ណាតូសង្កត់ធ្ងន់លើសារៈសំខាន់នៃភាពជាដៃគូឥណ្ឌូប៉ាស៊ីហ្វិក ចំពេលមានភាពតានតឹងផ្នែកសន្តិសុខ

តូក្យូ៖ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg នៅថ្ងៃពុធ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរបស់អង្គការណាតូជាមួយដៃគូនៅក្នុងឥណ្ឌូ-ប៉ាស៊ីហ្វិក ដោយនិយាយថា អឺរ៉ុបមិនអាចព្រងើយកន្តើយនឹងអ្វីដែលកើតឡើងនៅអាស៊ីបូព៌ាបានទេ ដោយសារសន្តិសុខពិភពលោកមានទំនាក់ទំនងគ្នាទៅវិញទៅមក។

ក្នុងបទបង្ហាញពីនៅសាកលវិទ្យាល័យ Keio ប្រទេសជប៉ុន លោក Stoltenberg ថា៖«សង្រ្គាមនៅអ៊ុយក្រែនបង្ហាញពីរបៀបដែលសន្តិសុខមានទំនាក់ទំនងគ្នាទៅវិញទៅមក។ សង្គ្រាមនេះបង្ហាញថាអ្វីដែលកើតឡើងនៅអឺរ៉ុបមានផលប៉ះពាល់ដលអាស៊ីបូព៌ា ហើយអ្វីដែលកើតឡើងនៅអាស៊ីបូព៌ាគឺសំខាន់ចំ ពោះ អឺរ៉ុប»។
លោកបន្ថែមថា ណាតូមិនខ្វល់ថាចិនគិតយ៉ាងណានោះឡើយ។

លោក Stoltenberg អត្ថាធិប្បាយបែបនេះជាផ្នែកនៃដំណើរទស្សនកិច្ចទៅកាន់ប្រទេសជប៉ុន ដើម្បី ពង្រឹងទំនាក់ទំនង ជាមួយទីក្រុងតូក្យូ ក្នុងពេលដែលដែនដីក្នុងតំបន់អ៊ឺរ៉ុបកំពុងញាំញីដោយបញ្ហាអសន្តិសុខបណ្ដាលមកពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន និងកិច្ចសហប្រតិបត្តិការយោធារបស់រុស្ស៊ីនិងចិន។

ទោះបីជាលោកបាននិយាយថា ប្រទេសចិនមិនមែនជាសត្រូវក៏ដោយ ប្រធានអង្គការណាតូបាននិយាយថា ប្រទេសចិនកាន់តែប្រើអំណាចផ្ដាច់ការរបស់ខ្លួនពីមួយថ្ងៃទៅមួយថ្ងៃដោយគំរាមកំហែងតៃវ៉ាន់ និងបង្កើនការអភិវឌ្ឍសមត្ថភាពយោធាដែលជាការគំរាមកំហែងចំពោះអង្គការណាតូ។ លោក បាន បន្ថែម ថា ៖ « យើង បាន ត្រៀម ខ្លួន ជា ស្រេច ដើម្បី ពង្រឹង និង ពង្រីក ភាព ជា ដៃគូ ជាមួយ ប្រទេស ក្នុង តំបន់ »។

ប្រទេសចិនបានច្រានចោលការអះអាងរបស់ Stoltenberg ដោយនិយាយថា ខ្លួនតែងតែជាអ្នកការពារសន្តិភាព និងស្ថិរភាព។ អ្នកនាំពាក្យក្រសួងការបរទេសចិន អ្នកស្រី ម៉ៅ នីង និយាយថា៖ «NATO អះអាងថាខ្លួនជាសម្ព័ន្ធភាពការពារសន្តិសុខប៉ុន្តែណាតូតែងតែបំពានសន្តិសុខតំបន់ដែលមានជាប្រក្រតី និងបំផ្លើសថាចិនបានគំរាមកំហែងអ្នកជិតខាងទៀត»។

អ្នកស្រីបានបន្ថែមថា ៖«ខ្ញុំចង់សង្កត់ធ្ងន់ថា អាស៊ីប៉ាស៊ីហ្វិកមិនមែនជាសមរភូមិសម្រាប់ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ និងការប្រឈមមុខដាក់គ្នាទេដូចសម័យសង្គ្រាមត្រជាក់នោះឡើយ»។ មុនមកដល់ជប៉ុនលោក Stoltenberg បានទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូង និងបានជំរុញឱ្យទីក្រុងសេអ៊ូលបង្កើនការគាំទ្រផ្នែកយោធាដល់អ៊ុយក្រែន ដោយផ្តល់ការព្រមានស្រដៀងគ្នាអំពីការកើនឡើងនូវតានតឹងជាមួយប្រទេសចិន។ ចិន បាន រិះគន់ កិច្ច ប្រឹងប្រែង របស់ អង្គការ ណាតូ ក្នុង ការ ពង្រីក សម្ព័ន្ធភាព របស់ ខ្លួន នៅ អាស៊ី៕
ដោយ:វណ្ណ ស័ក្តិ

ads banner