សកម្មជនរាប់ពាន់នាក់ធ្វើបាតុកម្មនៅថៃ ដើម្បីប្រារព្ធខួបរដ្ឋប្រហារ នៅប្រទសមីយ៉ាន់ម៉ា
បាងកក៖ បាតុករមីយ៉ាន់ម៉ារាប់ពាន់នាក់បានប្រមូលផ្តុំគ្នា នៅមុខស្ថានទូតភូមា និងការិយាល័យអង្គការសហប្រជាជាតិ ក្នុងទីក្រុងបាងកក ប្រទេសថៃ ដើម្បីប្រារព្ធខួបលើកទី ២ នៃរដ្ឋប្រហារយោធាឆ្នាំ ២០២១ នៅក្នុងប្រទេសមីយ៉ាន់ម៉ា។
ដឹកនាំដោយក្រុមសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យមីយ៉ាន់ម៉ា ហៅថា Bright Future កាលពីថ្ងៃទី១ កុម្ភៈ ក្រុមអ្នកតវ៉ាបានអនុវត្តឡើងវិញ ពីរបៀបដែលបាតុករក្នុងប្រទេសមីយ៉ាន់ម៉ា ដែលបានប៉ះទង្គិចជាមួយរបបយោធា បន្ទាប់ពីរដ្ឋប្រហារ ក្នុងខែកុម្ភៈឆ្នាំ ២០២១។
មេដឹកនាំបាតុករ ឈ្មោះថា ស៊ូរ៉ាជ ហ្គីរី (Suraj Giri) អាយុ៣៩ ឆ្នាំបាននិយាយថា “ខ្ញុំចង់ឱ្យអ្នកគ្រប់គ្នានៅក្នុងពិភពលោកស្គាល់ប្រជាជនមីយ៉ាន់ម៉ាដែលរស់នៅក្នុងប្រទេសថៃមិនបានបោះបង់ចោលឡើយ។ យើងនឹងតស៊ូរហូតដល់យើងឈ្នះ»។
ក្រុមបាតុករបានលើកម្រាមដៃបី ដើម្បីជានិមិត្តរូបនៃសេរីភាព សមភាព និងភាតរភាព ហើយបង្ហាញរូបថតលោកស្រី អ៊ុងសាន ស៊ូជី ដែលត្រូវគេបណ្តេញចេញពីតំណែង។
យោងតាមអង្គការសហប្រជាជាតិ ដែលបានចោទប្រកាន់យោធាពីឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនោះ បានឲ្យដឹងថា ប្រជាជនប្រមាណ ១.២ លាននាក់ត្រូវបានផ្លាស់ទីលំនៅ និងជាង ៧ម៉ឺណនាក់បានចាកចេញពីប្រទេស៕
ប្រភពពី Reuters ប្រែសម្រួលដោយ៖ សារ៉ាត