ប្រធានាធិបតីវេណេស៊ុយអេឡា និងប្រមុខការទូតអ៊ីរ៉ង់ពិភាក្សាអំពីការការពារប្រឆាំងនឹងសម្ពាធខាងក្រៅ
ការ៉ាកាស់៖ ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ និងរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ដែលកំពុងបំពេញទស្សនកិច្ច គឺលោក អូសិន អាមៀ អាប់ឌុលឡាហ៊ាន បានពិភាក្សាអំពីតម្រូវការសម្រាប់ការប្រុងប្រយ័ត្ន ក្នុងការការពារផលប្រយោជន៍ជាតិរបស់ប្រទេសទាំងពីរ ប្រឆាំងនឹងសម្ពាធពីខាងក្រៅ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយនៅថ្ងៃសៅរ៍ទី០៤ ខែកុម្ភៈ ឆ្នាំ២០២៣។
ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់មកកាន់ទីក្រុងការ៉ាកាស កាលពីថ្ងៃសុក្រសប្តាហ៍នេះ បានគូសបញ្ជាក់អំពីភាពរឹងមាំនៃសម្ព័ន្ធភាពរវាងប្រទេសទាំងពីរ ដែលត្រូវបានគេមើលឃើញថា បានរងសម្ពាធពីសហគមន៍អន្តរជាតិជាច្រើន ក្នុងនោះប្រទេសទាំងពីរក៏ស្ថិតនៅក្រោមទណ្ឌកម្មរបស់សហរដ្ឋអាមេរិកផងដែរ។
លោក ម៉ាឌូរ៉ូ បានបង្ហោះសារនៅលើបណ្តាញសង្គមធ្វីតធើថា ខ្ញុំប្រាកដថាទំនាក់ទំនងរបស់យើងនឹងបន្តពង្រឹង សម្រាប់ការផ្លាស់ប្តូរបច្ចេកវិទ្យា ឧស្សាហកម្ម វិទ្យាសាស្ត្រ និងវប្បធម៌ ដែលផ្តល់ផលប្រយោជន៍ដល់ប្រជាជនទាំងពីរ។
ចំណែកសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអ៊ីរ៉ង់បានបញ្ជាក់ថា កាលពីថ្ងៃសុក្រសប្តាហ៍នេះ ភាគីទាំងពីរបានសង្កត់ធ្ងន់លើការពង្រឹង និងការត្រួតពិនិត្យគម្រោង និងការពន្លឿនការអនុវត្តរបស់ពួកគេ ក៏ដូចជាការប្រុងប្រយ័ត្នក្នុងការការពារផលប្រយោជន៍ជាតិរបស់ពួកគេ ប្រឆាំងនឹងសម្ពាធពីខាងក្រៅ ។ ភាគីទាំងពីរក៏បានស្វាគមន៍ចំពោះការកើនឡើងនៃទំនាក់ទំនង និងការផ្លាស់ប្តូរទស្សនៈរវាងមន្ត្រីនៃប្រទេសទាំងពីរផងដែរ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ទីណា