ឥណ្ឌាបង្កើនការចំណាយលើវិស័យការពារជាតិខ្ពស់ជាង ១០ ភាគរយ

ញូវដែលី៖ប្រទេសឥណ្ឌាកាលពីថ្ងៃពុធ បានប្រកាសបង្កើនការ ចំណាយ លើវិស័យការពារជាតិសម្រាប់ឆ្នាំ ២០២៣-២០២៤ របស់ ខ្លួនខ្ពស់ជាង ១០ ភាគរយ ។

ឥណ្ឌា ដែលជាប្រទេសចំណាយលើវិស័យយោធាធំជាងគេទី៣ របស់ ពិភពលោករួចមកហើយនោះ នឹងបង្កើនថវិកាការពារជាតិ រហូត ដល់ ៧៣ ប៊ីលានដុល្លារអាមេរិក ដែលកើនឡើង ១៣ ភាគរយ ប្រៀបធៀបនឹងឆ្នាំកន្លងទៅ។ នេះបើតាមរដ្ឋមន្ត្រីហិរញ្ញវត្ថុ លោកស្រី Nirmala Sitharaman ដែលបានប្រាប់សភានៅក្នុង សេចក្តីប្រកាសថវិការបស់លោកស្រី។

គួរបញ្ជាក់ថា ឥណ្ឌា និងចិន មានភាពតានតឹងនឹងគ្នាជុំវិញ ជម្លោះ ព្រំដែន ពាណិជ្ជកម្ម និងបច្ចេកវិទ្យា ហើយឥណ្ឌាបានព្យាយាម ផ្តាច់ខ្លួនចេញពីខ្សែច្រវាក់ផ្គត់ផ្គង់របស់ចិន ចាប់តាំងពីមាន ការ ប៉ះទង្គិចគ្នាផ្នែកយោធាតាមព្រំដែនដ៏សាហាវនៅតំបន់ជម្លោះឡាដាកខ៍ (Ladakh )ក្នុងឆ្នាំ ២០២០។

រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ណារិនដ្រា មូឌី បានពង្រឹង កម្លាំងយោធារបស់ខ្លួន រួមទាំងវិស័យការពារព្រំដែន និង ឧស្សាហ កម្ម សព្វាវុធ ជាមួយនឹងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ហើយថែមទាំងបានបង្ហាញនូវនាវាផ្ទុកយន្តហោះ ដែលផលិតក្នុង ស្រុកដំបូងរបស់ខ្លួនកាលពីឆ្នាំមុនទៀតផង។

ទោះយ៉ាងណា ឥណ្ឌានៅតែពឹងផ្អែកលើដៃគូផ្គត់ផ្គង់អាវុធយូរ អង្វែងដ៏ធំរបស់ខ្លួនគឺរុស្ស៊ី និងអ្នកលក់អាវុធផ្សេងទៀតរួមមាន អាមេរិក បារាំង និងអ៊ីស្រាអែលជាដើម។

លោកស្រី Sitharaman បានប្រាប់សភាថា រដ្ឋាភិបាល បានប្តេជ្ញា ចិត្តក្នុងការលើកកម្ពស់ការពឹងផ្អែកបរិក្ខារយោធារបស់ខ្លួនឯង។ លោកស្រីគូសបញ្ជាក់បន្ថែមថា លទ្ធកម្មក្នុងស្រុកនឹងកើនឡើងពី ១០ ដល់ ៦៨ ភាគរយ។

ចំណែកលោក Laxman Behera អ្នកជំនាញផ្នែកការពារជាតិ នៅសាកលវិទ្យាល័យឥណ្ឌា Jawaharlal Nehru បានថ្លែង ប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា ការដំឡើងថវិកាលើវិស័យ ការពារជាតិគឺសមហេតុផល។ ប៉ុន្តែមិនគ្រប់គ្រាន់ទេ បើពិចារណា លើតម្រូវការសម្រាប់ទំនើបកម្មយោធា ក្នុងបរិបទដែលភាព តាន តឹងតាមព្រំដែនជាមួយចិនកើនឡើង។

គួររំឭកផងដែរថា ទោះបីជាដើរក្រោយចិនក្នុងវិស័យការពារជាតិក្ដី ក៏ឥណ្ឌាត្រូវបានគេមើលឃើញថា ហាក់មានឥទ្ធិពលកាន់តែខ្លាំង ក្រោមកិច្ចខិតខំប្រឹងប្រែងផ្សេងៗជាមួយក្រុមពហុភាគី ដូចជាក្រុម ប្រទេសភាពជាដៃគូសន្តិសុខចតុភាគី (QUAD) ដែលមាន ឥណ្ឌា អាមេរិក អូស្រ្តាលី និងជប៉ុន ជាសមាជិក ជាដើម៕
ដោយ៖ហួន ឌីណា

ads banner