គ.ក.ស.ក ខេត្តសៀមរាប រៀបចំសិក្ខាសាលាដើម្បីប្រមូលធាតុចូលសម្រាប់ដោះស្រាយបញ្ហាស្រ្តី និងកុមារងាយរងគ្រោះ
សៀមរាប៖គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារ (គ.ក.ស.ក)ខេត្តសៀមរាប បានរៀបចំ សិក្ខាសាលាឆ្លុះបញ្ចាំងលទ្ធផលនៃការអនុវត្តផែនការសកម្មភាពឆ្នាំ២០២២ និងលើកទិសដៅអនុវត្តន៍បន្តឆ្នាំ២០២៣ ដើម្បីប្រមូលធាតុចូល សម្រាប់ការដោះស្រាយបញ្ហាដែលកើតមានលើស្រ្តី និងកុមារ នៅឆ្នាំបន្ទាប់។
សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងកាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ ២០២៣ ក្រោមអធិបតីភាពឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត លោកជំទាវ ស៊ិន ណម សមាជិកាក្រុមប្រឹក្សាខេត្ត និងជាប្រធាន គ.ក.ស.ក ខេត្ត និងលោកស្រី យូ សុភា អភិបាលរងខេត្ត និងជាអនុប្រធាន គ.ក.ស.កខេត្ត និងមានការអញ្ជើញ ចូលរួមពី សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត និងសមាជិក សមាជិកា គ.ក.ស.ក ខេត្ត គ.កស.ក ក្រុង ស្រុក គ.ក.ន.ក ឃុំ សង្កាត់ និងមន្ត្រីពាក់ព័ន្ធសរុបចំនួន ២៥៨នាក់។
លោកស្រី យូ សុភា អភិបាលរងខេត្ត និងជាអនុប្រធាន គ.ក.ស.ក ខេត្ត បានលើកឡើងក្នុងពិធីនេះថា ឆ្នាំ២០២២នេះ គឺជាឆ្នាំទី១០ ដែល គ.ក.ស.ក ខេត្ត បានរៀបចំសិក្ខាសាលាឆ្លុះបញ្ចាំងនេះឡើងក្នុងកា រឆ្លុះបញ្ចាំង លទ្ធផសម្រេចបាន, បញ្ហាប្រឈម និងដំណោះស្រាយនៃការអនុវត្តតួនាទីភារកិច្ចរបស់ គ.ក.ស.ក ខេត្ត និង បណ្តា វិស័យរបស់ខ្លួន ដែលបានធ្វើសកម្មភាពក្នុងការជំរុញគាំទ្រ និងដោះស្រាយបញ្ហាទាំងឡាយដែលកើតមានឡើងចំពោះស្រ្តី យុវជន កុមារ និងជនងាយរងគ្រោះក្នុងរយៈពេលពេញមួយឆ្នាំ២០២២កន្លងមក។
លោកស្រីបន្ថែមថា ម្យ៉ាងទៀត សិក្ខាសាលានេះ ក៏ជាការរកធាតុចូល ដើម្បីធ្វើការកែលម្អតម្រង់ទិសបន្ថែមដល់បណ្តា វិស័យរបស់ខ្លួន និងដើម្បីចូលរួមក្នុងកម្មវិធីពានរង្វាន់ផ្នែកសេវាសង្គមផងដែរ ឱ្យកាន់តែមានភាពល្អប្រសើរឡើ ងថែមទៀត។
លោកស្រីបញ្ជាក់ថា៖« ទោះបីជាបណ្តាវិស័យដែលពាក់ព័ន្ធនឹង គ.ក.ស.ក ខេត្ត បានចុះជំរុញ និងគាំទ្រដល់ គ.ក.ស.ក ក្រុង ស្រុក និង គ.ក.ន.ក ឃុំ សង្កាត់ ក៏ពិតមែន ប៉ុន្តែនៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ ដូច្នេះយើងទាំងអស់គ្នាបន្តខិតខំគាំទ្របន្ថែមទៀតដល់ គ.ក.ស.ក ក្រុង-ស្រុក និង គ.ក.ន.ក ឃុំ-សង្កាត់ ដើម្បីឱ្យការអនុវត្តតួនាទីនិងភារកិច្ចរបស់ខ្លួនបានស្របទៅតាមគោលនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា» និងស្របទៅតាមសៀវភៅនារីរតនៈរបស់ក្រសួងកិច្ចការនារីដែលបានដាក់ចេញ»។
លោកជំទាវ ស៊ិន ណម ប្រធាន គ.ក.ស.ក ខេត្ត បានផ្តាំផ្ញើដល់អង្គប្រជុំ ពិសេសសមាជិក សមាជិក គ.ក.ស.ក ខេត្តត្រូវដោះស្រាយរាល់បញ្ហាស្ត្រីនិងកុមារដែលបានដាក់ចេញក្នុងអង្គប្រជុំ និងផែនការ។ ជាមួយគ្នានេះលោកស្រី ក៏បានថ្លែងអំណរគុណចំពោះអង្គការដៃគូដែលតែងតែគាំទ្រសកម្មភាព ព្រមទាំងជួយដោះស្រាយបញ្ហានានាដែលកើត លើស្ត្រី កុមារនិងជនងាយរងគ្រោះផងដែរ។
គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារ បានឱ្យដឹងថា សិក្ខាសាលាអស់រយៈពេលមួយថ្ងៃនេះ បានឆ្លុះ បញ្ចាំងពីវឌ្ឍនភាពប្រកបដោយភាពម៉ឺងមាត់ និងម្ចាស់ការក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ គ.ក.ស.ក ខេត្ត ដើម្បីសម្របសម្រួល និងផ្តល់យោបល់ដល់ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ចាប់តាំងពីអាណត្តិទី១ រហូតដល់បច្ចុប្បន្ន ហើយសកម្មភាពទាំងនេះ ក៏បានរួមចំណែកក្នុងអនុវត្តគោលនយោបាយកំណែទម្រង់សំខាន់ៗ របស់រាជរដ្ឋាភិបាលកម្ពុជាមានជាអាទិ៍។ គោលនយោបាយកំណែទម្រង់សំខាន់ៗនោះរួមមាន កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងកំណែទម្រង់រដ្ឋបាលសាធារណៈ ព្រមទាំងបាន បង្កើតនូវយន្តការ និងនីតិវិធីនានា ដើម្បីធានាបញ្ហាស្ត្រី យុវជន កុមារ និងក្រុមជនងាយរងគ្រោះត្រូវបា នយក ចិត្តទុកដាក់ក្នុងកិច្ចដំណើរការ នៃការសម្រេចចិត្តរបស់ក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ៕
ដោយ៖ឡាយ សាមាន