សម្តេច ប៉ាប ជំរុញមេដឹកនាំ ស៊ូដង់ ឲ្យចាប់ផ្តើមថ្មី ដើម្បីសន្តិភាព

ជូបា៖ សម្តេចប៉ាប ហ្វ្រង់ស័រ (Francis) កាលពីថ្ងៃសុក្រ បានជំរុញឱ្យមេដឹកនាំនៃប្រទេសស៊ូដង់ខាងត្បូងបង្កើត “ការចាប់ផ្តើមថ្មី” សម្រាប់សន្តិភាព ដោយព្រមានថា «ប្រវត្តិសាស្ត្រនឹងចងចាំពួកគេដោយផ្អែកលើសកម្មភាពរបស់ពួកគេ»។

ខណៈដែលព្រះអង្គបានចាប់ផ្តើមព្រះរាជដំណើរទស្សនកិច្ច រយៈពេលបីថ្ងៃ ទៅកាន់ប្រទេសស៊ូដង់ខាងត្បូង ដែលរងអំពើហិង្សានោះ សម្តេចប៉ាប ហ្វ្រង់ស័រ ព្រះជន្ម ៨៦ព្រះវស្សា បានមានព្រះបន្ទូល នៅឯវិមានប្រធានាធិបតីក្នុងទីក្រុង ជូបា (Juba) ដោយអំពាវនាវឱ្យមានការខិតខំប្រឹងប្រែងកាន់តែខ្លាំងឡើងដើម្បីបញ្ចប់ជម្លោះនៅក្នុងប្រទេសថ្មីបំផុតរបស់ពិភពលោកមួយនេះ ហើយព្រះអង្គ ថា “ដំណើរការនៃសន្តិភាពនិងការផ្សះផ្សា ទាមទារឱ្យមានការចាប់ផ្តើមថ្មីមួយ” ។

“មនុស្សជំនាន់ក្រោយនឹងគោរពឈ្មោះរបស់អ្នក ឬលុបចោលការចងចាំរបស់ពួកគេ ដោយផ្អែកលើអ្វីដែលអ្នកធ្វើឥឡូវនេះ” នេះជាអ្វីដែលសម្តេចប៉ាប Francis បានប្រាប់បន្ថែម អំឡុងកម្មវិធីដែលក៏មានវត្តមានប្រធានាធិបតីស៊ូដង់ខាងត្បូង លោក សាល់វ៉ា កៀរ ( Salva Kiir) និង គូប្រជែងដ៏មានឥទ្ធិពល គឺលោក ម៉ាឆ្មា (Machar) ក៏ដូចជា អ្នកការទូត មេដឹកនាំសាសនា និងមន្ត្រីជាន់ខ្ពស់សំខាន់ៗជាច្រើនទៀត។

ចាប់តាំងពីស៊ូដង់ខាងត្បូងបានប្រកាសឯករាជ្យពីស៊ូដង់ក្នុងឆ្នាំ ២០១១ សន្តិភាពបានចេញផុតពីប្រទេសក្រីក្រមួយនេះ ដោយមានសង្គ្រាមស៊ីវិលរយៈពេល ៥ ឆ្នាំរវាងកងកម្លាំងដែលស្មោះត្រង់នឹងលោក Kiir និង លោក Machar បានធ្វើឱ្យមនុស្ស ៣៨ម៉ឺននាក់ស្លាប់ និង ៤លាននាក់ផ្លាស់ទីលំនៅ៕ ប្រភពពី AFP ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner