មន្ត្រីជាន់ខ្ពស់ គ.ជ.ប ឆ្លើយតបទៅនឹងអ្នកវិភាគរត់ចោលស្រុកមួយរូបដែលល្ងង់ធ្វើចេះ

ភ្នំពេញ៖ អ្នកវិភាគរត់ចោលស្រុកមួយរូប ដែលល្ងង់ធ្វើចេះ និយាយគ្មានមើលច្បាប់ដែលចោទថា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បកស្រាយបំភ្លៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងធ្វើសកម្មភាពនយោបាយរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បង្ហាញភាពមិនស្មើគ្នាក្នុងការប្រកួតប្រជែងនយោបាយ គឺផ្ទុយទៅនឹងរដ្ឋធម្មនុញ្ញ និងច្បាប់នានាស្ដីពីការបោះឆ្នោត គឺជាការមិនត្រឹមត្រូវនោះទេ ពីព្រោះសកម្មភាពរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាពេលបច្ចុប្បន្ននេះ គឺមិនមែនជាការឃោសនាបោះឆ្នោតនោះទេ ប៉ុន្តែគឺជាសកម្មភាពដែលគណបក្សនយោបាយ ឬអ្នកនយោបាយ អនុវត្តតាមច្បាប់ស្តីពីគណបក្សនយោបាយ។

ឯកឧត្តម សោម សូរីដា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានមានប្រសាសន៍ប្រាប់ AMS កាលពីរសៀលថ្ងៃទី១ ខែកុម្ភៈនេះថា សកម្មភាពរបស់គណបក្សនយោបាយ ឬក៏សកម្មភាពអ្នកនយោបាយបច្ចុប្បន្ននេះ គឺមិនមែនជាការឃោសនាបោះឆ្នោតទេ ប៉ុន្តែគឺជាសកម្មភាពដែលគណបក្សនយោបាយ ឬក៏អ្នកនយោបាយអនុវត្តតាមច្បាប់ស្តីពីគណបក្សនយោបាយ កន្លែងនេះចែកឱ្យដាច់អំពីការឃោសនាបោះឆ្នោត អំពីការធ្វើសកម្មភាពឃោសនាបោះឆ្នោត និងការធ្វើសកម្មភាពតាមច្បាប់ស្តីពីការគណបក្សនយោបាយ។

ឯកឧត្តមបញ្ជាក់ថា ការឃោសនាបោះឆ្នោតមានទិសដៅឱ្យគណបក្សនយោបាយ បេក្ខជនឈរឈ្មោះបោះឆ្នោតធ្វើការផ្សព្វផ្សាយកម្មវិធីនយោបាយរបស់ខ្លួនជូនអ្នកបោះឆ្នោត។ ចរិតនៃការឃោសនាបោះឆ្នោត ឬអាចនិយាយថា និយមន័យ នៃការឃោសនាបោះឆ្នោត គឺជាសកម្មភាពមួយចំនួនដែលត្រូវធ្វើជាសាធារណៈតាមមាត្រា ៦៨ ពីព្រោះមាត្រា ៦៨ ចែងពីសកម្មភាពនយោបាយរបស់គណបក្សនយោបាយក្នុងការធ្វើសកម្មភាពឃោសនាបោះឆ្នោត គឺជាសកម្មភាពមួយចំនួនដែលត្រូវធ្វើជាសាធារណៈក្នុងអំឡុងពេល២១ថ្ងៃ ដែលកំណត់ដោយច្បាប់ ដើម្បីបញ្ចុះបញ្ចូលអ្នកបោះឆ្នោតឱ្យបោះឆ្នោតគាំទ្របេក្ខជន ឬគណបក្សនយោបាយណាមួយ។ សកម្មភាពឃោសនានេះ ដែលហៅថាការឃោសនាបោះឆ្នោត គឺត្រូវស្ថិតក្នុងរយៈពេល ២១ថ្ងៃ ដែលកំណត់ដោយច្បាប់។ សម្រាប់ គ.ជ.ប គ្រប់គ្រងសកម្មភាពឃោសនារបស់គណបក្សនយោបាយតែនៅក្នុងអំឡុងរយៈពេល២១ថ្ងៃទេ។ ច្បាប់កំណត់ថា សកម្មភាពឃសនាបោះឆ្នោតមានរយៈពេល២១ថ្ងៃ ហើយត្រូវបញ្ចប់១ថ្ងៃមុនថ្ងៃបោះឆ្នោត បានន័យថា ត្រូវបញ្ចប់គ្រប់សកម្មភាពឃោសនានៅថ្ងៃសៅរ៍ មុនថ្ងៃបោះឆ្នោត។

អគ្គលេខាធិការរង គ.ជ.ប បានបញ្ជាក់ថា “នៅក្នុងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រក៏បានចែងនៅក្នុងមាត្រា ៨៣ អនុញ្ញាតឱ្យមន្ត្រីរាជការស៊ីវិល អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងយោធពលខេមរភូមិន្ទ កងនគរបាលជាតិ មន្ត្រីតុលាការ អាចចូលរួមក្នុងសកម្មភាពឃោសនាគាំទ្រគណបក្សនយោបាយណាមួយ ឬបេក្ខជនណាម្នាក់ ដោយមិនត្រូវស្លៀកពាក់ឯកសណ្ឋាន មិនត្រូវមានអាវុធជាប់នឹងខ្លួន និងមិនត្រូវធ្វើអ្វីដែលនាំឲ្យមានការគំរាមកំហែង”។

ប្រភពដដែលបានបន្តទៀតថា រយៈពេលឃោសនាបោះឆ្នោត២១ថ្ងៃ គឺចាប់ផ្តើមពីថ្ងៃទី១ ខែកក្កដា រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣។ ថ្ងៃទី២២ គឺជាថ្ងៃត្រូវបិទបញ្ចប់ការឃោសនា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ គឺជាថ្ងៃបោះឆ្នោត។ ចំពោះសកម្មភាពផ្សេងទៀតក្រោយការបោះឆ្នោត ឬក៏មុនការឃោសនាបោះឆ្នោត គឺជាសកម្មភាពរបស់គណបក្សនយោបាយដែលធ្វើតាមច្បាប់ស្តីពីគណបក្សនយោបាយ កន្លែងនេះត្រូវចែកឱ្យដាច់អំពីច្បាប់ពីរ ដែលគណបក្សនយោបាយអាចអនុវត្តសកម្មភាពនយោបាយរបស់ខ្លួនបាន ទី១.ច្បាប់ស្តីពីគណបក្សនយោបាយ និងទី២.ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្របានបញ្ជាក់អំពីពេលវេលា ២១ថ្ងៃ សម្រាប់ការឃោសនាបោះឆ្នោត។ ការធ្វើសកម្មភាពផ្សេងក្រៅពី២១ថ្ងៃ ដែលកំណត់ដោយច្បាប់ គឺមិនមែនជាការឃោសនាបោះឆ្នោតទេ៕
ដោយ៖ពលជ័យ

ads banner