ឯកឧត្តម ស្រ៊ុន ដារិទ្ធិ ៖ ការស្តារតំបន់ដីសើមឡើងវិញ ជាប្រធានបទមួយដ៏មានសារៈសំខាន់ និងរំលឹកដាស់តឿនយើងទាំងអស់គ្នា ស្តារឡើងវិញនូវតំបន់ដីសើម ជាធនធានដ៏សារៈសំខាន់មានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់មនុស្ស និងធម្មជាតិ

ភ្នំពេញ ៖ «ការស្តារតំបន់ដីសើមឡើងវិញ» ដែលជាប្រធានបទមួយដ៏មានសារៈសំខាន់ និងរំលឹកដាស់តឿនយើងទាំងអស់គ្នា និងប្រាប់យើងថាដល់ពេលសម្រាប់យើងទាំងអស់គ្នាស្តារឡើងវិញនូវតំបន់ដីសើម ដែលជាធនធានដ៏សារៈសំខាន់មានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់ មនុស្ស និងធម្មជាតិ ។ នេះជាការលើកឡើងរបស់ ឯកឧត្តម ស្រ៊ុន ដារិទ្ធិ រដ្ឋលេខាធិការក្រសួងបរិស្ថាន អញ្ជើញជាអធិបតីក្នុងទិវាតំបន់ដីសើមពិភពលោកឆ្នាំ២០២៣ នាព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ ។

ឯកឧត្តម ស្រ៊ុន ដារិទ្ធិ បន្តថា៖ ការបាត់បង់តំបន់ដីសើម តាមរយៈការប្រើប្រាស់តំបន់ដីសើមសម្រាប់ ជីវភាពប្រចាំថ្ងៃរបស់មនុស្ស ការកែប្រែ តំបន់ដីសើម ដើម្បីបម្រើដល់វិស័យកសិកម្ម ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ការស្រោចស្រព្វ ការលប់ឬចាក់បំពេញតំបន់ដីសើម សម្រាប់ការអភិវឌ្ឍនិងការសាងសង់លំនៅដ្ឋាននិងសំណង់ផ្សេងៗ ការបំពុល និងប្រមូលផលពីតំបន់ដីសើមហួសកម្រិត រួមជាមួយវត្តមានប្រភេទរាតត្បាតនិងកត្តាចង្រៃ កំពុងបង្កគ្រោះថ្នាក់ដល់ ប្រព័ន្ធអេកូឡូស៊ីតំបន់ដីសើម។

ឯកឧត្តមបន្តទៀតថា ជាក់ស្តែងនាពេលថ្មីៗនេះ តំបន់ដីសើមបឹងទន្លេសាប ដែលមានភូមិសាស្ត្រស្ថិតក្នុងខេត្តទាំង៦ រួមទាំងខេត្តបាត់ដំបងយើងនេះផងដែរនោះ បានទទួលរងនូវបញ្ហាដូចបានរៀបរាប់ខាងដើម ជាពិសេសការទន្ទ្រានកាន់កាប់ដីខុសច្បាប់ ពីជនខិលខូចមួយក្តាប់តូច ដែលធ្វើឱ្យប៉ះពាល់ដល់តំបន់ដីសើមដ៏មានសារៈសំខាន់នេះ។ ដោយមើលឃើញគុណតម្លៃ និងបញ្ហាប្រឈមដែលកំពុងកើតមាន នៅក្នុងតំបន់ដីសើមបឹងទន្លេសាបយើងនេះ រាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រីជាប្រមុខ បានដាក់ចេញនូវអនុសាសន៍ណែនាំ ដល់ក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ចាត់វិធានការបន្ទាន់ឆ្លើយតបនឹងបញ្ហាប្រឈមខាងលើ ដោយបានដកហូតយកមកវិញនូវផ្ទៃដីដែលបានទន្ទ្រានកាន់កាប់ក្នុងតំបន់៣ កែសម្រួលព្រំប្រទល់តំបន់២ និងស្តារតំបន់ដែលទទួលរង ការទន្រ្ទានទាំងនោះ តាមរយៈការដាំស្តារព្រៃលិចទឹកឡើងវិញ និងថែរក្សាដំណុះព្រៃលិចទឹកថ្មី។

គួរបញ្ជាក់ថា៖ក្នុងគោលបំណងអប់រំផ្សព្វផ្សាយពីគុណតម្លៃ តួនាទីនៃតំបន់ដីសើមនិងស្ថានភាពតំបន់ដីសើមនាពេលបច្ចុប្បន្នដល់ សាធារណៈជន ប្រជាសហគមន៍ ប្អូនៗយុវជន និងសិស្សានុសិស្ស ជាពិសេសអ្នករៀបចំផែនការអភិវឌ្ឍមូលដ្ឋាន និងអ្នករៀបចំគោលនយោបាយគ្រប់គ្រងតំបន់ដីសើម ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner