លោក ពូទីន ព្រមានលោកខាងលិច ជុំវិញការផ្គត់ផ្គង់សព្វាវុធទៅឱ្យអ៊ុយក្រែនបន្ថែមទៀត

មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានប្តេជ្ញាឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ចំពោះប្រទេសណាមួយដែលគំរាមកំហែងរុស្ស៊ី ហើយថែមទាំងបានរិះគន់អាល្លឺម៉ង់ចំពោះការសន្យាផ្គត់ផ្គង់រថក្រោះប្រយុទ្ធដល់អ៊ុយក្រែនផងដែរ។

នៅទីក្រុងVolgograd ភាគខាងត្បូងនៃប្រទេសរុស្ស៊ី លោក ពូទីន បាននិយាយថា វាមិនគួរឱ្យជឿ ប៉ុន្តែជាការពិត។ យើងកំពុងត្រូវបានគំរាមកំហែងសាជាថ្មីម្តងទៀតដោយរថក្រោះខ្លារខិន Leopard របស់អាល្លឺម៉ង់។

លោក ពូទីន បានថ្លែងបែបនេះនៅក្នុងពិធីរំលឹកដល់ជ័យជម្នះរបស់កងទ័ពក្រហមប្រឆាំងនឹងកងទ័ពណាស៊ីកាលពី ៨០ឆ្នាំមុននៅទីក្រុងStalingrad ជាក្រុងដែលត្រូវបានគេស្គាល់នៅពេលនោះ។

ជាមួយគ្នានេះ លោក ពូទីន បានបន្ថែមថា យើងមានអ្វីមួយត្រូវឆ្លើយតប… សង្រ្គាមសម័យទំនើបជាមួយរុស្ស៊ីនឹងខុសគ្នាទាំងស្រុង។
ការគំរាមរបស់លោក ពូទីន ខាងលើនេះកើតមានឡើង បន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ក៏បានព្រមានដែរថា វិមានក្រឹមឡាំងកំពុងពង្រឹងកងកម្លាំងរបស់ខ្លួនសម្រាប់ការវាយលុកថ្មី។

លោក ហ្សេលេនស្គី កំពុងនិយាយនៅក្នុងទីក្រុងកៀវ ក្បែរប្រធានសហភាពអឺរ៉ុប លោកស្រី យូស៊ូឡា វ៉ុន ដឺ ឡេយែន ដែលបាននិយាយថា ប្លុកនេះកំពុងសម្លឹងមើលការបញ្ចប់ការដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងរុស្ស៊ីនៅត្រឹមថ្ងៃទី២៤ ខែកុម្ភៈខាងមុខ ពោលគឺមួយឆ្នាំបន្ទាប់ពីលោក ពូទីន បានបញ្ជាឱ្យកងទ័ពរុស្ស៊ីលុកលុយអ៊ុយក្រែន៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner