ប្រធានាធិបតីអាល្លឺម៉ង់ នឹងអញ្ជើញបំពេញទស្សនកិច្ចនៅកម្ពុជាពីថ្ងៃទី១៤-១៦ ខែកុម្ភៈ

ភ្នំពេញ: ប្រសិនជាពុំមានអ្វីប្រែប្រួលទេឯកឧត្តម ហ្វ្រាំង វ៉ាល់ធ័រ ឆ្តែនម៉ៃយ័រ ( H.E.Mr.Frank-Walter Steinmeier )ប្រធានាធិបតីសាធារណរដ្ឋសហព័ន្ធ អាល្លឺម៉ង់ នឹងអញ្ជើញបំពេញទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី១៤ ដល់ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម អាន សុខខឿន អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ថ្លែងប្រាប់ AMS នៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣។

ឯកឧត្តម ហ្វ្រាំង វ៉ាល់ធ័រ ឆ្តែនម៉ៃយ័រ ( H.E.Mr.Frank-Walter Steinmeier )ប្រធានាធិបតីសាធារណរដ្ឋសហព័ន្ធ អាល្លឺម៉ង់់(រូបថតឯកសារ)

តាមកម្មវិធីដែលបានគ្រោងទុកក្នុងឱកាសស្នាក់នៅ និងបំពេញទស្សនកិច្ចនៅកម្ពុជាឯកឧត្តមប្រធានាធិបតីនិងប្រតិភូនឹងអញ្ជើញសម្ដែងការគួរសមជាមួយ សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា។ប្រតិភូនឹងអញ្ជើញ​​ដាក់កម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យនិងពិធីដាក់កម្រងផ្កាគ្រប់វិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុ។ ឯកឧត្តមប្រធានាធិបតីក៏នឹងមានកិច្ចប្រជុំជាមួយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ប្រតិភូជាន់ខ្ពស់នឹងអញ្ជើញចូលរួមក្នុងពិធីលៀងសាយភោជន៍ដែលរៀបចំដោយ សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា។

ប្រភពដដែលបញ្ជាក់ថាគណៈប្រតិភូជាន់ខ្ពស់នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ក៏នឹងអញ្ជើញទស្សនាសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងនិងទស្សនាស្ថានទូតអាល្លឺម៉ង់ប្រចាំកម្ពុជាផងដែរ។ទន្ទឹមនេះនឹងអញ្ជើញទៅទស្សនកិច្ចខេត្តសៀមរាប ទស្សនាប្រាសាទអង្គរវត្ត ព្រមទាំងតំបន់ប្រវត្តិសាស្ត្រ និងទីតាំងសំខាន់ៗផ្សេងៗទៀត៕

ដោយ៖ពលជ័យ

ads banner