សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យបងប្អូនខ្មែរនៅក្រៅប្រទេស មកលេងកម្ពុជា ជាពិសេស ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ និងស៊ីហ្គេម
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំពាវនាវឱ្យបងប្អូនខ្មែរ ដែលរស់នៅក្រៅប្រទេស មកលេងកម្ពុជា ដើម្បីមើលឃើញផ្ទាល់ភ្នែក ពីសមិទ្ធផលនៃការរីកចម្រើនរបស់ប្រទេសជាតិយើង ជាពិសេស ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ និងស៊ីហ្គេមនាពេលខាងមុខ ។
សម្ដេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងដូចនេះ ក្នុងពិធីជួប សំណេះសំណាល ជាមួយសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ទទួលបាននិទ្ទេស A និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ ឆ្នាំ២០២២ នាព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាល OCIC ជ្រោយចង្វារ ។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា មានអ្នកខ្លះ មិនហ៊ានមកស្រុកទេ ដោយសារជឿតាមការញុះញង់របស់បក្សប្រឆាំង។ សម្តេច ថា ពុំមានការចាប់ខ្លួនខ្មែរនៅក្រៅស្រុក ដែលមកលេងកម្ពុជានោះទេ លើកលែងតែអ្នកនោះមានសាលដីការចាប់ខ្លួន។
សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា ដើម្បីកុំឱ្យចាញ់បោកការ ឃោសនាអកុសលដែលគេមួលបង្កាច់សភាពការណ៍ពិតនៅកម្ពុជារបស់បក្សប្រឆាំងទៀត សូមអញ្ជើញមកស្រុកផ្ទាល់ដើម្បីមើលពីការរីកចម្រើន ជាពិសេស ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ ដែលនឹងមានប្រារព្ធពិធីអង្គរសង្ក្រាន្តនៅខេត្តសៀមរាប ក៏ដូចព្រឹត្តិការណ៍កីឡា ស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខនេះ ៕
ដោយ វណ្ណលុក