នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ថ្លែងថា ដោយសារប្រទេសជាតិមានសុខសន្តិភាពធ្វើឱ្យស្រ្តីមានឱកាសទទួលបានចំណេះដឹងនិងមានធនធានមនុស្សជាច្រើនហើយទទួលបានសិទ្ធិពេញលេញក្នុងការចូលរួមចំណែកយ៉ាងសកម្ម ក្នុងកិច្ចអភិវឌ្ឍសេដ្ឋកិច្ច-សង្គម
លណ្តាល ៖ ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្ដេចតេជោ ហ៊ុន សែន និងលោកជំទាវ ប៉ែន ចន្នី បានលើកឡើងក្នុងពិធីអបអសាទរ ខួបលើកទី១១២ ទិវានារីអន្តរជាតិ ៨មីនា ក្រោមប្រធានបទ ” មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ “និងសំណេះសំណាលជាមួយនារី គ្រួសារយោធិនរបស់បញ្ជាការដ្ឋានអង្គរក្ស នៅរសៀលថ្ងៃទី៣០ ខែមករា ២០២៣។
ឯកឧត្តម នាយឧត្តមសេនីយ៍កិតិ្តបណ្ឌិត ហ៊ីង ប៊ុនហៀង បានលើកឡើងថា ប្រសិនបើប្រទេសជាតិយើងមានសង្រ្គាមអស្ថិរភាពនយោបាយគ្មានសន្តិភាពយើងមិនបានគិតគូរពីការអភិវឌ្ឍន៍ភូមិឃុំសហគមន៍ស្រ្តីយ៉េនឌ័រ សិទ្ធិស្រ្តី សិទ្ធិកុមារ សិទ្ធិមនុស្សនោះទេ។ កត្តាសំខាន់គឺការពារសន្តិភាពនិងថែរក្សាសន្តិភាព ហើយស្រ្តីក៍មានតួនាទីថែរក្សាសន្តិភាពដែលមានប្រយោជន៍សម្រាប់ខ្លួនឯង គ្រួសារនិងសង្គមជាតិ។អង្គការសហប្រជាជាតិបានកោតសរសើរចាត់ទុកប្រទេសកម្ពុជាជាប្រទេសគំរូដែលបានបញ្ជូនស្រ្តីមួកខៀវលើសកូតា១៥%ដល់ទៅ១៧%ទៅចូលរួមថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ វឌ្ឍនៈភាពស្ថានភាពរបស់ស្រ្តីលើវិស័យអប់រំគំលាតយ៉េនឌ័ររវាងក្មេងប្រុសនិងក្មេងស្រីនៅថ្នាក់បឋមសិក្សានិងមធ្យមសិក្សាមានកំរិតទាបបំផុតគំលាតយ៉េនឌ័រនៅមានបន្តិចបន្ទួចនៅមធ្យមសិក្សាទុតិយភូមិចំពោះកំរិតឧត្ដមសិក្សាគំលាតយ៉ែនឌ័រកំពុងកាត់បន្ថយបន្តិចម្ដងៗ។ពាក់ពន្ធ័លើសុខភាពស្រ្តី សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន បានចូលរួមចំណែកយ៉ាងសកម្មដើម្បីកាត់បន្ថយអត្រាមរណៈភាពមាតានិងទារក។ ប្រទេសកម្ពុជាយើងក្នុងចំណោមប្រទេស១០លើពិភពលោកបានឈានទៅសម្រចគោលដៅអភិវឌ្ឍន៍សហស្សវត្សន៍ឆ្នាំ២០១៥នៅលើវិស័យសុខភាពក្នុងការកាត់បន្ថយអត្រាមរណៈភាពមាតានិងទារក។ក្នុងវិស័យសេដ្ឋកិច្ចបើប្រៀបធៀបប្រទេសក្នុងតំបន់ប្រទេសកម្ពុជាមានអត្រាស្រ្តីចូលរួមក្នុងវិស័យសេដ្ឋកិច្ចមានកម្លាំងពលកម្មខ្ពស់មានដល់៨០%។ ក្នុងសហគ្រាសធនតូចនិងមធ្យមមានចំនួនមនុស្សជិតកន្លៈលាននាក់ក្នុងនោះមានស្រ្តី៦៥%ជាម្ចាស់ដឹកនាំសហគ្រាស។
នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានលើកឡងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានផ្តោតការយកចិត្តទុកដាក់លើកកម្ពស់សមភាពយេនឌ័រតាមក្រសួងស្ថាប័ន ទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិដាក់ចេញគោលនយោបាយ យន្តការច្បាប់ជាច្រើនដើមី្បសមភាពយេនឌ័រក្នុងភាពជាអ្នកដឹកនាំឱ្យកាន់តែល្អប្រសើរឡើងប្រកបដោយសមធម៌នោះ។ ដូច្នេះថ្នាក់ដឹកនាំបន្ត ខិតខំធ្វើយ៉ាងណាលើកកម្ពស់ស្រ្តី ឲ្យមានការចូលរួមឈរឈ្មោះជាអ្នកដឹកនាំក្នុងជួរស្រុកឃុំភូមិកាន់តែច្រើនបន្ថែមទៀត។ការបង្កើនការចូលរួមរបស់ស្រ្តីក្នុងជួរថ្នាក់ដឹកនាំ ក្នុងវិស័យសេដ្ឋកិច្ច, សមភាពយេនឌ័រក្នុងវិស័យអប់រំ, ស្ថានភាពសុខភាពល្អ, និងសមភាពក្នុងតួនាទីធ្វើសេចក្តីសម្រេចចិត្តក្នុងវិស័យសាធារណៈ និងនយោបាយបានធ្វើឱ្យស្ត្រីបានរួមចំណែកយ៉ាងសកម្មក្នុងកិច្ចអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។ចំណុចនៃការបង្កើនការចូលរួមរបស់ស្រ្តី បានជំរុញឱ្យសិស្សស្រី មានការកើនឡើងទាំងបរិមាណ និងគុណភាព ជួយឱ្យស្ត្រីកម្ពុជា ក្លាយជាកម្លាំងចលករយ៉ាងសកម្ម ក្នុងការរួមចំណែកបង្កើនកំណើន សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ កាត់បន្ថយភាពក្រីក្រជាដើម។ ឯកឧត្ដមបាន ជម្រុញការលើកកម្ពស់ស្រ្តីបន្តការចូលរួម ការកែប្រែឥរិយាបទសង្គម ដែលនៅមានការរើសអ៊ើងចំពោះស្រ្តី តាមរយៈការគាំទ្រ លើកទឹកចិត្ត និងផ្តល់ឱកាសឱ្យស្ត្រី ដោយស្មើភាពជាមួយបុរស ហើយត្រូវចាត់ទុកស្ត្រីជាដៃគូរសំខាន់ ក្នុងការអភិវឌ្ឍគ្រួសារក៏ដូចជាសង្គម និងត្រូវប្រកាន់យកនូវទស្សនៈ “ជួយស្ត្រីគឺជួយខ្លួនឯង”។ ជាងនេះទៅទៀត ស្ត្រីខ្លួនឯង ត្រូវខិតខំបង្កើនចំណេះដឹងជំនាញ សមត្ថភាព និងរក្សាឱ្យបានប្រណៃនូវសីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារដើម្បីលើកកម្ពស់សក្តានុពលរបស់ស្ត្រីក្នុងសង្គម ៕
ដោយ-រ៉ាវុធ