ការកើតឡើងនៃវិស័យទេសចរណ៍ បានជួយកសាងជីវភាពប្រជាសហគមន៍ និង ហេដ្ឋារចនាសម្ព័ន្ធនៅតំបន់អារ៉ែង កាន់តែផ្លាស់ប្តូរមុខមាត់ថ្មី

ខេត្តកោះកុង៖ ការអភិវឌ្ឍលើវិស័យអេកូទេសចរណ៍ ស្ទឹងអារ៉ែង ខេត្តកោះកុង មិនត្រឹមតែបានជួយបង្កើតការងារ ផ្តល់កម្លាំងជំរុញដល់សេដ្ឋកិច្ចក្នុងមូលដ្ឋាន និងកសាងជីវភាពឱ្យប្រជាសហគមន៍បានប្រសើរនៅក្នុងតំបន់ទីជនបទដាច់ស្រយាលទេ តែនៅជួយកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ឱ្យមានការរីកចម្រើន និងផ្លាស់ប្តូរមុខមាត់យ៉ាងល្អប្រសើរទៀតផង ។

សហគមន៍អេកូទេសចរណ៍ ស្ទឹងអារ៉ែង មានទីតាំងស្ថិតក្នុងតំបន់ស្ទឹងអារ៉ែង ដែលគ្របដណ្ដប់ទៅលើឃុំ ចំនួន ០៣ គឺ ឃុំថ្មដូនពៅ ,ឃុំជំនាប់ និងឃុំចំណារ ស្ថិតក្នុងស្រុកថ្មបាំង ខេត្តកោះកុង។ តំបន់អេកូទេសចរណ៍ធម្មជាតិកន្លែងនេះមានចំងាយប្រមាណ ៨០ គីឡូម៉ែត្រ ពីក្រុងខេមរភូមិន្ទ ខេត្តកោះកុង និងមានចំងាយប្រមាណ៣០០ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។

លោក ឡុង កយ ប្រធានសហគមន៍អេកូទេសចរណ៍ស្ទឹងអារ៉ែង បានឱ្យដឹងថា៖ តាមរយៈការអភិវឌ្ឍតំបន់អេកូទេសចរធម្មជាតិស្ទឹងអារ៉ែង របស់ក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ និងអង្គការដៃគូ បានជួយលើកស្ទួយជីវភាពគ្រួសារសហគមន៍។ ទន្ទឹមជាមួយគ្នាវិស័យទេសចរណ៍វាក៏ជាផ្នែកមួយយ៉ាងសំខាន់បានជួយដល់ពលរដ្ឋនៅសហគមន៍នេះ ដែលធ្លាប់តែពឹងអាស្រ័យទៅលើធនធានធម្មជាតិក្នុងនេះដូចជា ចូលព្រៃកាប់ឈើ បរបាញ់សត្វ បានផ្លាស់ប្តូរមកចូលរួមអភិរក្សធនធានធម្មជាតិវិញ។

ប្រធានសហគមន៍រូបនេះ បានរៀបរាប់ប្រាប់ថា៖បច្ចុប្បន្ន តាមរយៈវិស័យទេសចរណ៍ ដែលក្នុងនេះពិសេស ការក្សាបាននូវធនធានធម្មជាតិ សត្វព្រៃ និងបរិស្ថានធម្មជាតិយ៉ាងស្រស់ស្អាតក្នុងសហគមន៍មួយនេះ បានធ្វើឱ្យប្រជាសហគមន៍ស្ទើរគ្រប់គ្នា បានអាស្រ័យផលបម្រើលើវិស័យទេសចរណ៍។ ពួកគាត់ខ្លះ បានបម្រើលើសេវ៉ានាំភ្ញៀវ ខ្លះដឹកភ្ញៀវ លក់ម្ហូបអាហារ និងអ្វីដែលសំខាន់ពេលនេះប្រជាសហគមន៍បាននាំគ្នា ងាកមកដាំដំណាំកសិកម្មសម្រាប់លក់ជូនភ្ញៀវ ដែលកំពុងក្លាយជាការងារអាទិភាពក្នុងសហគមន៍។

លោក ឡុង កយ បានឱ្យដឹងដែរថា៖ តាមរយៈគម្រោងរេបូករបស់ក្រសួងបរិស្ថាន នាពេលថ្មីៗនេះបានជួយដល់ប្រជាពលរដ្ឋមានបង្គន់ មានអណ្តូងទឹក និងព្រមជាមួយគ្នាកន្លងមកក៏បានជួយដល់កិច្ចការពារព្រៃឈើ និងអភិវឌ្ឍជីវភាពសហគមន៍។

គួរបញ្ជាក់ថា សហគមន៍កូទេសចរណ៍ ស្ទឹងអារ៉ែង ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៦ ។ ជាមួយគ្នានេះ តាមរយៈលក្ខខណ្ឌធនធានធម្មជាតិដ៏អស្ចារ្យ នៃតំបន់ដងស្ទឹងអារ៉ែង ដែលជាទីតាំងសម្បូរទៅដោយព្រៃភ្នំ ជ្រោះជ្រង ជ្រលង ដងអូរ និងសត្វព្រៃគ្រប់ប្រភេទ ជាពិសេសជាតំបន់ដែលមាននូវធនធានសត្វព្រៃកម្រៗ ដែលភ្ញៀវទេសចរអាចទៅទស្សនាសត្វទាំងអស់នោះ បានទាំងតាមរយៈទេសចរណ៍បែបផ្សងព្រេង និងសិក្សាស្រាវជ្រាវ។

លើសពីនេះទៅទៀតភាពទាក់ទាញនៃធម្មជាតិ ដ៏ស្រស់បំព្រងដែលមានក្នុងតំបន់អារ៉ែងដូចជា ទឹកធ្លាក់ រូងភ្នំបូរាណ តំបន់ខ្ពង់រាប និងទេសភាពព្រៃភ្នំដ៏ស្រស់ត្រកាលដែលអាចជួយឱ្យភ្ញៀវទេសចរទាំងអស់មានភាពរីករាយអារម្មណ៍ស្រស់ថ្លា និងថតរូបជាអនុស្សាវរីយ៍មិនអាចបំភ្លេចបានសោះឡើយ៕ ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner