ប៉ូឡូញនឹងបង្កើនការចំណាយលើវិស័យការពារជាតិដល់ ៤ភាគរយនៃ GDP
វ៉ាសូវី៖ នាយករដ្ឋមន្រ្តីប៉ូឡូញ លោក ម៉ាថេអ៊ូស ម៉ូរ៉ាវៀស្គី នៅថ្ងៃចន្ទសប្តាហ៍នេះ បាននិយាយថា ប្រទេសរបស់គាត់មានផែនការចំណាយរហូតដល់ ៤ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) របស់ខ្លួន ទៅលើវិស័យការពារជាតិនៅក្នុងឆ្នាំ ២០២៣ ដែលនេះទំនងជាមហិច្ឆតាដ៏ធំបំផុត ក្នុងចំណោមរដ្ឋសមាជិកទាំងអស់នៃអង្គការណាតូ។
ទីភ្នាក់ងារសារព័ត៌មានប៉ូឡូញ (PAP) បានរាយការណ៍ថា អមដំណើរដោយរដ្ឋមន្ត្រីការពារជាតិប៉ូឡូញ លោក ម៉ារីអ៊ូស ប្លាសហ្សាក់ នាយករដ្ឋមន្រ្តីប៉ូឡូញ លោក ម៉ាថេអ៊ូស ម៉ូរ៉ាវៀស្គី បានទៅទស្សនកិច្ចកងពលធំទី១៨ របស់កងកម្លាំងប្រដាប់អាវុធប៉ូឡូញ នៅទីក្រុងសាយឌល ភាគខាងកើតប្រទេសប៉ូឡូញ កាលពីថ្ងៃចន្ទសប្តាហ៍នេះ។
នាឱកាសនោះដែរ លោក ម៉ូរ៉ាវៀស្គី បានប្រាប់អ្នកសារព័ត៌មានថា រដ្ឋាភិបាលរបស់គាត់បានចាត់ទុកការពង្រឹងសមត្ថភាពកងកម្លាំងប្រដាប់អាវុធជាអាទិភាពចម្បង ហើយចង់ឃើញកងទ័ពណាតូបន្ថែមទៀតឈរជើងនៅក្នុងប្រទេសប៉ូឡូញ។ លោកថា តាមរយៈការបង្កើនថវិកាការពារជាតិដល់ទៅ ៤ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) ប៉ូឡូញនឹងក្លាយជាអ្នកចំណាយកំពូលរបស់អង្គការណាតូ។
សូមបញ្ជាក់ថា កាលពីឆ្នាំមុន ប្រទេសប៉ូឡូញបានធ្វើការវិនិយោគទឹកប្រាក់ដ៏ធំសម្បើម ក្នុងការបញ្ជាទិញសម្ភារៈយោធា ក្នុងនោះមានរថក្រោះ Abrams និងប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែត HIMARS ពីសហរដ្ឋអាមេរិក និងកាំភ្លើងយន្ត howitzers រថក្រោះ និងយន្តហោះចម្បាំងពីកូរ៉េខាងត្បូង៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ទីណា