លោក បៃដិន សាទរយោធាអាមេរិកដែលបានបាញ់ទម្លាក់បាឡុងចារកម្មរបស់ចិនដោយជោគជ័យ
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃសៅរ៍សប្តាហ៍នេះ បានអបអរសាទរអ្នកបើកយន្តហោះចម្បាំងសម្រាប់ការបាញ់ទម្លាក់បាឡុងចារកម្មចិន ចេញពីឆ្នេរសមុទ្រភាគខាងកើត បន្ទាប់ពីវាបានចំណាយពេលជាច្រើនថ្ងៃហោះហើរលើសហរដ្ឋអាមេរិក។
លោក បៃដិន បានប្រាប់អ្នកយកព័ត៌មាននៅរដ្ឋម៉ារីលែន ថា ពួកគេ (យោធា) បានបាញ់ទម្លាក់វាដោយជោគជ័យ។ ហើយខ្ញុំចង់សរសើរអ្នកអាកាសចរណ៍របស់យើងដែលបានធ្វើវា។ ទន្ទឹមគ្នា មន្ទីរបញ្ចកោណបានបញ្ជាក់ថា យន្តហោះចម្បាំងអាមេរិក នៅថ្ងៃសៅរ៍សប្តាហ៍នេះ បានធ្វើការបាញ់បាឡុងចារកម្មឱ្យធ្លាក់នៅក្នុងដែនទឹកសហរដ្ឋអាមេរិក បន្ទាប់ពីបានចំណាយពេលជាច្រើនថ្ងៃហោះហើរពីលើប្រទេសខ្លួន ដើម្បីជាការឆ្លើយតបទៅនឹងការបំពានដែលមិនអាចទទួលយកបានរបស់ចិន។
ជាមួយគ្នានេះ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡូយដ៍ អូស្ទីន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សកម្មភាពដោយចេតនា និងស្របច្បាប់នៅថ្ងៃនេះ បានបង្ហាញថា លោកប្រធានាធិបតី ចូ បៃដិន និងក្រុមសន្តិសុខជាតិរបស់គាត់ តែងតែដាក់សុវត្ថិភាព និងសន្តិសុខរបស់ប្រជាជនអាមេរិកជាអាទិភាពចម្បង។
គួរបញ្ជាក់ថា បាឡុងចិនត្រូវបានបាញ់ទម្លាក់ដោយមីស៊ីលមួយគ្រាប់ដែលបាញ់ចេញពីយន្ដហោះចម្បាំង F-22 ហើយបើតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក បាឡុងនេះហោះនៅរយៈកម្ពស់ ១៨,៣០០ម៉ែត្រ ខណៈប្រតិបត្តិការមួយបានធ្វើឡើងនៅក្នុងដែនទឹកនៃមហាសមុទ្រអាត្លង់ទិក ដើម្បីប្រមូលកម្ទេចកម្ទីនៃបាឡុងនេះ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ទីណា