃស្ថានភាពសេដ្ឋកិច្ចសកល ដែលបន្តចោទជាសម្ពាធដល់ វិស័យទេសចរណ៍ក្នុងគោលដៅមួយចំនួន ដែលតែងតែអាស្រ័យលើភ្ញៀវទេសចរអន្តរជាតិ ។
ក្នុងបរិការណ៍នេះ ដោយពិនិត្យលើស្ថានភាពសង្គម-សេដ្ឋកិច្ច និងពាណិជ្ជកម្មទាំងក្នុងក្របខណ្ឌ សកលលោក, តំបន់ និងក្នុងប្រទេស រាជរដ្ឋាភិបាលសម្រេចដាក់ចេញនូវវិធានការបន្ថែមជូនវិស័យទេសចរណ៍ រួមមាន បន្តលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ លើកលែងតែអាករលើតម្លៃបន្ថែម សណ្ឋាគារ, ផ្ទះសំណាក់, និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះញ្ជីជាមួយអគ្គ- នាយកដ្ឋានពន្ធដារ និងមានសកម្មភាពអាជីវកម្ម នៅខេត្តសៀមរាប សម្រាប់រយៈពេលបីខែគឺពីខែ មករា ដល់ខែ មីនា ឆ្នាំ២០២៣។
អាជីវកម្មទាំងអស់នេះនៅតែមានកាតព្វកិច្ចដាក់លិខិតប្រកាសពន្ធអាករនិងប្រើប្រាស់ប្រព័ន្ធអនឡាញសម្រាប់ការគ្រប់គ្រងអាករលើតម្ល បន្ថែម (E-VAT) ជារៀងរាល់ខែ ក្នុងអំឡុងពេលនេះ ។
បន្ថែមលើសពីនេះរាជរដ្ឋាភិបាល ក៏បន្តផ្តល់ការសម្របសម្រួលតាមរយៈការបង្កកតួលេខបំណុលត្រឹមចុងឆ្នាំ២០១៩ និងមិនគិត ការពិន័យសម្រាប់ឆ្នាំ២០២៣ សម្រាប់វិស័យទេសចរណ៍ និងបន្តជំរុញអាជីវកម្មក្នុងវិស័យទេសចរណ៍ រៀបចំកម្មវិធីអភិវឌ្ឍន៍ជំនាញជូនដល់បុគ្គលិករបស់ ខ្លួន ដោយខ្លួនឯង និងមានលទ្ធភាពស្នើសុំការគាំទ្រហិរញ្ញប្បទាន ពីសំណាក់គម្រោងមូលនិធិ អភិវឌ្ឍន៍ជំនាញ (SDF) តាមការចាំបាច់។
លោក នួន ចាន់តារា អ្នកគ្រប់គ្រងសណ្ឋាគារស្តារីអង្គរ នៅខេត្តសៀមរាប បានប្រាប់ឱ្យដឹងដែរថា ក្រោយពីទទួលបានការជូនដំណឹងពីការលើកលែងពន្ធនេះ មិនត្រឹមតែសណ្ឋាគាររបស់លោកនោះទេ ប្រតិបត្តិករទេសចរណ៍ដទៃទៀតនៅខេត្ត សុទ្ធរីករាយចំពោះការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលនេះ។
លោកបានបញ្ជាក់ថា៖ «ការបន្តលើកលែងបីខែទៀតនេះគឺបន្តជួយដល់ប្រតិបត្តិយើង ជាពិសេសនិយោជកនៅក្នុងវិស័យទេសចរណ៍ខេត្តសៀមរាបយើង ដូចជាសណ្ឋគារផ្ទះសំណាក់ជាដើម គឺសន្សំការចំណាយរបស់គាត់ ទោះបីជាដើមឆ្នាំ២០២៣នេះ ភ្ញៀវចាប់ផ្តើមមានកំណើនឡើងវិញក៏ពិតមែន តែមិនទាន់ប្រសើរដូចមុនកូវីដ១៩នៅឡើយ។ដូច្នេះការសម្រេចរបស់រាជរដ្ឋាភិបាលនេះ ពិតជាជួយបានច្រើនណាស់»។
ជាមួយគ្នានេះ លោក ធួន ស៊ីណាន ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន IMCT ខូអិលធីឌី និងជាប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា (PATACC) បានឱ្យដឹងដែរថា នេះជាក្តីរីករាយមួយសម្រាប់អាជីវកម្មទេសចរណ៍ នៅខេត្តសៀមរាប ដែលរាជរដ្ឋាភិបាល បានមើលឃើញនូវអ្វី ដូចសមាគមបានឃើញ ដោយប្រតិបត្តិករទេសចរណ៍ទាំងអស់ក្នុងខេត្តសាទរចំពោះការសម្រេចនេះ។
ទោះជាយ៉ាងណាក៏ដោយ លោក ស៊ីណាន យល់ឃើញថាថ្វីត្បិតតែខេត្តសៀមរាបមានផលប៉ះពាល់ច្រើនជាងគេពីវិបត្តិទាំងនេះ តែរាជរដ្ឋាភិបាលគួរបន្តពិចារណាការលើកលែងដូចគ្នានេះ ចំពោះខេត្តទេសចរណ៍ដទៃទៀត ព្រោះស្ថានភាពទេសចរណ៍នៅក្នុងខេត្តដទៃទៀតក៏ប្រហាក់ប្រហែលនឹងខេត្តសៀមរាបផងដែរ។
លោកបានបញ្ជាក់ថា ៖ «ខ្ញុំសូមអបអរសាទរនូវការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ប៉ុន្តែគួរតែអនុវត្តឱ្យបានទូលំទូលាយ ជាងនេះ ដែលមិនត្រឹមតែសៀមរាបមួយទេ ព្រោះថា នៅភ្នំពេញនិងខេត្តព្រះសីហនុ ក៏ជួបបញ្ហាច្រើនដែរ។ដូចនេះ គោលនយោបាយមិនគួរអនុវត្តចំពោះតែទីក្រុងណាមួយនោះទេ គួរអនុវត្តឱ្យបានទូលំទូលាយជាងនេះ»។
លោកបានបន្តថា ក្រៅពីការលើកលែងពន្ធហើយ រាជរដ្ឋាភិបាលគួរចំណាយលុយបន្ថែមលើការផ្សព្វផ្សាយឱ្យបានច្រើនពីគោលដៅទេសចរណ៍របស់កម្ពុជា ទៅកាន់ពិភពលោក ខណៈដែលការផ្សព្វផ្សាយរបស់កម្ពុជានាពេលបច្ចុប្បន្ននេះ មានកម្រិតតិចតួចជាងបណ្តាប្រទេសជិតខាងនៅឡើយ ។ដូចនេះទាមទារឱ្យមានកញ្ចប់ថវិកាក្នុងកម្រិតណាមួយ ដើម្បីជំរុញការផ្សព្វផ្សាយពីមុខមាត់ និងការបើកដំណើរការឡើងវិញនៃវិស័យទេសចរណ៍នៅឆាកតំបន់ និងអន្តរជាតិ។
គួរជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តតាមដានយ៉ាងខ្ជាប់ខ្ជួននូវស្ថានភាពនៃវិបត្តិនៃជំងឺកូវីដ-១៩ ជាពិសេសការ ប្រែប្រួលនិន្នាការតំបន់ និង សកលលើសង្គម-សេដ្ឋកិច្ច និងត្រៀមដាក់ចេញនូវវិធានការបន្ថែមទៀត សំដៅ ស្តារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិឡើងវិញ ប្រកបដោយភាពធន់, ចីរភាព និងបរិយាបន្ន ក្រោមក្របខណ្ឌ យុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាព ថ្មី សម្រាប់ឆ្នាំ ២០២១-២០២៣ ៕
ដោយ៖វណ្ណ សុជាតា