ឆ្នាំ២០២២ គយនិងរដ្ឋាករ រកចំណូលបានជាង ២ ៦០០ លានដុល្លារ
ភ្នំពេញ៖យោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានបង្ហាញថា នៅឆ្នាំ២០២២កន្លងទៅ ស្ថាប័ននេះ រកចំណូលបានចំនួន ១០ ៩៩៨,៩ ប៊ីលានរៀល ដែលស្មើនឹងប្រមាណ ២ ៦៩០,៥ លាន ដុល្លារ អាមេរិក កើនឡើងប្រមាណ ១៨,៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២១។
នៅក្នុងកិច្ចប្រជុំដោយផ្ទាល់និងតាមរយៈប្រព័ន្ធវីដេអូ ដើម្បីបូកសរុប លទ្ធផល ការងារគយនិងរដ្ឋាករប្រចាំឆ្នាំ២០២២ នៅសណ្ឋាគារសង្គហមិត្ត ខេត្តកែប កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករ កម្ពុជា ឯកឧត្តមបណ្ឌិត គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា(អ.គ.រ )បានឱ្យដឹងថា លទ្ធផលនេះគឺសម្រេចបាន ១០៤,៩ ភាគរយ នៃផែនការដែលកំណត់ដោយច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការ គ្រប់ គ្រងឆ្នាំ២០២២ ហើយរាជរដ្ឋាភិបាលបានកោតសរសើរ ចំពោះលទ្ធផល ដែល អ.គ.រ សម្រេចបាននេះ។
ឯកឧត្តមបានបញ្ជាក់ថា៖« សម្តេចតេជោបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំ ប្រឹង ប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីគយនិងរដ្ឋាករគ្រប់ជាន់ថ្នាក់ក្នុង ការ សម្រេច បាននូវលទ្ធផលល្អប្រសើរលើគ្រប់ការដ្ឋានការងារ ទោះបីជាជួប ប្រទះនូវបញ្ហាប្រឈមនានាមួយចំនួន ដូចជា ការបន្តនៅមានវត្តមាន នៃ ជំងឺកូវីដ-១៩ សង្គ្រាមរុស្សី-អ៊ុយក្រែន ភាពតានតឹងនៃភូមិសាស្ត្រនយោបាយ ជាដើម ក៏ដោយ»។
បើគិតតាមប្រភេទពន្ធនិងអាករ ឃើញថា អាករលើតម្លៃបន្ថែមមានចំនួន ៤ ១៦៩,៨ ប៊ីលានរៀល (ត្រូវជា ៣៧,៩ភាគរយនៃចំណូលសរុប), អាករ ពិសេស មានចំនួន ៤ ១៥១,៦ ប៊ីលានរៀល (ត្រូវជា ៣៧,៧ភាគរយ នៃ ចំណូលសរុប) ពន្ធគយមានចំនួន ២ ០៨៧ ប៊ីលានរៀល (ត្រូវជា ១៩ ភាគរយ នៃចំណូលសរុប), អាករបន្ថែមលើផលិតផលប្រេងឥន្ធនៈមានចំនួន ៣៦៧,២ ប៊ីលានរៀល (ត្រូវជា ៣,៣ភាគរយ នៃចំណូលសរុប), និងអាករ នាំចេញនិងកម្រៃផ្សេងៗមានចំនួន ២២៣,៤ ប៊ីលានរៀល (ត្រូវជា ២,១ ភាគរយ នៃចំណូលសរុប)។
ចំពោះចំណូលតាមក្រុមទំនិញឃើញថា យានយន្តនិងគ្រឿងចក្រមានចំនួន ៥ ០៧៨,៧ ប៊ីលានរៀល (ត្រូវជា ៤៦,២ភាគរយ នៃចំណូលសរុប), ទំនិញ ចម្រុះមានចំនួន ៣ ០៣២,៦ ប៊ីលានរៀល (ត្រូវជា ២៧,៦ភាគរយ នៃ ចំណូលសរុប),ផលិតផលតេលសិលាមានចំនួន ២ ២៣៨ ប៊ីលានរៀល (ត្រូវជា ២០,៣ភាគរយ នៃចំណូលសរុប), និងសម្ភារសំណង់និង កម្រៃ ផ្សេងៗមានចំនួន ៦៤៩,៥ ប៊ីលានរៀល (ត្រូវជា ៥,៩ភាគរយ នៃចំណូល សរុប)។
ទំហំពាណិជ្ជកម្មនាំចូលមានចំនួន ២៥ ៤៦០,៤ លានដុល្លារកើនឡើង ប្រមាណ ១១,៩ភាគរយ ធៀបនឹងឆ្នាំ២០២១ ដែលក្នុងនោះទំនិញ នាំចូលសំខាន់ៗមានជាអាទិ៍ យានយន្តនិងគ្រឿងចក្រ ផលិតផលតេល សិលា វត្ថុធាតុដើមនិងគ្រឿងម៉ាស៊ីនបម្រើដល់គម្រោងវិនិយោគ គ្រឿងសំណង់ គ្រឿងឧបភោគ-បរិភោគ និងទំនិញចម្រុះផ្សេងទៀត។
ដោយឡែក ចំពោះទំហំពាណិជ្ជកម្មនាំចេញមានចំនួន ២២ ៤៤៧,២ លានដុល្លារ កើនឡើង ១៦,៧ភាគរយ ធៀបនឹងឆ្នាំ២០២១ ដែលក្នុងនោះ ផលិតផលកាត់ដេរមានកំណើន ១៤,១ភាគរយ, ផលិតផលវិនិយោគមិន មែន កាត់ដេរ (ដូចជា គ្រឿងបំណែកអេឡិចត្រូនិក បង្គុំខ្សែភ្លើង កង់ ផលិត ផលពីឈើ ផលិតផលប្លាស្ទិច គ្រឿងបន្លាស់រថយន្ត និងផលិតផល ឧស្សាហកម្ម ផ្សេងៗទៀត) មានកំណើន ២៦,២ភាគរយ, និងកសិផល មានកំណើន ៦,៦ភាគរយ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានផ្តល់អនុសាសន៍ថា ដើម្បីបង្កើន ប្រសិទ្ធភាព ក្នុងការអនុវត្តការងារក្នុងពេលខាងមុខ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ត្រូវបន្តខិតខំប្រឹងប្រែងប្រមូលចំណូលឱ្យបានអស់ សក្ដានុពល និងពិនិត្យឡើងវិញនូវគោលនយោបាយនិងធ្វើវិចារណកម្ម ពន្ធនិងអាករដើម្បីជួយគាំទ្រដល់វិស័យផលិតកម្មក្នុងស្រុក និង ទំនិញ ចាំបាច់បម្រើដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
ឯកឧត្តមបណ្ឌិតបានបន្ថែមថា អ.គ.រ ត្រូវពង្រឹងប្រសិទ្ធភាពការងារ បច្ចេកទេស គយ, ពង្រឹងអនុលោមភាពនៃការដាក់ពន្ធនិងអាករជាបន្ទុករដ្ឋ, អនុវត្តឱ្យមានប្រសិទ្ធភាពនូវវិធានការដាក់ទោសទណ្ឌចំពោះបុគ្គលដែលប្រព្រឹត្តបទល្មើស, ពង្រឹងប្រសិទ្ធភាពការងារបង្ការនិងបង្ក្រាបអំពើរត់គេច ពន្ធ និង បន្លំពន្ធ តាមរយៈការពង្រឹងការគ្រប់គ្រងដើមទី កណ្ដាលទី និងចុងទី ទន្ទឹមនឹងការពង្រឹងការអនុវត្តការងារសវនកម្ម ពង្រឹងការគ្រប់គ្រងការ ធ្វើ ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (e-Commerce) ពិសេសទំនិញដែល មាន លក្ខណៈជាបញ្ញើប្រៃសណីយ៍។
ឯកឧត្តមបណ្ឌិតបានបញ្ជាក់ទៀតថា៖«ត្រូវពិនិត្យឡើងវិញការធ្វើវិមជ្ឈការដល់អង្គភាពក្រោមឱវាទ ធ្វើទំនើបកម្មនិងពង្រីកវិសាលភាពប្រព័ន្ធបច្ចេក វិទ្យាព័ត៌មាន បន្តលើកកម្ពស់ប្រសិទ្ធភាពកិច្ចសហប្រតិបត្តិការជាមួយ ក្រសួង-ស្ថាប័ន និងផ្នែកឯកជន ពិនិត្យលទ្ធភាពធ្វើវិសោធនកម្ម ច្បាប់ស្ដីពី គយ ចូលរួមអនុវត្តគោលនយោបាយនិងវិធានការនានារបស់រាជរដ្ឋាភិបាល និងបន្តរៀបចំអភិវឌ្ឍស្ថាប័ននិងហេដ្ឋារចនាសម្ព័ន្ធដោយឈរលើទស្សនៈវិស័យវែងឆ្ងាយ»៕
ដោយ៖វណ្ណ សុជាតា