លោក សួន សេរីរដ្ឋា៖ ការលើកឡើងរបស់លោក មាស នី គឺមិនបានថ្លឹងថ្លែងឱ្យគ្រប់ជ្រុងជ្រោយចំពោះស្ថានភាពនយោបាយបច្ចុប្បន្ននៅកម្ពុជាទេ

ភ្នំពេញ៖ អ្នកតាមដានព្រឹត្តិការណ៍នយោបាយកម្ពុជា បានហៅការការលើកឡើងរបស់លោក មាស នី អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គមថា នឹងមានការរារាំងការគំរាមកំហែង ដើម្បីបិទខ្ទប់លំហរសេរីភាពប្រជាធិបតេយ្យ នៅមុនការបោះឆ្នោត គឺជារឿងមួយដែលជាការចោទប្រកាន់មកលើបក្សកាន់អំណាចសុទ្ធសាធ ដែលយើងមើលឃើញថា លោក មាស នី គឺអត់បានប្រើខួរក្បាលជាបញ្ញវន្ត អត់បានប្រើតួនាទីជាអ្នកវិភាគ ដើម្បីធ្វើការនិយាយថ្លឹងថ្លែងឱ្យគ្រប់ជ្រុងជ្រោយចំពោះស្ថានភាពនយោបាយបច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជាទេ។

លោក សួន សេរីរដ្ឋា អ្នកតាមដានព្រឹត្តិការណ៍នយោបាយកម្ពុជាបានថ្លែងថា បើពិនិត្យមើលខ្លឹមសារទាំងមូលដែលលោក មាស នី បានលើកឡើងនៅក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily មិនដឹងថា គាត់ឈរលើទស្សនៈជាអ្នកវិភាគដែលគ្រប់ជ្រុងជ្រោយ ដែលមានលក្ខណៈជាអ្នកអព្យាក្រឹត្យ ដែលសមជាបញ្ញវន្តមានសញ្ញាបត្របណ្ឌិត ឬក៏គាត់ឈរជាអ្នកអត្ថាធិប្បាយដើម្បីគាំទ្រគណបក្សមួយដែលគាត់កំពុងតែគាំទ្រយ៉ាងផ្កាប់មុខនោះទេ ពីព្រោះការមើលឃើញរបស់លោក ខ្លឹមសារទាំងមូលនៃការលើកឡើងរបស់លោក មាស នី គឺគាត់មិនបានឈរនៅក្នុងទស្សនៈជាអ្នកវិភាគដែលគ្រប់ជ្រុងជ្រោយដែលមានជំហរ នៃការគិតប្រកបដោយវិជ្ជាជីវៈ អព្យាក្រឹត្យទេ ប៉ុន្តែគាត់កំពុងតែបង្ហាញខ្លួនបញ្ជាក់អំពីការបារម្ភរបស់គាត់ចំពោះគណបក្សមួយដែលគាត់កំពុងតែគាំទ្រផ្កាប់មុខ ហើយដែលគាត់កំពុងតែចង់ឱ្យគណបក្សមួយនោះ អ្នកនយោបាយនៅក្នុងក្រុមបក្សនោះ វិលត្រឡប់ចូលមកក្នុងឆាកនយោបាយវិញ ដើម្បីបង្កចលាចល បង្កភាពវឹកវរនៅក្នុងសង្គមនយោបាយនៃប្រទេសកម្ពុជា ដូចដែលមេដឹកនាំរត់ចោលស្រុករបស់ពួកគេចង់បានអ៊ីចឹង។

លោកបានបន្តថា អ្វីដែលជាការលើកឡើងរបស់លោក មាស នី គឺនិយាយមិនមែនជាការវិភាគទេ ក៏ប៉ុន្តែគឺជាការដាក់បន្ទុកចោទប្រកាន់មកលើរដ្ឋាភិបាលយ៉ាងច្បាស់ដែលថា ចាប់ពីពេលនេះតទៅរហូតដល់ការបោះឆ្នោតចុងខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ នឹងមានការគំរាមកំហែង បង្ក្រាបទៅលើក្រុមអ្នកប្រជាធិបតេយ្យដែលជាបក្សក្រៅរដ្ឋាភិបាលមិនខាន ដែលនេះគឺជាការចោទប្រកាន់វាមិនមែនជាការវិភាគទេ ពីព្រោះចរិតនៃការចោទប្រកាន់នេះ គឺដោយបន្ទុកមកលើអ្វីដែលគណបក្សកាន់អំណាចកំពុងតែព្យាយាមដឹកនាំការពារស្ថេរភាពនយោបាយ ការពារសន្តិភាពរបស់ប្រទេស និងដើម្បីធានាឱ្យមានការបោះឆ្នោតមួយដោយសេរី យុត្តិធម៌ និងត្រឹមត្រូវ។ ប៉ុន្តែបែរជាលោក មាស នី មើលអត់ឃើញទេ បែរជាចោទប្រកាន់ថា នឹងមានការគំរាមកំហែង បង្ក្រាបលើអ្នកប្រជាធិបតេយ្យ ដែលជាបក្សនៅក្រៅរដ្ឋាភិបាល។ សួរថា នៅក្នុងខួរក្បាលរបស់គាត់ (មាស នី) ដែលកំពុងគិតនោះ តើបក្សប្រជាធិបតេយ្យ បក្សដែលនៅក្រៅរដ្ឋាភិបាលមួយណា? គឺជាការដែលយើងត្រូវលើកឡើងយកមកញែកឱ្យល្អិតថា តើក្នុងខួរក្បាលបញ្ញវន្តរូបនេះ (មាស នី) កំពុងតែគិត ក្រុមអ្នកប្រជាធិបតេយ្យ ឬបក្សក្រៅរដ្ឋាភិបាលដែលគាត់កំពុងតែលើកយកមកបង្ហាញនៅពេលនេះបក្សមួយណា ក្រុមមួយណា?។

ជាការពិតនៅក្នុងប្រទេសមួយ ក្រៅពីគណបក្សដែលកកំពុងកាន់អំណាច បក្សនយោបាយផ្សេងទាំងអស់ដែលមិនមាននៅក្នុងរដ្ឋសភា និងមិនមាននៅក្នុងរដ្ឋាភិបាល គេហៅថាបក្សក្រៅរដ្ឋាភិបាល គឺជាក្រុមអ្នកប្រឆាំងទាំងអស់ ដោយមិនចាត់ចំណាត់ថ្នាក់ថា ទាល់តែបក្សខ្លួនគាំទ្របានជាក្រុមអ្នកប្រជាធិបតេយ្យ ទាល់តែបក្សខ្លួនគាំទ្របានហៅថាជាបក្សក្រៅរដ្ឋាភិបាលទេ។ ប៉ុន្តែបណ្ឌិតរូបនេះកំពុងតែបង្ហាញនៅគំនិតខួរក្បាលបញ្ញវន្តជាដង្កូវរបស់ពួកគាត់ ដែលកំពុងបង្ហាញថា គាត់គាំទ្រគណបក្សមួយដែលមានមេដឹកនាំកំពុងរត់ចោលស្រុក គាត់ចូលចិត្តគណបក្សមួយដែលចូលចិត្តប្រឌិតរឿងលាបពណ៌លើបក្សកាន់អំណាច គាត់គាំទ្រគណបក្សមួយដែលចូលចិត្តធ្វើល្មើសច្បាប់។ ដូច្នេះហើយបានជាគាត់លើកឡើងបន្តទៀតថា គណបក្សនយោបាយនៅក្រៅរដ្ឋាភិបាលមិនមានសកម្មភាពពេញលេញនៅក្នុងការធ្វើសកម្មភាពនយោបាយដូចគណបក្សកាន់អំណាចទេ។ ប៉ុន្តែបើយោងមើលការពិតជាក់ស្តែងគណបក្សក្រៅរដ្ឋាភិបាលមានច្រើនណាស់ ដែលគេកំពុងតែធ្វើសកម្មភាពស្របច្បាប់នៅក្នុងប្រទេសកម្ពុជា ថ្វីត្បិតតែមិនទាន់ដល់ពេលធ្វើយុទ្ធនាការឃោសនាបោះឆ្នោតរកសំឡេងឆ្នោតក៏ដោយ គឺគណបក្សទាំងអស់កំពុងតែចុះជួបសកម្មជនរបស់គេ កំពុងតែលើកស្លាកសញ្ញាគណបក្សនយោបាយរបស់គេ កំពុងតែឃោសនាដល់អ្នកបោះឆ្នោតឱ្យគាំទ្របក្សរបស់គេ។ គាត់មកចោទប្រកាន់ដោយលាបពណ៌មកលើគណបក្សកាន់អំណាចថា គំរាមកំហែងទៅលើកម្លាំងប្រជាធិបតេយ្យ បិទខ្ទប់លំហរសេរីភាពនយោបាយមុនការបោះឆ្នោត ដោយសារតែប្រើច្បាប់មកគំរាមកំហែងក្រុមអ្នកប្រជាធិបតេយ្យ។ សួរថា ច្បាប់បង្កើតមកក្នុងប្រទេសកម្ពុជា ឬនៅក្នុងប្រទេសដទៃទៀតលើពិភពលោក ច្បាប់កើតមកដើម្បីជាការគំរាមកំហែងឬយ៉ាងម៉េច? សូមយល់ឱ្យច្បាស់ពីនិយមន័យ និងការប្រតិបត្តិច្បាប់។ ច្បាប់បង្កើតមកមិនមែនសម្រាប់ការគំរាមកំហែងអ្នកណាម្នាក់ទេ តែច្បាប់បង្កើតឡើង គឺដើម្បីឱ្យមនុស្សគ្រប់គ្នាគោរព ជាពិសេសគឺអ្នកនយោបាយហ្នឹងហើយ ដែលត្រូវគោរពច្បាប់មុនគេ ពីអ្នកនយោបាយ គឺជាជនគំរូ ដែលទៅឈរឈ្មោះឱ្យប្រជាពលរដ្ឋបោះឆ្នោតជ្រើសរើសខ្លួនធ្វើជាអ្នកតំណាងរាស្ត្រ ឬក៏ធ្វើជាមេដឹកនាំ។ ដូច្នេះបើអ្នកនយោបាយមិនគោរពច្បាប់ ហើយធ្វើខុសច្បាប់ វាទៅជាមិនបានបង្ហាញគំរូ គឺវាទៅជាគម្រក់នយោបាយ។ បើទៅជាគម្រក់នយោបាយ វាមិនអាចទៅជាតំណាងដ៏ល្អរបស់ប្រជាពលរដ្ឋ នឹងក៏មិនអាចក្លាយទៅជាមេដឹកនាំដ៏ល្អរបស់ប្រទេសជាតិបានដែរ។

អ្នកតាមដានព្រឹត្តិការណ៍នយោបាយរូបនេះ បានបន្តទៀតថា ការលើកឡើងនឹងមានការរារាំង ការគំរាមកំហែងដើម្បីបិទខ្ទប់លំហរសេរីភាពប្រជាធិបតេយ្យ នៅមុនការបោះឆ្នោត នេះ គឺជារឿងមួយដែលជាការចោទប្រកាន់មកលើបក្សកាន់អំណាចសុទ្ធសាធ។ យើងមើលឃើញថា លោកបណ្ឌិតរូបនេះ (មាស នី) គឺអត់បានប្រើខួរក្បាលជាបញ្ញវន្ត អត់បានប្រើតួនាទីជាអ្នកវិភាគ ដើម្បីធ្វើការនិយាយថ្លឹងថ្លែងឱ្យគ្រប់ជ្រុងជ្រោយចំពោះស្ថានភាពនយោបាយបច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជាទេ។ គាត់អត់មើលឃើញសកម្មភាពគណបក្សនយោបាយដែលកំពុងតែសស្រោកសសស្រាំធ្វើសកម្មភាពនៅក្នុងប្រទេសកម្ពុជាយ៉ាងស្របច្បាប់ ហើយគេជួបសកម្មជនរបស់គេពេញទំហឹងដោយសេរីទេ។ ប៉ុន្តែគាត់បែរជាទៅមើលឃើញក្រុមបក្សមួយក្រុមដែលចូលចិត្តនិយាយប្រឌិតលាបពណ៌ហើយប្រព្រឹត្តរឿងល្មើសច្បាប់ចោទប្រកាន់មកលើគណបក្សកាន់អំណាច។ គាត់ចូលរួមគាំទ្រនូវគំនិតនយោបាយដ៏ខ្មៅកង្វក់របស់ក្រុមគណបក្សនយោបាយពួកនេះ។ ដូច្នេះអ្វីដែលជាការលើកឡើងរបស់លោក មាស នី វាគឺជាការដាក់បន្ទុកមកលើរដ្ឋាភិបាលលើគណបក្សកាន់អំណាច ហើយកំពុងតែជួយឃោសនានយោបាយរបស់ក្រុមអ្នកនយោបាយដែលកំពុងរត់ចោលស្រុកយកមកផ្សព្វផ្សាយដើម្បីឱ្យប្រជាពលរដ្ឋខ្មែរយល់ច្រឡំលើការរៀបចំការបោះឆ្នោតដែលរាជរដ្ឋាភិបាលបានកំណត់យកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីត្រៀមក្នុងការបោះឆ្នោតជាសកល ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧៕
ដោយ៖ពលជ័យ

ads banner