ឯកឧត្តម ប៉ាន សូរស័ក្ដិ ណែនាំឱ្យមន្រ្តី និងស្ថាប័នក្រោមឱវាទបន្តខិតខំបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត

ភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានណែនាំឱ្យមន្រ្តី និងស្ថាប័នក្រោមឱវាទក្រសួងពាណិជ្ជកម្មទាំងអស់ បន្តខិតខំបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។ ការថ្លែងណែនាំនេះ ក្នុងឱកាសដែល ឯកឧត្តមរដ្ឋមន្រ្តី អញ្ជើញផ្ដល់មតិបូកសរុប ដោះស្រាយបញ្ហាប្រឈម និងសំណូមពរក្នុងអង្គសន្និបាតបូកសរុបការងារពាណិជ្ជកម្ម ឆ្នាំ២០២២ និងទិសដៅការងារពាណិជ្ជកម្ម ឆ្នាំ២០២៣ រយៈពេល២ថ្ងៃចាប់ពីថ្ងៃទី៣០ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ នៅស្តីការក្រសួងពាណិជ្ជកម្ម។

ឯកឧត្តមរដ្ឋមន្រ្តី បន្តថាបន្ទាប់ពីបានស្តាប់នូវរបាយការណ៍វឌ្ឍនភាព និងបទអន្តរាគមន៍ ព្រមទាំងបញ្ហាប្រឈម និងសំណូមពររបស់ក្រសួង-ស្ថាប័ន វិស័យឯកជន អង្គភាពក្រោមឱវាទ ក្រសួងពាណិជ្ជកម្ម និងមន្ទីរពាណិជ្ជកម្មរាជធានី-ខេត្ត នៅក្នុងអង្គសន្និបាតរួចមក ក្រសួងពាណិជ្ជកម្មបានពិនិត្យដោយយកចិត្តទុកដាក់ខ្ពស់ ដើម្បីផ្តល់ជាដំណោះស្រាយសមស្របប្រកបដោយប្រសិទ្ធភាព ជូនដល់ស្ថាប័នពាក់ព័ន្ធទាំងនោះ រួមមាន៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, សភាពាណិជ្ជកម្មកម្ពុជា ព្រមទាំងស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍មួយចំនួនទៀតជាដើម។

ដើម្បីឱ្យការបម្រើសាវាសាធារណៈរបស់ក្រសួងពាណិជ្ជកម្ម កាន់តែមានប្រសិទ្ធភាពខ្ពស់ និងកាន់តែទទួលបានទំនុកចិត្តពីប្រជាពលរដ្ឋ ឯកឧត្តមរដ្ឋមន្រ្តី បានណែនាំដល់មន្រ្តី និងអង្គភាពក្រោមឱវាទក្រសួងពាណិជ្ជកម្មនូវកិច្ចការអាទិភាពមួយចំនួន ដូចជា ៖ ការពង្រឹងវត្តមានមន្រ្តីក្រោមឱវាទខ្លួនឱ្យមានប្រសិទ្ធភាព ត្រូវចេះប្រើប្រាស់មន្រ្តីដែលមានស្រាប់ឱ្យអស់លទ្ធភាព និងត្រូវបណ្តុះបណ្តាលជំនាញថ្មីៗបន្ថែម ដោយពិនិត្យ បែងចែកមន្រ្តីដែលទទួលបានថ្មីទៅតាមលទ្ធភាពជាក់ស្តែង ត្រូវបញ្ជូនមន្ត្រីទៅទទួលការបណ្តុះបណ្តាលក្នុង និងក្រៅប្រទេស ឱ្យបានច្រើន ឱ្យចំជំនាញ និងចំទីតាំង ដើម្បីឱ្យមន្ត្រីដែលបានទទួលការបណ្តុះបណ្តាលអាចប្រើប្រាស់ចំណេះដឹងបានចំគោលដៅ និងមានប្រសិទ្ធភាព ជាពិសេសត្រូវបន្តស្វែងរកដៃគូផ្តល់ជំនួយក្នុងការបណ្តុះបណ្តាលទាំងរយៈពេលខ្លី មធ្យម និងវែងបន្ថែមទៀត។

ខិតខំធ្វើការ និងសហការឱ្យបានល្អប្រសើរជាមួយមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រាជធានី-ខេត្តឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ជាងនេះទៅទៀតនោះ គឺត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ ដើម្បីធានាប្រសិទ្ធភាពនៃការផ្តល់សេវាកម្មពាណិជ្ជកម្ម ជូនសាធារណៈជនផងដែរ ៕ ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner