មេបញ្ជាការកងទ័ពជើងគោកកម្ពុជា-ឥណ្ឌា ចុះហត្ថលេខាលើឯកសារលក្ខខណ្ឌស្តីពីកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ

អត្ថបទដោយ៖
ពលជ័យ

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក កាលពីរសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានជួបពិភាក្សាការងារទ្វេភាគីជាមួយនឹង ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ាណូច ប៉ាន់ដេ (Manoj Pande) មេបញ្ជាការកងទ័ពជើងគោក នៃសាធារណរដ្ឋឥណ្ឌា ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់គណៈប្រតិភូជាន់ខ្ពស់កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទនៅរដ្ឋធានីញូវដែលី សាធារណរដ្ឋឥណ្ឌា។

នាយឧត្តមសេនីយ៍ ម៉ាណូច ប៉ាន់ដេ បានសម្តែងការស្វាគមន៍ចំពោះការអញ្ជើញមកដល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នៅក្នុងប្រទេសឥណ្ឌា ដែលជាកិត្តិយស និងឱកាសដ៏ពិសេសសម្រាប់ការពិភាក្សាអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងកម្រិតកងទ័ពជើងគោក ស្របពេលដែលកម្ពុជា-ឥណ្ឌា កំពុងមានទំនាក់ទំនងល្អលើគ្រប់វិស័យ រួមទាំងវិស័យការពារជាតិ។

ជាការឆ្លើយតប ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការល្អជិតស្និទ្ធដែលមានកន្លងមករវាងកងទ័ពជើងគោកទាំងពីរ រួមជាមួយនឹងការអរគុណចំពោះភាគីមិត្តឥណ្ឌា ដែលតែងបានជួយដល់កងទ័ពជើងគោកកម្ពុជា ជាពិសេសលើការកសាងសមត្ថភាពតាមរយៈការផ្តល់វគ្គហ្វឹកហ្វឺនលើមុខជំនាញជាច្រើន។

ក្នុងឱកាសនៃជំនួបនេះ សមភាគីទាំងពីរ បានសម្រេចចុះហត្ថលេខាលើឯកសារលក្ខខណ្ឌស្តីពីកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ និងកងទ័ពជើងគោកនៃសាធារណរដ្ឋឥណ្ឌា ក្នុងគោលបំណងដើម្បីពង្រឹង និងពង្រីកចំណងមិត្តភាពឱ្យកាន់តែជិតស្និទ្ធ យូរអង្វែង និងប្រកបដោយទំនុកចិត្ត ហើយព្រឹត្តិការណ៍នេះ ក៏អាចត្រូវបានចាត់ទុកថាជាជំហានថ្មីមួយទៀតក្នុងការ ជំរុញសកម្មភាពកិច្ចសហប្រតិបត្តិការជាក់ស្តែងឱ្យកាន់តែសកម្មរស់រវើក ជាពិសេសតាមរយៈការបើកច្រកឱ្យមានទំនាក់ទំនងផ្ទាល់រវាងអង្គភាព និងអង្គភាពចំណុះកងទ័ពជើងគោកទាំងពីរ ដើម្បីឈានទៅសម្រេចបាននូវសមិទ្ធផលផ្លែផ្កាបន្ថែមទៀត៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកឯកឧត្តម ហ៊ុន ម៉ាណែត

ads banner