សម្តេចតេជោ ហ៊ុន សែន អរគុណ និងកោតសរសើរគ្រឹះស្ថានឧត្តមសិក្សាទូទាំងប្រទេស ដែលបានចូលរួមយ៉ាងសកម្មក្នុងវិស័យអប់រំ ក្នុងកាលៈទេសៈ នៃការរាតត្បាតកូវីដ១៩
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងនូវការអរគុណ និងបានកោតសរសើរ ដល់គ្រឹះស្ថានឧត្តមសិក្សាទូទាំងប្រទេស ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស ក្នុងកាលៈទេសៈនៃការរាតត្បាតកូវីដ១៩ ។
សម្ដេចអគ្គមមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងដូចនេះ នៅព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងឱកាសអនុញ្ញាតឱ្យសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ដឹកនាំដោយឯកឧត្តម ហេង វណ្ណដា ចូលជួបពិភាក្សាការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ ។

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុន សែន បានប្រាប់អ្នកយកព័ត៌មាននៅក្រោយជំនួបនោះថា សម្ដេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះវិធានការរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការជំរុញការសិក្សាតាមអនឡាញ នៅក្នុងអំឡុងពេលកូវីដ ១៩ ។

ជាមួយគ្នានេះ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះគ្រឹះស្ថានឧត្តមសិក្សាទាំងអស់ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស ជាពិសេស នៅក្នុងកាលៈទេសៈនៃការរាតត្បាតកូវីដ១៩ និងបានជួយដល់ប្រជាជនក្រីក្រដល់កងកម្លាំងប្រដាប់អាវុធ ដែលនេះគឺជាការចូលរួមទាំងអស់គ្នា សម្រាប់ការរីករកលូតលាស់របស់កម្ពុជា តទៅមុខទៀត ៕


ដោយ វណ្ណលុក