ប៉ូឡូញប្រកាសបើកចំហរក្នុងការបញ្ជូនយន្តហោះចម្បាំងអ៊ុយក្រែន

ប៊ែរឡាំង៖ នាយករដ្ឋមន្រ្តីប៉ូឡូញ លោក ម៉ាថេអ៊ូស ម៉ូរ៉ាវៀស្គី នៅថ្ងៃពុធសប្តាហ៍នេះថ្លែងថា ប្រទេសរបស់លោកនឹងត្រៀមខ្លួនជាស្រេច ដើម្បីផ្គត់ផ្គង់ដល់អ៊ុយក្រែនជាមួយនឹងយន្តហោះចម្បាំង F-16 ប្រសិនបើការសម្រេចចិត្តនេះ ត្រូវបានធ្វើឡើងរួមគ្នាជាមួយសម្ព័ន្ធមិត្តលោកខាងលិច។

លោក ម៉ូរ៉ាវៀស្គី បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយកាសែត Bild របស់អាល្លឺម៉ង់ថា ប្រសិនបើនេះជាការសម្រេចចិត្តរបស់អង្គការណាតូទាំងមូលនោះ ខ្ញុំនឹងបញ្ជូនយន្តហោះចម្បាំងទាំងនេះទៅឱ្យអ៊ុយក្រែន។ ការវាយតម្លៃរបស់ខ្ញុំ គឺផ្អែកលើអ្វីដែលប្រទេសណាតូសម្រេចចិត្តរួមគ្នា។

លោក ម៉ូរ៉ាវៀស្គី បន្តថា សម្ព័ន្ធមិត្តលោកខាងលិចគួរតែសម្របសម្រួលការផ្គត់ផ្គង់យន្តហោះចម្បាំងណាមួយទៅឱ្យអ៊ុយក្រែន ពីព្រោះនេះគឺជាសង្រ្គាមដ៏ធ្ងន់ធ្ងរ ហើយប៉ូឡូញមិនចូលរួមក្នុងសង្គ្រាមនេះទេ ណាតូក៏មិនចូលរួមដែរ ប៉ុន្តែការសម្រេចចិត្តណាមួយ ត្រូវការការពិចារណាជាយុទ្ធសាស្ត្រពីសម្ព័ន្ធមិត្តណាតូទាំងមូល។

គួរបញ្ជាក់ផងដែរថា ប្រទេសលោកខាងលិចទើបតែបានអនុម័តនាពេលថ្មីៗនេះ ក្នុងការបញ្ជូនរថក្រោះប្រយុទ្ធធុនធ្ងន់ទៅកាន់អ៊ុយក្រែន ប៉ុន្តែទីក្រុងកៀវ ស្នើសុំរួចរាល់ហើយ នូវយន្តហោះចម្បាំង F-16 ដែលផលិតដោយអាមេរិក ដើម្បីជួយទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ី។ ទោះបីជាយ៉ាងណា អាមេរិកបានច្រានចោលរាល់ការប្រគល់យន្តហោះ F-16 ទៅកាន់អ៊ុយក្រែននាពេលនេះ ប៉ុន្តែដៃគូផ្សេងទៀតបានបង្ហាញគោលជំហរគាំទ្រចំពោះគំនិតនេះ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner