រដ្ឋមន្រ្តីការបរទេសឥណ្ឌា ជម្រាបឯកឧត្តម ហ៊ុន ម៉ាណែត ថា ឯកឧត្តមទន្ទឹងរង់ចាំដំណើរទស្សនកិច្ចនេះជាយូរមកហើយ

ភ្នំពេញ៖ ឯកឧត្តមរដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋឥណ្ឌា បង្ហាញនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជាមួយនឹងការបញ្ជាក់ថា ឯកឧត្តមបានទន្ទឹងរង់ចាំវត្តមាន នៃទស្សនកិច្ចរបស់ឯកឧត្តម ហ៊ុន ម៉ាណែត ជាយូរមកហើយ។ ទន្ទឹមនេះ ឯកឧត្តមក៏បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ការលើកឡើងទាំងនេះ ក្នុងឱកាសដែលឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញចូលជួប សម្តែងការគួរសមជាមួយនឹងឯកឧត្តម ក្នុងពេលដែលឯកឧត្តម ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋឥណ្ឌា។

មន្រ្តីក្រុមការងារបានឱ្យដឹងថា កាលពីរសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញចូលជួបសម្តែងការគួរសមជាមួយនឹងឯកឧត្តម ស៊ុប្រាម៉ានៀម ជែស្យាងការ (Subrahmanyam Jaishankar)រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋឥណ្ឌា ខណៈដែលឯកឧត្តមកំពុងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទបំពេញទស្សនកិច្ចផ្លូវការនៅរដ្ឋធានីញូវដែលី នៃសាធារណរដ្ឋឥណ្ឌា។

ក្នុងជំនួបនេះ ឯកឧត្តម ស៊ុប្រាម៉ានៀម ជែស្យាងការ បានបញ្ជាក់ជូនឯកឧត្តម ហ៊ុន ម៉ាណែត អំពីការទន្ទឹងរង់ចាំដំណើរទស្សនកិច្ចនេះជាយូរមកហើយ ដែលជាទស្សនកិច្ចផ្លូវការលើកដំបូងបង្អស់របស់មេបញ្ជាការកងទ័ពជើងគោកកម្ពុជា មកកាន់សាធារណរដ្ឋឥណ្ឌានិងបានកត់សម្គាល់ដោយការពេញចិត្តចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរព្រមជាមួយនឹងការគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់ប្រទេសឥណ្ឌាក្នុងការបន្តពង្រឹងនិងពង្រីកទំនាក់ទំនងជាមួយប្រទេសកម្ពុជា ដែលជាដៃគូដ៏ល្អរបស់ឥណ្ឌាទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ដើម្បីផលប្រយោជន៍ទៅវិញទៅមក ក៏ដូចជាដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់។

ជាការឆ្លើយតប ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះចំណងសាមគ្គីភាព មិត្តភាពការជឿទុកចិត្ត គ្នានិងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរកម្ពុជា-ឥណ្ឌា តាំងពីអតីតកាលរហូតមកដល់បច្ចុប្បន្ន។ ជាពិសេសក្នុងគ្រប់កាលៈទេសៈដែលកម្ពុជាជួបប្រទះការលំបាក និងដោយបានបញ្ជាក់ផងដែរអំពីការឯកភាពលើទិសដៅនៃការភ្ជាប់ទំនាក់ទំនងឱ្យបានច្រើនវិស័យបន្ថែមទៀតសម្រាប់ពេលខាងមុខ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ក៏បានយកឱកាសនេះ ថ្លែងអំណរគុណចំពោះប្រទេសឥណ្ឌា ដែលបានគាំទ្រភាពជាប្រធានអាស៊ានរបស់កម្ពុជាកាលពីឆ្នាំ២០២២ កន្លងទៅ រួមទាំងវិធានការនានាដែលកម្ពុជាបានខិតខំអនុវត្តដើម្បីចូលរួមចំណែកដោះស្រាយវិបត្តិនៅក្នុងប្រទេសមីយ៉ាន់ម៉ា៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកឯកឧត្តម ហ៊ុន ម៉ាណែត

ads banner