ខេត្តកំពង់ចាម បាននិងកំពុងជំរុញ នូវចលនា “ភូមិ១ ផលិតផល១” សំដៅបង្កើតការងារក្នុងមូលដ្ឋាន
កំពង់ចាម៖រដ្ឋបាលខេត្តកំពង់ចាម បាននិងកំពុងខិតខំស្រាវជ្រាវ ស្វែងរកផលិតផលដែលជាសក្តានុពល របស់ខេត្ត ដើម្បីជំរុញ នូវចលនា “ភូមិ១ ផលិតផល១” សំដៅបង្កើតការងារនៅមូលដ្ឋានផ្ទាល់ កាត់បន្ថយចំណាកស្រុក អភិវឌ្ឍនូវចំណេះដឹង និងបច្ចេកទេសដល់ប្រជាពលរដ្ឋ ខណៈខេត្តនេះវិស័យកសិកម្មបានរួមចំណែកក្នុងសេដ្ឋកិច្ច ខេត្តទាំងមូល ប្រមាណជាង ៤០ភាគរយ។
នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក” របស់រដ្ឋបាលខេត្តកំពង់ចាម កាលពីថ្ងៃទី៣ ខែកុម្ភៈនេះ អភិបាលខេត្តកំពង់ចាមឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងថា រដ្ឋបាលខេត្តកំពង់ចាម បានយកចិត្តទុកដាក់ខ្ពស់ ក្នុងការអភិវឌ្ឍឱ្យមានការរីចម្រើនលើគ្រប់វិស័យ ទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ សេដ្ឋកិច្ច សង្គមកិច្ច បរិស្ថាន និងសមិទ្ធផល ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តជាច្រើន ជាពិសេស គឺការលើកកម្ពស់កម្រិត ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ក្នុងនោះរដ្ឋបាលខេត្ត បានខិតខំស្រាវជ្រាវ ស្វែងរកផលិតផលដែល ជាសក្តានុពល របស់ខេត្ត ដើម្បីជំរុញ នូវចលនា “ភូមិ១ ផលិតផល១” សំដៅបង្កើតការងារនៅមូលដ្ឋានផ្ទាល់ កាត់បន្ថយចំណាកស្រុក អភិវឌ្ឍនូវចំណេះដឹង និងបច្ចេកទេសដល់ប្រជាពលរដ្ឋ លើកស្ទួយផលិតផលខ្មែរ ទាំងបរិមាណនិងគុណភាព ឆ្លើយតប ទៅនឹង តម្រូវការទីផ្សារ ព្រមទាំងអាចទាក់ទាញភ្ញៀវទេសចរផងដែរ»។
យោងរបាយការណ៍ស្តីពីភាពជោគជ័យក្នុងពេល ៥ឆ្នាំកន្លងមករបស់រដ្ឋបាលខេត្តកំពង់ចាម បានឱ្យដឹងថា សមិទ្ធផល សំខាន់ៗ ដែលខេត្តសម្រេចបានរួមមាន វិស័យគាំពារ វិស័យកសិកម្ម វិស័យសាធារណការ និងអភិវឌ្ឍន៍ជនបទ និងវិស័យទេសចរណ៍ជាដើម។
ប្រភពដដែលនេះបន្តថា វិស័យកសិកម្មបានរួមចំណែកក្នុងសេដ្ឋកិច្ចខេត្តទាំងមូល ប្រមាណជាង ៤០ភាគរយខណៈ រដ្ឋបាលខេត្ត បានខិតខំជំរុញនូវយន្តការអភិវឌ្ឍវិស័យកសិកម្មនេះ ដូចជា ការអប់រំ បណ្ដុះបណ្តាល បច្ចេកទេស ក្នុងការប្រើប្រាស់ជី ថ្នាំកសិកម្ម និងជំរុញនូវការប្រើប្រាស់ពូជប្រកបដោយគុណភាព ដល់ប្រជាកសិករ ក្នុងគោលដៅ បង្កើនទិន្នផល ធានាបាននូវសន្តិសុខស្បៀង លើកកម្ពស់ សេដ្ឋកិច្ចគ្រួសារ កាត់បន្ថយភាពក្រីក្រ។ ក្នុងនោះ ការអនុវត្តដំណាំស្រូវ ដំណាំកសិ-ឧស្សាហកម្ម ផលិតកម្មសត្វ និងដំណាំរួមផ្សំផ្សេងទៀតមានកំណើនគួរកត់សម្គាល់ ហើយខេត្តក៏បានយកចិត្ត ទុកដាក់ក្នុងការកសាងនូវប្រព័ន្ធធារាសាស្ត្រ ក្នុងន័យទ្រទ្រង់នូវការផ្គត់ផ្គង់ទឹកទូទាំង ខេត្តទាំងមូល ជាពិសេសក្នុងវិស័យកសិកម្ម ទប់ស្កាត់ហានិភ័យដែលបណ្ដាលមកពីគ្រោះធម្មជាតិ ទឹកជំនន់ ឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋផ្ទាល់។
ចំពោះ វិស័យគាំពារសង្គម រដ្ឋបាលខេត្ត បានអនុវត្តនូវគោលនយោបាយគាំពាសង្គម សំដៅជួយលើកកម្ពស់ កម្រិត ជីវភាពរបស់ប្រជាពលរដ្ឋ ដែលមានហានិភ័យខ្ពស់ សំដៅកាត់បន្ថភាពក្រីក្រឱ្យបានជា អតិបរិមា។ ក្នុងនោះអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ កម្មវិធីឧបត្ថម្ភ សាច់ប្រាក់ជូន គ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩ កម្មវិធីឧបត្ថម្ភសាច់ប្រាក់សម្រាប់ គ្រួសារដែលមាន អ្នកឆ្លង និងស្លាប់ ដោយជំងឺកូវីដ១៩ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូន គ្រួសារងាយរងហានិភ័យក្នុងអំឡុងពេល មានសម្ពាធ អតិផរណា និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរង ហានិភ័យ ដែលរងផលប៉ះពាល់ធ្ងន់ដោយទឹកជំនន់ផងដែរ។
វិស័យសាធារណការ និងអភិវឌ្ឍន៍ជនបទ ដោយមានការសហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូន និង មន្ទីរអភិវឌ្ឍន៍ជនបទ រដ្ឋបាលខេត្តបានសម្រេចបាននូវការស្ថាបនា និងជួសជុល ថែទាំទៅលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ទាំងនៅ ទីក្រុង និងជនបទ ។ ជាមួយគ្នានោះ ការផ្គត់ផ្គង់ថាមពល អគ្គិសនី ទឹកស្អាត និងអនាម័យជនបទ ក៏ត្រូវបានលើកកម្ពស់នៅតាមតំបន់ដាច់ស្រយ៉ាលផងដរ។
ចំណែក វិស័យទេសចរណ៍ ក្នុងរយៈពេល ៥ឆ្នាំកន្លងទៅ នៅទូទាំងខេត្ត កំពង់ចាម ទទួលបានភ្ញៀវមកទស្សនា កម្សាន្តសរុបចំនួន ២ ៥៥៧ ៨៩៥នាក់ ក្នុងនោះ ភ្ញៀវ ទេសចរជាតិចំនួន ២ ៥០៩ ៣២៩នាក់ និងភ្ញៀវអន្តរជាតិ ៤៨ ៥៧៥ នាក់។
សូមជម្រាបថា សក្ដានុពលសេដ្ឋកិច្ចរបស់ខេត្តកំពង់ចាមពឹងផ្អែកលើវិស័យសំខាន់ៗ ៣ គឺ វិស័យកសិកម្ម សេវាកម្ម និងវិស័យឧស្សាហកម្ម ដែលក្នុងនោះ ប្រជាពលរដ្ឋប្រកបរបរកសិកម្ម ជាចម្បងស្មើនឹង ៦៣,៩៣ភាគរយ, ឧស្សាហកម្ម និងសិប្បកម្ម ០,៦៩ភាគរយ និងរបរសេវាកម្ម ៣៥,៣៨ភាគរយ៕
ដោយ៖ឡាយ សាមាន