ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាលជាមួយសិស្សនិទ្ទេស A ឆ្នាំសិក្សា ២០២១-២០២២ ជាង១ពាន់នាក់

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A ក្នុងឆ្នាំសិក្សា២០២១-២០២២ សរុបជាង ១ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ ។

សូមបញ្ជាក់ថា ការប្រលងមធ្យមសិក្សាទុតិយភូមិ ឬហៅបាក់ឌុប សម័យប្រលង ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ មានបេក្ខជនប្រលងជាប់មានចំនួន ៩០,៩៥០នាក់ ស្មើនឹងប្រមាណ ៧២.៣៣% នៃបេក្ខជនសរុប ក្នុងនោះ បេក្ខជនទទួលបាននិទ្ទេស A មានចំនួន ១,០៤៩នាក់, និទ្ទេស B មានចំនួន ៧,២៣២នាក់, និទ្ទេស C មានចំនួន ១៩,០៥៣នាក់, និទ្ទេស D មានចំនួន ៣១,១៦៦នាក់ និងនិទ្ទេស E មានចំនួន ៣២, ៤៥០នាក់។

ការផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ក្នុងការជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A គឺជាការលើកទឹកចិត្តដ៏ធំធេងដល់សិស្សដែលបានប្រឹងប្រែងសិក្សារៀនសូត្រ។ មិនតែប៉ុណ្ណោះ ការផ្តល់កិត្តិយសរបស់សម្តេចតេជោ ជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A ក៏ជាចលករលើកទឹកចិត្តឱ្យសិស្សប្រឹងប្រែងរៀនសូត្រ ដើម្បីទទួលបានឱកាសដ៏កម្រក្នុងការជួបសំណេះសំណាលនឹងសម្តេចតេជោនាយករដ្ឋមន្ត្រី។

ជាមួយគ្នានេះ ក្នុងជំនួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A សម្តេចតេជោ នាយករដ្ឋមន្ត្រី តែងផ្តល់រង្វាន់លើកទឹកចិត្តដល់ពួកគេផងដែរ ដោយកាលពីឆ្នាំ២០២២ ក្នុងឱកាសជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A សម្តេច បានផ្តល់រង្វាន់ដូចជា៖ ថវិកា ២លានរៀល, iPad (ជាការឧបត្ថម្ភរបស់ក្រុមហ៊ុនជីពម៉ុង), សៀវភៅអប់រំទូន្មាន ២ក្បាល (សៀវភៅ ភិរម្យ អ៊ូ (ក្រម ង៉ុយ) និងបណ្ឌិត អ៊ូ ចុង) ព្រមទាំងប្រាក់កាក់ស្លឹងខ្មែរ (បោះពុម្ពឆ្នាំ ១៥១៤ ដែលបានស្រាវជ្រាវយក ពីប្រទេសហូឡង់មកវិញ) ចំនួន១។

ដោយឡែក ឆ្នាំ២០២២ គឺជាឆ្នាំទី៨ហើយ ដែលឯកឧត្តម ហង់ ជួនណារ៉ុន បានធ្វើកំណែទម្រង់នៅក្រសួងអប់រំ យុវជន និងកីឡា ជាពិសេសការធ្វើកំណែទម្រង់ការប្រលងបាក់ឌុបនេះ ជាហេតុធ្វើឱ្យសិស្សមានការភ្ញាក់រលឹកក្នុងការរៀនសូត្រ ដោយមិនផ្តេកផ្តួលលើការលួចមើលវិញ្ញាសារ ពេលប្រលងទៀតនោះឡើយ ហើយការធ្វើកំណែទម្រង់ដ៏ម៉ឹងម៉ាត់លើការប្រលងបាក់ឌុបនេះ ទទួលបានការសាទរយ៉ាងខ្លាំងពីសិស្ស ក៏ដូចជាអាណាព្យាបាល។

សូមជម្រាបថា ក្រោមការធ្វើកំណែទម្រង់ដ៏តឹងរឹងនាឆ្នាំកន្លងមក មានសិស្សបាននិទ្ទេស A ក្នុងការប្រលងដូចជា៖ នៅ ឆ្នាំ ២០១៤ បេក្ខជន ជាប់ និទ្ទេស A មាន ចំនួន ១១នាក់ ។ ឆ្នាំ ២០១៥ បេក្ខជន ជាប់ និទ្ទេស A មាន ចួន ១០៨នាក់ ។ ឆ្នាំ ២០១៦ បេក្ខជន ប្រឡង ជាប់ និទ្ទេស A មាន ចំនួន ៤០៥នាក់។ ឆ្នាំ ២០១៧ បេក្ខជន ប្រឡង ជាប់ និទ្ទេស A មាន ចំនួន ៤២៤ នាក់។ ឆ្នាំ២០១៨ បេក្ខជនប្រឡងជាប់និទ្ទេស A ២៩០នាក់។ ឆ្នាំ២០១៩ បេក្ខជនប្រឡងជាប់និទ្ទេស A ចំនួន ៤៤៣នាក់។ ឆ្នាំ២០២០ សិស្សត្រូវបានឱ្យជាប់ដោយស្វ័យប្រវត្តិ មិនមានការបែងចែកនិទ្ទេសនោះឡើយ។ ឆ្នាំ២០២១ បេក្ខជនប្រលងជាប់និទ្ទេស A មានចំនួន ១,៧៥៣នាក់៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner