អភិបាលរងខេត្តរតនគិរី វាយតម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំមន្ទីរអង្គភាពក្នុងខេត្ត ដែលបានខិតខំអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ចូលរួមគាំទ្រអនុវត្តន៍គោលនយោបាយយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល កាត់បន្ថយភាពក្រីក្រ និងបម្រើសេវាទូទៅជូនប្រជាពលរដ្ឋដោយស្មោះត្រង់ ត្រឹមត្រូវ និងមានប្រសិទ្ធភាព

រតនគិរី ៖ ក្នុងកិច្ចប្រជុំពិនិត្យលើរបាយការណ៍វឌ្ឍនភាពបញ្ហាប្រឈមប្រចាំខែមករាឆ្នាំ២០២៣ និងប្រចាំឆ្នាំ២០២២ និងទិសដៅអនុវត្តបន្ត នាព្រឹកថ្ងៃទី៣១ ខែមករាឆ្នាំ២០២៣ របស់ រដ្ឋបាលខេត្តរតនគិរី ឯកឧត្តម ជា ថាវរិទ្ធ អភិបាលរងខេត្ត បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំមន្ទីរអង្គភាពក្នុងខេត្ត ដែលបានខិតខំអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាព ក្នុងការចូលរួមគាំទ្រអនុវត្តន៍នូវគោលនយោបាយយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល កាត់បន្ថយភាពក្រីក្រ និងបម្រើសេវាទូទៅជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានដោយភាពស្មោះត្រង់ ត្រឹមត្រូវ និងមានប្រសិទ្ធភាព ។

គោលបំណងនៃកិច្ចប្រជុំគឺ តាមដានការអនុវត្តសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាខេត្តខែមករា ព្រមទាំងត្រួតពិនិត្យវឌ្ឍនភាពការងារបញ្ហាប្រឈមនានារបស់រដ្ឋបាលខេត្ត មន្ទីរអង្គភាពដែលធ្វើសកម្មភាពនៅក្នុងដែនសមត្ថកិច្ចរបស់ក្រុមប្រឹក្សាខេត្តប្រចាំខែមករា ឆ្នាំ២០២៣ និងទិសដៅអនុវត្តបន្ត។

ឯកឧត្តម ជា ថាវរិទ្ធ តំណាងឯកឧត្ដម ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី ក៏បានលើកឡើងនូវវឌ្ឍនភាពការងារ លទ្ធផលសម្រេចបាន និងបញ្ហាប្រឈមជូនអង្គប្រជុំ ដើម្បីរួមគ្នាត្រួតពិនិត្យពិភាក្សា និងធ្វើការដោះស្រាយនូវចំណុចដែលខ្វះចន្លោះនោះ។

ឯកឧត្តមអភិបាលរងខេត្តបានជម្រុញអោយមន្ទីរអង្គភាពជុំវិញខេត្តត្រូវបន្តខិតខំរួមសាមគ្គីគ្នា បំពេញភារកិច្ច កាតព្វកិច្ច ទៅតាមទិសដៅការងាររបស់ខ្លួនឱ្យមានប្រសិទ្ធភាព ដើម្បីឈានទៅរកការអភិវឌ្ឍ និងការកសាងសមិទ្ធផលថ្មីៗឱ្យបានច្រើនបន្ថែមទៀតក្នុងខេត្ត ជាពិសេសត្រូវរួមគ្នាត្រួតពិនិត្យពិភាក្សា បញ្ហាប្រឈម ដូចជាចំណុចខ្វះចន្លោះដែលនៅមិនទាន់បានអនុវត្ត ដើម្បីរួមគ្នាកែលម្អ ដោះស្រាយឱ្យបានកាន់តែល្អប្រសើរ ទាន់ពេលវេលា ឆ្លើយតបទៅនឹងភាពអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ ក្នុងទិសដៅបម្រើជូនប្រជាជននៅក្នុងមូលដ្ឋានប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់៕ ដោយ ៖ គតិ យុត្ត

ads banner