គ.ជ.ប សម្រេចឱ្យប្រើប្រាស់ប្រឡង់ដៃសន្តិសុខសម្រាប់សម្គាល់ភ្នាក់ងារសន្តិសុខបោះឆ្នោត

អត្ថបទដោយ៖
CPA

ភ្នំពេញ៖គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប ) បានសម្រេចឱ្យប្រើប្រាស់ប្រឡង់ដៃសន្តិសុខ សម្រាប់ សម្គាល់ភ្នាក់ងារសន្តិសុខបោះឆ្នោត ដែលមានភារកិច្ចការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់នៅតា មការិយាល័ យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សា ក្រុងដែលទើប ង្កើតថ្មី។
ប្រឡង់ដៃសន្តិសុខសន្តិសុខនេះសម្រាប់ប្រើប្រាស់ ក្នុងការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងអរិយក្សត្រ ក្រុងសំពៅពូននៃខេត្តកណ្តាល ក្រុងឧដុង្គម៉ែជ័យ ស្រុកសាមគ្គីមុនីជ័យ នៃខេត្តកំពង់ស្ពឺ និងស្រុកអូរគ្រៀងសែនជ័យ នៃខេត្តក្រចេះ ចាប់ពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣ រហូតដល់ចប់ភារកិច្ច។
សេចក្តីសម្រេចរបស់គ.ជ.បចុះថ្ងៃទី៣ខែកុម្ភៈនេះគូសបញ្ជាក់ថា៖«ភ្នាក់ងារសន្តិសុខបោះឆ្នោតដែលមានភារកិច្ចការពារសន្តិសុខ សុវត្ថិភាពនិងសណ្តាប់ធ្នាប់នៅតាមការិយាល័យបោះឆ្នោតនិងការិយាល័យរាប់សន្លឹកឆ្នោតចាំបាច់ត្រូវពាក់ ប្រឡង់ដៃសន្តិសុខនៅដើមដៃខាងឆ្វេងរបស់ខ្លួនដោយត្រូវបង្ហាញឱ្យឃើញច្បាស់នូវរូបសញ្ញា “គ.ជ.ប” និងអក្សរ “ភ្នាក់ងារសន្តិសុខបោះឆ្នោត»។
ប្រឡង់ដៃសន្តិសុខត្រូវបានផលិតពីក្រណាត់តេតារ៉ុងពណ៌ផ្ទៃមេឃ ហើយមានដេរលិនជាយដោយ អំបោះពណ៌ផ្ទៃមេឃ និងមានខ្នាតទ្រង់ទ្រាយដូចជា មានបណ្តោយប្រវែង ៥០ ស.ម និងទទឹងប្រវែង ១២ ស.ម មានរូបសញ្ញារបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មានរាងរង្វង់មូល ដែលនៅចំពីក្រោម រូបសញ្ញាមានអក្សរ គ.ជ.ប ពណ៌ស។ មានអក្សរ “ភ្នាក់ងារសន្តិសុខបោះឆ្នោត” និង “ឆ្នាំ២០២៣” ពណ៌ស ស្ថិតនៅកណ្តាលផ្ទៃនៃប្រឡង់ដៃ ប្រឡង់ដៃសន្តិសុខនីមួយៗ ត្រូវបានដេរភ្ជាប់ចុងម្ខាងទៅនឹងចុងម្ខាងទៀត មានសណ្ឋានជារាង បំពង់កាត់។

ប្រភពដដែលបន្តថា អគ្គលេខាធិការ គ.ជ.ប អគ្គនាយកនៃអគ្គនាយកដ្ឋាន ប្រធាននាយកដ្ឋាន ប្រធានអង្គភាពជំនាញ និង ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តក្រចេះ ត្រូវទទួលបន្ទុកអនុវត្ត សេចក្តីសម្រេចនេះឱ្យមានប្រសិទ្ធភាព ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។

យោងតាមអនុក្រឹត្យ ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ បានកំណត់ចំនួនសមាជិកក្រុមប្រឹក្សាក្រុង ស្រុក ដែលបំបែក និងបង្កើតថ្មី នៃខេត្តកណ្ដាល ខេត្តកំពង់ស្ពឺ និងខេត្តក្រចេះ សម្រាប់អាណត្តិទី១ ដែលចំនួនសមាជិកក្រុមប្រឹក្សា មានចន្លោះពី ១៥នាក់ទៅ១៩នាក់។
ក្នុងនោះ សម្រាប់ខេត្តកណ្ដាល ក្រុងអរិយក្សត្រ មានចំនួនសមាជិកក្រុមប្រឹក្សា ១៩នាក់ ក្រុងសំពៅពូន មានចំនួនសមាជិកក្រុមប្រឹក្សា ១៩នាក់។ ខេត្តកំពង់ស្ពឺ ក្រុងឧដុង្គម៉ែជ័យ មានចំនួនសមាជិកក្រុមប្រឹក្សា ១៧នាក់ ស្រុកសាមគ្គីមុនីជ័យ មានចំនួនសមាជិកក្រុមប្រឹក្សា ១៩នាក់ និងខេត្តក្រចេះ ស្រុកអូរគ្រៀងសែនជ័យ មានចំនួនសមាជិកក្រុមប្រឹក្សា ១៥នាក់៕
ដោយ៖ឡាយ សាមាន

ads banner