កិច្ចពិភាក្សា «ស្មោះត្រង់» ស្តីពីមីយ៉ាន់ម៉ា គ្របដណ្តប់កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅឥណ្ឌូនេស៊ី

ហ្សាកាតា៖ ជម្លោះក្នុងប្រទេសមីយ៉ាន់ម៉ា បានគ្របដណ្ដប់លើកិច្ចប្រជុំលើកដំបូងរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃសុក្រ ដោយអ្នកការទូតកំពូលរបស់ប្រទេសឥណ្ឌូនេស៊ីបាននិយាយថា រដ្ឋជាសមាជិកមានការពិភាក្សា «ដោយស្មោះត្រង់» លើបញ្ហានេះ។

រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី ដែលជាប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ឆ្នាំនេះ លោកស្រី Retno Marsudi បាននិយាយថា ប្លុកនេះកំពុងជំរុញឱ្យមានកិច្ចសន្ទនាបញ្ចូលគ្នារវាងភាគីពាក់ព័ន្ធទាំងអស់ក្នុងប្រទេសមីយ៉ាន់ម៉ា ដោយអាស៊ានពិភាក្សាអំពីបញ្ហានេះដោយស្មោះត្រង់ នៅថ្ងៃសុក្រ។

លោកស្រី Retno Marsudi បាននិយាយថា មេដឹកនាំរបបយោធាមីយ៉ាន់ម៉ាត្រូវបានហាមឃាត់មិនឱ្យចូលរួម។ លោកស្រីបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា “កិច្ចប្រជុំនេះគឺត្រូវបានឧទ្ទិសដើម្បីពិភាក្សាអំពីបញ្ហាមីយ៉ាន់ម៉ាក្នុងលក្ខណៈបើកចំហ ស៊ីជម្រៅ និងស្មោះត្រង់ក្នុងលក្ខណៈគ្រួសារតែមួយ”។

ចាប់តាំងពីការដណ្តើមអំណាចនៅក្នុងរដ្ឋប្រហារថ្ងៃទី១ ខែកុម្ភៈ ពីរឆ្នាំមុន របបយោធាមីយ៉ាន់ម៉ាបានធ្វើឱ្យប្រទេសនេះធ្លាក់ក្នុងភាពវឹកវរ និងអំពើហិង្សា ហើយបានបរាជ័យក្នុងការអនុវត្តផែនការសន្តិភាពអាស៊ាន ដែលរួមមានការបញ្ចប់ជម្លោះ និងការចាប់ផ្តើមការសន្ទនា៕ ប្រភពពី AFP , ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner