ប្រធាន ស.ស.យ.ក ថ្លែងថា យុវជស្ម័គ្រចិត្តមិនមែនត្រឹមជាអ្នកសម្របសម្រួលធ្វើឲ្យស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមជោគជ័យតែមួយមុខនោះទេ ប៉ុន្តែពួកគាត់ជាទូតសុឆន្ទៈរបស់កម្ពុជា

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក)បានថ្លែងថា យុវជនស្ម័គ្រចិត្តដែលរួមការងារស្ម័គ្រចិត្តក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ មិនមែនត្រឹមជាអ្នកសម្រប់សម្រួលជួយឲ្យព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តរៀបចំលើកដំបូងនៅកម្ពុជាទទួលបានជោគជ័យតែមួយមុខនោះទេ ពោលយុវជនស្ម័គ្រចិត្តទាំងអស់ គឺជាទូតសុឆន្ទៈរបស់កម្ពុជា ដែលបានតួនាទីផ្សព្វផ្សាយសក្តានុពលពីកម្ពុជាទៅកាន់មិត្តភ័ក្កិបរទេស។

ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងបែបនេះ ក្នុងសន្និសិទសារព័ត៌មានប្រកាសជ្រើសរើសអ្នកស្ម័គ្រចិត្ត ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២-អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ក្រោមធិបតីភាពឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការជាតិ CAMSOC នាល្ងាចថ្ងៃទី០១ ខែ កុម្ភៈ ឆ្នាំ២០២៣ ។

ឯកឧត្តម ហ៊ុន ម៉ានី បន្តថា ការចូលរួមក្នុងការងារស្ម័គ្រចិត្តជួយក្នុងព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ គឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់យុវជនដែលជាការចូលរួមហ្វឹកហាត់សមត្ថភាព និងជាការបំពេញកាតព្វកិច្ចក្នុងនាមជាយុវជនគំរូចូលរួមក្នុងបុព្វហេតុជាតិ ហើយ តាមរយៈអាកប្បកិរិយានិងឥរិយាបទនៃការបំពេញការងាររបស់ពួកគាត់ក្នុងការប្រាស្រ័យទាក់ទងមិត្តភ័ក្កិបរទេសដែលមកចូលរួមក្នុងព្រឹត្តិការណ៍ស៊ីហ្គេម អាស៊ានប៉ារ៉ាហ្គេមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ ដើម្បីបង្ហាញឲ្យបរទេសមើលឃើញថា ប្រជាជនកម្ពុជាមានភាពរួសរាយរាក់ទាក់និងការទទួលបដិសណ្ឋាកិច្ចល្អចំពោះមិត្តភ័ក្កិបរទេស ពិសេស តាមរយៈយុវជនស្ម័គ្រចិត្តទាំងអស់នេះហើយ ក៏នឹងបង្ហាញនូវសក្តានុពលរបស់កម្ពុជាទៅអនាគតដែរផងដែរ។

ឯកឧត្តមបណ្ឌិត ថោង ខុន ថ្លែងថា អ្នកស្ម័គ្រចិត្ត គឺជា DNA (អ្នកសម្រាប់សម្រួល)សម្រាប់ព្រឹត្តិការណ៍កីឡាដ៏ធំមួយនេះ។ ឯកឧត្តម បានបញ្ជាក់ទៀតថា យើងក៏បាន ធ្វើការរៀបចំបែងចែក និងមានការចាត់តាំង ការប្រើប្រាស់ របស់គណៈកម្មការស្ម័គ្រចិត្តនេះ ទៅតាមគ្រប់ផ្នែកអស់ហើយ ក្នុងនោះ ក៏មានក្នុងគណៈកម្មការជំនាញផងដែរ។ ខាងមុនេះ គណៈកម្មការជំនាញ នឹងទទួលយកអ្នកស្ម័គ្រចិត្តទាំងឡាយ ដើម្បីទៅចូលរួមការងារជាមួយគណៈកម្មការជំនាញ ពិសេសក្នុងការរៀបចំការប្រកួតគ្រប់ប្រភេទកីឡាទាំងអស់ ដែលមានការពាក់ព័ន្ធ។

សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ គណៈកម្មាធិការជាតិCAMSOC តម្រូវការអ្នកស្ម័គ្រចិត្តប្រមាណ ៧,០០០នាក់ ក្នុងនោះក៏ទទួលស្វាគមន៍ការចូលរួមពីយុវជនបរទេសផងដែរ នឹងត្រូវបានត្រៀមសម្រាប់ប្រតិភូអន្តរជាតិប្រមាណជាង ១ម៉ឺននាក់មកចូលរួមព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះ។

សូមបញ្ជាក់ថា ការបំពេញពាក្យស្នើសុំត្រូវបានកំណត់ជា ៣ដំណាក់កាល ហើយបេក្ខភាពដែលបំពេញពាក្យស្នើសុំបានជោគជ័យ នឹងទទួលបានសារបញ្ជាក់នៅលើ Telegram ឬនៅលើ E-mail។

បន្ទាប់ពីត្រូវបានជ្រើសរើស បេក្ខជននឹងត្រូវឆ្លងកាត់ការសម្ភាសន៍ ស្របតាមស្ដង់ដាដាក់ពិន្ទុដែលកំណត់ ចំនួន ៦ផ្នែក ដើម្បីធានានូវតម្លាភាព។ ចំពោះការងារដែលមានតម្រូវការជំនាញកម្រិតខ្ពស់ នឹងមានការចូលរួមសម្ភាសន៍ពីគណៈកម្មការជំនាញ។ ការប្រកាសលទ្ធផល៖បេក្ខជនដែលបានជាប់នឹងទទួលបានសារបញ្ជាក់ពីការជោគជ័យក្លាយខ្លួនទៅជាអ្នកស្ម័គ្រចិត្ត សម្រាប់ព្រឹត្តិការណ៍កីឡា និងបន្តចូលរួមវគ្គបណ្ដុះបណ្ដាលដែលបានរៀបចំដោយគណៈកម្មការ តាមរយៈ Telegram និង E-mail ៕ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner