រដ្ឋមន្ត្រីការពារជាតិឥណ្ឌា ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត គឺជាថ្នាក់ដឹកនាំវ័យក្មេងប្រកបដោយថាមភាពមួយរូប ដែលមានសារៈសំខាន់សម្រាប់អនាគតរបស់កម្ពុជា

ភ្នំពេញ៖ រដ្ឋមន្ត្រីការពារជាតិនៃសាធារណរដ្ឋឥណ្ឌា ឯកឧត្តម រចនា ស៊ីង (Rajnath Singh) បានកោតសរសើរឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ថាជាថ្នាក់ដឹកនាំវ័យក្មេងប្រកបដោយថាមភាពមួយរូបនិងមានសារៈសំខាន់សម្រាប់ប្រទេសកម្ពុជា។លោកក៏​បានកត់សម្គាល់ផងដែរអំពីកំណើនសេដ្ឋកិច្ចដ៏ឆាប់រហ័សរបស់កម្ពុជា ។ឯកឧត្តមបាន​មាន​ប្រសាសន៍បែបនេះនៅក្នុងជំនួបជាមួយឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធ​ពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកកាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ ខណៈដែលឯកឧត្តមអញ្ជើញបំពេញ​ទស្សនកិច្ចផ្លូវការនៅរដ្ឋធានីញូវដែលី សាធារណរដ្ឋឥណ្ឌា។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធ​ពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកក្នុងឱកាសអញ្ជើញជួបរដ្ឋមន្ត្រីការពារជាតិនៃសាធារណរដ្ឋឥណ្ឌា ឯកឧត្តម រចនា ស៊ីងកាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣

មន្រ្តីក្រុមការងារបានប្រាប់ឱ្យដឹងថា នៅក្នុងជំនួបខាងលើនេះ ឯកឧត្តម រចនា ស៊ីង បានសម្តែងនូវក្តីរីករាយដែលបាន​ជួបសំណេះសំណាលជាមួយនឹង ឯកឧត្តម ហ៊ុន ម៉ាណែត ជាថ្មីម្តងទៀត បន្ទាប់ពីជំនួបនៅក្នុងប្រទេសកម្ពុជាកាល​ពីខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅ នាឱកាសនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូកលើកទី៩ ។ ឯកឧត្តម រដ្ឋមន្ត្រី បានបង្ហាញទស្សនៈថា ឯកឧត្តម ហ៊ុន ម៉ាណែត គឺជាថ្នាក់ដឹកនាំវ័យក្មេងប្រកប​ដោយថាមភាពមួយរូប ដែលមាន​សារៈសំខាន់សម្រាប់អនាគតរបស់ប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីការពារជាតិឥណ្ឌា ក៏បានកត់សម្គាល់ផងដែរ​អំពីកំណើនសេដ្ឋកិច្ចដ៏ឆាប់រហ័សរបស់កម្ពុជា ព្រមជាមួយនឹងការកោតសរសើរអំពីជោគជ័យរបស់កម្ពុជាក្នុងយុទ្ធនាការ​ប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូកងទ័ពជើងគោកនៃកងយោធពលខេមរ​ភូមិន្ទនាឱកាសនេះ ដែលពិតជាបានបង្ហាញអំពី​ចំណង​មិត្តភាពជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការល្អរវាង​ប្រទេសទាំងពីរ ជាពិសេសស្របពេលដែល កម្ពុជា-ឥណ្ឌា បានប្រារព្ធខួបលើកទី៧០ នៃចំណងការទូតផ្លូវការ ដោយមានការប្តេជ្ញាចិត្តរួមក្នុងការជំរុញឱ្យទំនាក់ទំនងទ្វេភាគីបានឈានឡើងដល់កម្រិតខ្ពស់ឡើងបន្ថែមទៀត ជាពិសេសនៅក្នុងវិស័យវប្បធម៌, ការអភិវឌ្ឍធនធានមនុស្ស, ការតភ្ជាប់ផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងវិស័យយោធា។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធ​ពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកក្នុងឱកាសអញ្ជើញជួបរដ្ឋមន្ត្រីការពារជាតិនៃសាធារណរដ្ឋឥណ្ឌា ឯកឧត្តម រចនា ស៊ីងកាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣

ប្រភពដដែលបន្តថា ក្នុងឱកាសនេះដែរឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានជម្រាប​ជូន ឯកឧត្តម រចនា ស៊ីង នូវការ​ផ្តាំ​ផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ រួមជាមួយនឹង​ការចូលរួមអបអរសាទរចំពោះការប្រារព្ធទិវាសាធារណរដ្ឋខួបលើកទី៧៤ (74th Republic Day) របស់​សាធារណរដ្ឋឥណ្ឌា កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ នាពេលថ្មីៗនេះ។

ឯកឧត្តមក៏បានជម្រាបជូន ឯកឧត្តម រដ្ឋមន្ត្រីការពារជាតិឥណ្ឌា អំពីលទ្ធផល និងទិសដៅសហប្រតិបត្តិការមួយ​ចំនួន​ដែលគ្រោងនឹងលើកឡើងពិភាក្សាជាមួយនឹងមេបញ្ជាការកងទ័ពជើងគោកឥណ្ឌា ជាពិសេសគម្រោងនៃការចុះហត្ថលេខា​លើឯកសារលក្ខខណ្ឌស្តីពីកិច្ចសហប្រតិបត្តិការ (TOR) រវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ ដែលជាជំហានថ្មីមួយ​ទៀត​ក្នុងការភ្ជាប់ទំនាក់ទំនងក្នុងកម្រិតកងទ័ពជើងគោក និងជាការ​បើកច្រកឱ្យមានកិច្ចសហប្រតិបត្តិការជាក់ស្តែង​រវាង​អង្គភាព និងអង្គភាពថ្នាក់យុទ្ធវិធី។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធ​ពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកក្នុងឱកាសអញ្ជើញជួបរដ្ឋមន្ត្រីការពារជាតិនៃសាធារណរដ្ឋឥណ្ឌា ឯកឧត្តម រចនា ស៊ីងកាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣

ពាក់ព័ន្ធនឹងការលើកឡើងនេះ ឯកឧត្តម រដ្ឋមន្ត្រី បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរួមរបស់កងទ័ពជើង​គោក​នៃប្រទេសទាំងពីរ ក្នុងបន្តថែរក្សា និងលើកកម្ពស់ទំនាក់ទំនង រហូតសម្រេចបាននូវសមិទ្ធផលផ្លែផ្កាជាច្រើនក្នុងរយៈកាល​កន្លងមកនេះ ព្រមជាមួយនឹងការគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់ប្រទេសឥណ្ឌាក្នុងការបន្តជួយឧបត្ថម្ភ​គាំទ្រដល់កង​យោធពលខេមរភូមិន្ទ ជាពិសេសលើការបណ្តុះបណ្តាលធនធានមនុស្ស សំដៅធ្វើយ៉ាងណាលើកកម្ពស់កិច្ចសហប្រតិបត្តិការ​យោធា​នៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងឈានឡើងពីមួយដំណាក់កាលទៅមួយដំណាក់កាល៕ ដោយ៖ ពល ជ័យ

ads banner