ឯកឧត្តម ប៉ាន សូរសក្ត័ ៖ ក្រសួងពាណិជ្ជកម្មបោះជំហ៊ានមួយកម្រិតទៀត ក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន តាមរយៈការដាក់ឱ្យដំណើរការប្រព័ន្ធស្វ័យប្រវត្តកម្មគ្រប់គ្រងរដ្ឋបាល (AAS) ដើម្បីគ្រប់គ្រងមន្រ្តីរបស់ខ្លួន

ភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានគលើកឡើងថា ៖ ក្រសួងពាណិជ្ជកម្មបោះជំហ៊ានមួយកម្រិតទៀត ក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន តាមរយៈការដាក់ឱ្យដំណើរការប្រព័ន្ធស្វ័យប្រវត្តកម្មគ្រប់គ្រងរដ្ឋបាល (AAS) ដើម្បីគ្រប់គ្រងមន្រ្តីរបស់ខ្លួន។

ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងបន្តថា ដើម្បីធ្វើឱ្យការងាររដ្ឋបាលទូទៅ និងការគ្រប់គ្រងព័ត៌មានមន្រ្តីរាជការរបស់ក្រសួងពាណិជ្ជកម្ម មានភាពងាយស្រួល ឆាប់រហ័ស ច្បាស់លាស់ និងឆ្លើយតបតាមតម្រូវការជាក់ស្តែងស្របតាមបរិបទរាជរដ្ឋាភិបាលឌីជីថល ក្រុមការងារបច្ចេកទេសរបស់ក្រសួងពាណិជ្ជកម្ម បានអភិវឌ្ឍនូវប្រព័ន្ធគ្រប់គ្រងស្វ័យប្រវត្តកម្មរដ្ឋបាលទូទៅដំណាក់កាលទី០១ (Administration Automation System (AAS – Phase I) សម្រាប់ធ្វើប្រតិបត្តិការនានាពាក់ព័ន្ធនឹងការធ្វើបច្ចុប្បន្នភាពព័ត៌មានមន្ត្រី ការទាញយករបាយការណ៍ ក៏ដូចជាស្វែងរកមន្ត្រីតាមរយៈប្រព័ន្ធ Internet និងអាចអនុវត្តបានគ្រប់ទីកន្លែង។

ការលើកឡើងបែបនេះរបស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម កាលពីព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីភាព សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការប្រព័ន្ធស្វ័យប្រវត្តកម្មគ្រប់គ្រងរដ្ឋបាល ដែលបានមានឈ្មោះថា “ប្រព័ន្ធគ្រប់គ្រងស្វ័យប្រវត្តកម្មរដ្ឋបាលទូទៅដំណាក់កាលទី០១” (Administration Automation System – AAS – Phase I) ដើម្បីគ្រប់គ្រងមន្រ្តីរាជការក្រោមឱវាទក្រសួងពាណិជ្ជកម្ម សំដៅបង្កើនប្រសិទ្ធភាពការងារក្រសួងពាណិជ្ជកម្មបន្ថែមទៀត។

ឯកឧត្តមរដ្ឋមន្រ្តី បន្តថានៅក្នុងដំណាក់កាលទី០១ នេះ ប្រព័ន្ធគ្រប់គ្រងស្វ័យប្រវត្តកម្មរដ្ឋបាលទូទៅ បានអនុញ្ញាតឱ្យអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ពិសេសនាយកដ្ឋានបុគ្គលិក អាចគ្រប់គ្រងរចនាសម្ព័ន្ធពាក់ព័ន្ធនឹងព័ត៌មានរបស់មន្រ្តីតាមអគ្គនាយកដ្ឋាន, នាយកដ្ឋាន និងការិយាល័យ ចំណុះឱ្យក្រសួងពាណិជ្ជកម្ម តាមប្រព័ន្ធ Online និងការផ្ដល់សេវាក៏ដូចជាការរក្សាទុកទិន្នន័យគឺនៅក្នុងមជ្ឈមណ្ឌលទិន្នន័យរបស់ក្រសួងតែម្ដង។ តាមរយៈប្រព័ន្ធនេះនាយកដ្ឋានបុគ្គលិក ក៏អាចស្វែងរកឈ្មោះមន្រ្តី, ពិនិត្យចំនួនមន្រ្តីសរុប, អាចទាញយករបាយការណ៍ព័ត៌មានរបស់មន្រ្តី, អាចពិនិត្យព័ត៌មានមន្រ្តីដែលមានក្នុងតារាងបច្ចុប្បន្នភាពមន្រ្តីរាជការស៊ីវិល។

ឯកឧត្តមរដ្ឋមន្រ្តី បន្ថែមថាចំពោះមន្រ្តីរាជការទូទៅរបស់ក្រសួងពាណិជ្ជកម្ម (ក្រៅពីមន្រ្តីទទួលបន្ទុកគ្រប់គ្រងបុគ្គលិក នៃនាយកដ្ឋានបុគ្គលិក) អាចពិនិត្យមើលព័ត៌មានផ្ទាល់ខ្លួន ពិនិត្យមន្តី្រតាមនាយកដ្ឋាន ឬការិយាល័យ និងធ្វើបច្ចុប្បន្នភាពព័ត៌មានរបស់ខ្លួន។ ជាងនេះទៅទៀត មន្រ្តីរាជការទូទៅ អាចប្រើប្រាស់សេវាកម្មស្វ័យប្រវត្តកម្មរបស់ក្រសួងពាណិជ្ជកម្ម និងប្រព័ន្ធស្ថិតិពាណិជ្ជកម្មផងដែរ។

ឯកឧត្តមរដ្ឋមន្រ្តី បញ្ជាក់ថា ដំណាក់កាលបន្ទាប់ ក្រុមការងារបច្ចេកទេសរបស់ក្រសួងពាណិជ្ជកម្ម នឹងបន្ថែមមុខងារសំខាន់ៗដទៃទៀតទៅតាមតម្រូវការចាំបាច់ជាក់ស្តែង ដើម្បីធានាធ្វើយ៉ាងណាឱ្យ ប្រព័ន្ធគ្រប់គ្រងស្វ័យប្រវត្តកម្មរដ្ឋបាលទូទៅនេះ កាន់តែផ្តល់ភាពងាយស្រួល, ឆាប់រហ័ស, ប្រសិទ្ធភាព, បង្កើនទំនាក់ទំនងការងារ, ជំរុញនូវកំណើនផលិតភាពការងារ ស្របតាមភាពបច្ចុប្បន្ននៃភាពរីកចម្រើននៃប្រព័ន្ធបច្ចេកវិទ្យា។

ឯកឧត្តមរដ្ឋមន្រ្តី ជឿជាក់ថាការដាក់ឱ្យប្រើប្រាស់នូវ “ប្រព័ន្ធគ្រប់គ្រងស្វ័យប្រវត្តកម្មរដ្ឋបាលទូទៅ” នេះ នឹងចូលរួមបង្កើនប្រសិទ្ធភាពការងារ និងទទួលបានទំនុកចិត្តកាន់តែខ្ពស់បន្ថែមទៀតពីសាធារណជន៕ ដោយ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner